រាជរដ្ឋាភិបាលសហការជាមួយវិស័យឯកជនដើម្បីបង្កើនសុវត្ថិភាពចរាចរណ៍នៅលើផ្លូវថ្នល់

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ វ៉ាង​ ភក្តី​៖

រាជរដ្ឋាភិបាលសហការជាមួយវិស័យឯកជនដើម្បីបង្កើនសុវត្ថិភាពចរាចរណ៍នៅលើផ្លូវថ្នល់ សំដៅជួយឲ្យកម្ពុជារួចផុតពីគ្រោះថ្នាក់នៅលើដងផ្លូវ ដែលធ្វើឲ្យមានអ្នកស្លាប់ និងរងរបួសជារៀងរាល់ថ្ងៃ។
កិច្ចសហការនេះ ត្រូវបានធ្វើពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នាស្តីពីការបង្កើនសុវត្ថិភាពចរាចរណ៍នៅលើផ្លូវថ្នល់ ក្នុងប្រទេសកម្ពុជារវាងក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយ ក្រុមហ៊ុន មីឆែលីន រ៉ូ និង ក្រុមហ៊ុន វើលប្រ៊ីជ ត្រេឌីង នៅរសៀលថ្ងៃទី១៦ ខែកក្កដានេះ ដើម្បីអនុវត្តគម្រោងរហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ខាងមុខនេះ សម្រាប់គោលបំណងលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ដោយគាំទ្រដល់ យុទ្ធនាការសុវត្ថិភាពចរាចរណ៍ផ្លូវគោកជាតិកម្ពុជា។
ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន មានប្រសាសន៍ថា អនុស្សារណៈនៃការយោគយល់នេះ នឹងជំរុញឲ្យសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅក្នុងប្រទេសកម្ពុជាកាន់តែមានភាពល្អប្រសើរឡើងនាពេលអនាគត។ ឯកឧត្តម បញ្ជាក់ថា តាមរយៈភាពជាដៃគូ យុទ្ធនាការនេះនឹងក្លាយជាកម្លាំងជំរុញដ៏មានឥទ្ធិពលក្នុងការលើកកម្ពស់ការយល់ដឹងអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកក្នុងប្រទេសកម្ពុជា ពោលគឺ មិនមែនគ្រាន់តែលើកកម្ពស់ទម្លាប់អនុវត្តសុវត្ថិភាពចរាចរណ៍ផ្លូវគោកនោះទេ ប៉ុន្តែថែមទាំងកៀរគរការចូលរួមពីសំណាក់សាធារណជនឲ្យកាន់តែមានចំនួនច្រើនឡើងថែមទៀតផងដែរ។
សូមបញ្ជាក់ថា តាមរយៈអនុស្សារណៈនៃការយោគយល់ ដែលទើបតែបានបង្កើតឡើងថ្មីនេះ ក្រុមហ៊ុន Michelin ROH នឹងផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុប្រមាណ៤ម៉ឺនអឺរ៉ូ ក្នុងការទិញមួកសុវត្ថិភាព និងចំណាំងផ្លាត ដើម្បីចែកជូនប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាផ្តល់ចំណេះធ្វើ និងជំនាញបច្ចេកទេសនានាដើម្បីធានានូវគំនិតផ្តួចផ្តើមមានប្រសិទ្ធភាពខ្ពស់សម្រាប់ការអនុវត្តគម្រោងនេះប្រកបដោយភាពជោគជ័យ។ ចំណែក ក្រុមហ៊ុនវើលដ៏ប្រ៊ីដ ត្រេឌីង ដែលជាក្រុមហ៊ុនក្នុងស្រុក និងជាក្រុមហ៊ុនដឹកជញ្ជូនផលិតផលសម្បកកង់របស់ក្រុមហ៊ុន Michelin នឹងដើរតួនាទីជាអ្នកសម្របសម្រួលគម្រោងនេះ ព្រមទាំងផ្តល់វិភាគទានហិរញ្ញវត្ថុ ខណៈដែលក្រសួងសាធារណការ និងដឹកជញ្ជូន នឹងផ្តល់នូវការគាំទ្រ ពេញលេញ និងការអនុម័តឲ្យអនុវត្តគម្រោងនេះ។
លោកឧកញ៉ា សៀ រិទ្ធី ប្រធានក្រុមហ៊ុន វើលដ៍ ប្រ៊ីដ ត្រេឌីង រំពឹងថា យុទ្ធនាការសុវត្ថិភាពចរាចរណ៍ផ្លូវគោកជាតិកម្ពុជា នឹងរួមចំណែ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកកាន់តែមានប្រសិទ្ធភាពខ្ពស់ និងស្ថិតក្នុងកម្រិតមួយ បើធៀបនឹងអភិក្រម និងវិធីសាស្រ្តបទដ្ឋានអន្តរជាតិ។
ដូចគ្នានេះ លោក Segsarn Trai-ukos អគ្គលេខាធិការរបស់ក្រុមហ៊ុន Michelin ROH មាន
ប្រសាសន៍ថា គម្រោងសុវត្ថិភាពចរាចរណ៍ផ្លូវគោកនេះ នឹងអាចជួយជំរុញដល់សកម្មភាពនានា នៅក្រោមយុទ្ធនាការសុវត្ថិភាពចរាចរណ៍ផ្លូវគោកជាតិកម្ពុជាឲ្យបន្តទៅមុខ សំដៅឆ្ពោះទៅ សម្រេចគោលដៅឲ្យបានឆាប់រហ័ស និងប្រកបដោយប្រសិទ្ធភាពនៃការលើកកម្ពស់ការ យល់ដឹងរបស់សាធារណជនអំពី សុវត្ថិភាពចរាចរណ៍ផ្លូវគោក និងការកាត់បន្ថយចំនួនគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក នៅកម្ពុជា។
យោងតាមរបាយការណ៍ស្ថិតិរបស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានបង្ហាញថា ក្នុងរយៈពេល៦ខែឆ្នាំ២០១៩នេះ ចំនួនអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍មានរហូតដល់១០៣៣នាក់៕