មូលនីធិពានរង្វាន់សម្តេចចៅហ្វាមហាចក្រីសិរិនថន សម្រេចប្រគល់ពានរង្វាន់របស់ខ្លួនជូនគ្រូបង្រៀនកម្ពុជា ជាលើកទី៣

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ហុក​ សុខរិន​៖

មូលនីធិពានរង្វាន់សម្តេចចៅហ្វាមហាចក្រីសិរិនថន សម្រេចប្រគល់ពានរង្វាន់របស់ខ្លួនជូនគ្រូបង្រៀនកម្ពុជា ជាលើកទី៣ បន្ទាប់ពីមានស្នាដៃឆ្នើមក្នុងការចូលរួមលើកកម្ពស់សមត្ថភាពសិស្សានុសិស្សនិងគុណភាពអប់រំនៅកម្ពុជា។

ពានរង្វាន់សម្តេចចៅហ្វាមហាចក្រីសិរិនថន ឆ្នាំ២០១៩ ជំនាន់ទី៣ក្នុងព្រះរាជាណាចក្រកម្ពុជា បានទៅលើលោកគ្រូឡយ វីរៈ គ្រូបង្រៀនថ្នាក់ទី១២មុខវិជ្ជារូបវិទ្យា នៅវិទ្យាល័យហ៊ុនសែន រលាប្អៀ ខេត្តកំពង់ឆ្នាំង បន្ទាប់ពីក្រសួងអប់រំយុវជននិងកីឡា បានវាយតម្លៃជាគ្រូបង្រៀនល្អជាងគេក្នុងការបង្រៀនសិស្សអោយទទួលបានជោគជ័យក្នុងការរៀនសូត្រហើយមានសមត្ថភាពខ្ពស់។


ក្នុងពិធីចុះត្រួតពិនិត្យការបង្រៀនរបស់លោកគ្រូឡយ វីរៈ នៅវិទ្យាល័យហ៊ុនសែនរលាប្អៀ នារសៀលថ្ងៃទី១៦ខែកក្កដានេះ លោកបណ្ឌិត គ្រីតសាក់ ណាក់ផុង គីរ៉ាក់ទិកៈរៈ ប្រធានមូលនីធិពានរង្វានសម្តេចចៅហ្វាមហាចក្រីបានសម្តែងការអបអសាទរជូនចំពោះលោគ្រូឡយវីរៈដែលមានគុណសម្បត្តិគ្រប់គ្រាន់ក្នុងការទទួលបានពានរង្វាន់ ព្រោះបច្ចេកទេសនៃការបង្រៀន អាចផ្លាស់ប្តូរដល់ជីវិតសិស្សានុសិស្សអោយមានភាពជោគជ័យនៅថ្ងៃអនាគត។ លោកបណ្ឌិតបានបញ្ជាក់ថាពានរង្វាន់នេះគ្រោងប្រគល់ជូននៅពាក់កណ្តាលខែតុលាខាងមុខនៅប្រទេសថៃដោយមានមេដាយ វិញ្ញាបនបត្រ ពានរង្វាន កន្លាស់មាស និងទឹកប្រាក់ចំនួន១ម៉ឺនដុល្លា។ លោកបន្ថែមថា ទោះបីពានរង្វាន់នេះមានលក្ខណៈតិចតួចក្តី ប៉ុន្តែវាមានគុណតម្លៃខ្ពសចំពោះកិច្ចតមស្នងដល់កិច្ចខិតខំប្រឹងប្រែងរបស់លោកគ្រូអ្នកគ្រូដែលមានស្នាដៃបង្រៀនសិស្សានុសិស្សា រួមទាំងការទទួលបានបទពិសោធន៍ក្នុងបង្រៀនថ្មីៗបន្តទៀតពីបណ្តាប្រទេសទាំង១០ក្នុងតំបន់អាស៊ាននិងទីម័រលេស។
លោកឡយ វីរៈ គ្រូបង្រៀនថ្នាក់ទី១២មុខវិជ្ជារូបវិទ្យា នៅវិទ្យាល័យហ៊ុនសែន រលាប្អៀ បានមានប្រសាសន៍ថា ការទទួលបានពានរង្វាន់នេះគឺបានផ្តោតលើគោលការណ៍បង្រៀនល្អ គ្មានសិស្សត្រួតថ្នាក់ ហើយសម្បូរសិស្សទទួលបានចំណាត់ថ្នាក់ល្អទាំងថ្នាក់ជាតិ និងថ្នាក់ខេត្ត រួមទាំងការជួយសិស្សខ្សោយអោយវិលមករៀនពូកែ។ លោកបានបញ្ជាក់ថា ពានរង្វាន់នេះគឺជាការលើកទឹកអោយខិតខំប្រឹងប្រែងបន្តទៀតក្នុងការជួយអភិវឌ្ឍធនធានមនុស្សកម្ពុជាកាន់តែមានសមត្ថភាពពេញលេញសម្រាប់ការកសាងជាតិអោយរីកចំរើនទៅមុខទៀត។
សូមបញ្ជាក់ថា មូលនីធិពានរង្វាន់សម្តេចចៅហ្វាមហាចក្រីសិរិនថនត្រូវបានបង្កើតកាលពីឆ្នាំ២០១៥ ក្រោមព្រះរាជតម្រិះរបស់សម្តេចព្រះរាជកន្និដ្ឋា ព្រអង្គម្ចាស់ក្សត្រីយ៍មហាចក្រី សិរិនថន ក្រោមកិច្ចសហការ
ជាមួយក្រសួងអប់រំនៅប្រទេសទាំង១០ក្នុងតំបន់អាស៊ាននិងទីម័រលេស ដោយត្រូវបានប្រគល់រៀងរាល់២ឆ្នាំម្តង។