កម្ពុជាមានគោលដៅទេសចរណ៍ច្រើនទៀត ដែលចាំបាច់ត្រូវរួមគ្នាផ្សព្វផ្សាយបន្ថែម

វិទ្យុជាតិកម្ពុជា៖ ដោយលោកចេម ហួត

 សៀមរាប៖ ទន្ទឹមនឹងការប្រកាសដាក់ឱ្យប្រើប្រាស់កម្មវិធីនៅលើទូរស័ព្ទដៃទំនើប ដែលមានឈ្មោះថា «Kingdom of Wonder» ឯកឧត្តម គុជ បញ្ញាសា អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ បានឱ្យដឹងថា កម្ពុជានៅមានគោលដៅទេសចរណ៍ជាច្រើនទៀត ដែលចាំបាច់ទាមទារឱ្យភាគីពាក់ព័ន្ធរួមគ្នាផ្សព្វផ្សាយឱ្យបានទូលំទូលាយ ពិសេសតាមរយៈ App ថ្មីនេះ។

 

ការអំពាវនាវនេះត្រូវបានធ្វើឡើងក្នុងពិធីបិទសិក្ខាសាលាស្ដីពី ការផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជាតាមប្រព័ន្ធឌីជីថល និងការប្រកាសឱ្យប្រើប្រាស់ជាផ្លូវការនូវកម្មវិធីនៅលើទូរស័ព្ទដៃទំនើប (App) «Kingdom of wonder» នារសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ នៅសណ្ឋាគារសុខាសៀមរាប។

 

ឯកឧត្តម គុជ បញ្ញាសា បានបញ្ជាក់ជាថ្មីថា នៅឆ្នាំ២០១៨ កន្លងទៅ កម្ពុជាសម្រេចបានកំណើន ១០.៧% នៃការមកដល់របស់ទេសចរអន្តរជាតិជាង ៦.២លាននាក់ នាំមកនូវប្រាក់ចំណូលប្រមាណជាង ៤.៣ពាន់លានដុល្លារ រួមចំណែកជាមួយផលិតផលក្នុងស្រុកសរុប (GDP) ប្រមាណ ១២.៧%។ ដោយឡែក ក្នុងរយៈពេល៥ខែ ដើមឆ្នាំ២០១៩ កម្ពុជាទទួលបានទេសចររអន្តរជាតិជាង ២.៨៨លាននាក់ កើនឡើង ១១.៤% ធៀបនឹងឆ្នាំ២០១៨។

 

ឯកឧត្តមបន្តថា ដើម្បីអាចរក្សាបានកំណើនវិជ្ជមានចំនួន ២ខ្ទង់ តទៅមុខទៀត កម្ពុជាត្រូវបន្តកែលម្អហេដ្ឋារចនាសម្ព័ន្ធទ្រទ្រង់ និងពង្រឹងគុណភាពផលិតផលទេសចរណ៍ដែលមានស្រាប់ សិក្សាពីលទ្ធភាពបង្កើតផលិតផលថ្មីៗ បង្កើនសមត្ថភាពផ្សព្វផ្សាយឱ្យត្រូវគោលដៅ ជាពិសេសជំរុញការផ្សព្វផ្សាយតាមប្រព័ន្ធឌីជីថល ដូចជាការដាក់ឱ្យប្រើប្រាស់ Mobile Application «Kingdom of Wonder» នេះជាដើម។

ឯកឧត្តមបន្ថែមថា ការផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជាតាមប្រព័ន្ធឌីជីថល «Kingdom of Wonder» នេះ គឺមានសារៈសំខាន់ណាស់ក្នុងការជួយសម្រួលជូនភ្ញៀវទេសចរ ឱ្យកាន់តែមានភាពងាយស្រួល ក្នុងការមកទស្សនានៅកម្ពុជា ដែលនឹងចូលរួមគាំទ្រដល់ការសម្រេចឱ្យបានចក្ខុវិស័យ នៃការទទួលភ្ញៀវទេសចរអន្តរជាតិប្រមាណ ៦លាននាក់ ក្នុងឆ្នាំ២០២៥ ប្រមាណ ១៥លាននាក់ នៅឆ្នាំ២០៣០ និងប្រមាណ ២០លាននាក់ នៅឆ្នាំ២០៣៥ ក្នុងនោះភ្ញៀវទេសចរជិត ៥០% នឹងធ្វើដំណើរមកទស្សនាខេត្តសៀមរាប ពីព្រោះខេត្តនេះជាប៉ូលទេសចរណ៍ដ៏ចម្បងនៅកម្ពុជា។

 

ដើម្បីឲ្យការប្រើប្រាស់ Mobile Application «Kingdom of Wonder» ប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ លោក គុជ បញ្ញាសា បានអំពាវនាវឱ្យមានការចូលរួមពីវិស័យឯកជនឱ្យបានផុសផុល ក្នុងការជំរុញការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានវិទ្យា និងទូរគមនាគន៍ ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍វៃឆ្លាត និងទីក្រុងវៃឆ្លាតនៅទូទាំងប្រទេស។

 

ក្រៅពីនេះ ត្រូវចូលរួមប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងឧស្សាហកម្មទេសចរណ៍បែបទំនើប ការប្រើប្រាស់បច្ចេកវិទ្យាថ្មីក្នុងផ្នែកនគរូបនីយកម្ម និងសំណង់ មធ្យោបាយធ្វើដំណើរ និងបែបផែននៃការរស់នៅរបស់ប្រជាពលរដ្ឋជាដើម ដើម្បីឆ្លើយតបប្រកបដោយប្រសិទ្ធភាពខ្ពស់ទៅនឹងតម្រូវការ និងការវិវត្តនាពេលបច្ចុប្បន្ន ស្របពេលដែលវិស័យទេសចរណ៍ពិភពលោកទាំងមូល បាននិងកំពុងបោះជំហានទៅរកយុគសម័យឌីជីថល៕ ប្រភពក្រសួងទេសចរណ៍