ការប្រជុំរបស់លោក មូន ជាមួយបណ្តាមេដឹកនាំគណបក្ស បានកំណត់ធ្វើនៅថ្ងៃព្រហស្បតិ៍

AKP ភ្នំពេញ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ — គណបក្សនយោបាយចំនួនប្រាំ បានព្រមព្រៀងគ្នាកាលពីថ្ងៃអង្គារ ដើម្បីរៀបចំកិច្ចប្រជុំ​មួយរវាងលោកប្រធានាធិបតីលោក មូន ចេ-អ៊ីន និងបណ្តាមេដឹកនាំគណបក្សរបស់ពួក​គេ​នៅចុងសប្តាហ៍នេះ ដើម្បីពិភាក្សាគ្នាពីការហាមឃាត់ការនាំចេញរបស់ប្រទេសជប៉ុន ​លើបញ្ហា​កូរ៉េខាងត្បូង និងបញ្ហាដែលកំពុងកើតមានដទៃទៀត។
តាមអគ្គលេខាធិការនៃគណបក្សប្រជាធិបតេយ្យដែលកំពុងកាន់អំណាច(DP) និង​គណ​​បក្ស​ប្រឆាំងចំនួន៤ទៀតបានឱ្យដឹងថា កិច្ចប្រជុំនេះត្រូវបានគេគ្រោងធ្វើចាប់ពីម៉ោង ៤:០០ ដល់ម៉ោង ៦:០០ល្ងាច នាថ្ងៃព្រហស្បតិ៍ខាងមុខនេះ។

អ្នកតំណាងនៃគណបក្ស DP លោក Yun Ho-jong បានប្រាប់ក្រុមអ្នកយកព័ត៌មានថា ភាគីទាំងប្រាំបានព្រមព្រៀងគ្នាលើកិច្ចខិតខំប្រឹងប្រែង ដើម្បីកាត់បន្ថយផលប៉ះពាល់នៃការ​ទប់ស្កាត់ការនាំចេញរបស់ប្រទេសជប៉ុនទៅលើសេដ្ឋកិច្ចរបស់ប្រទេសកូរ៉េ និងដោះស្រាយ​បញ្ហានេះ ក្នុងរយៈពេលខ្លីបំផុតនៅពេលមានភាពតានតឹងផ្នែកពាណិជ្ជកម្មមិនធ្លាប់មាន ពីមុន​មក​រវាងប្រទេសទាំងពីរ។

ក្នុងអំឡុងពេលកិច្ចប្រជុំ អ្នកចូលរួមនឹងស្តាប់ការសង្ខេបរបស់រដ្ឋាភិបាល ស្តីអំពីការទប់​ស្កាត់ការនាំចេញរបស់ប្រទេសជប៉ុន នឹងពិភាក្សាអំពីការឆ្លើយតបរវាងគណបក្សទាំងពីរ និង​បញ្ហាដែលកំពុងកើតមាន ដទៃទៀត។

លោក Hwang Kyo-ah ប្រធានគណបក្សប្រឆាំង Liberty Korea Party (LKP) បានស្នើ​សុំជួបប្រជុំជាមួយលោក មូន កាលពីថ្ងៃចន្ទ ដើម្បីពិភាក្សាការឆ្លើយតបរបស់ប្រទេស ចំពោះ​ការហាមប្រាមការនាំចេញរបស់ប្រទេសជប៉ុននេះ។
ប៉ុន្មានម៉ោងបន្ទាប់ពីសំណើរបស់លោក ការិយាល័យរបស់លោក មូន បាននិយាយថា លោកប្រធានាធិបតីត្រូវបានកំណត់ទាំងអស់ ដើម្បីរៀបចំកិច្ចប្រជុំជាក្រុមមួយ ជាមួយបណ្តា​មេដឹកនាំគណបក្ស។

វានឹងជាកិច្ចប្រជុំលើកដំបូងរបស់លោក មូន ជាមួយមេដឹកនាំបក្សចាប់តាំងពីខែមីនា​ឆ្នាំ២០១៨មក ។ បណ្តាមេដឹកនាំគណបក្សនឹងប្រមូលផ្តុំគ្នា ដើម្បីពិភាក្សាគ្នាពីបញ្ហាដែលមិនទាន់​សម្រេច​ជាលើកដំបូងបន្ទាប់ពីមានភាពទាល់ច្រកខាងនយោបាយផ្ទុះឡើងដោយភាព​ចម្រូង​ចម្រាស ដើម្បីចាត់វិធានការកំណែទម្រង់ក្នុងមធ្យោបាយដ៏ឆាប់រហ័សមួយ។

កិច្ចប្រជុំនេះបានចង្អុលបង្ហាញពីភាពបន្ទាន់ក្នុងការខិតខំប្រឹងប្រែង ដើម្បីដោះស្រាយ​ការរឹតត្បិតការនាំចេញរបស់ជប៉ុន។
ប្រទេសជប៉ុន បានចាប់ផ្តើមអនុវត្តន៍ច្បាប់នាំចេញដ៏តឹងរ៉ឹងលើប្រទេសកូរ៉េខាងត្បូង​សម្រាប់សម្ភារៈសំខាន់ៗចំនួនបីដែលចាំបាច់សម្រាប់ការផលិតបន្ទះឈីប នឹងការ​បង្ហាញ​កាលពីថ្ងៃទី៤​ ខែកក្កដា នៅក្នុងការឆ្លើយតបជាក់ស្តែងចំពោះការដោះស្រាយរបស់កូរ៉េ​ខាង​ត្បូង​ ចំពោះបញ្ហាពលកម្មដោយបង្ខំនៅពេល សង្គ្រាម។

នៅពេលដែលភាគីបានព្រមព្រៀងគ្នាមិនកំណត់វិសាលភាពនៃរបៀបវារៈ សម្រាប់​កិច្ចប្រជុំនៅថ្ងៃព្រហស្បតិ៍នោះ អ្នកចូលរួមអាចពិភាក្សាគ្នាពីបញ្ហានុយក្លេអ៊ែររបស់កូរ៉េ​ខាង​ជើង និងបញ្ហាផ្សេងទៀតមានដូចជាកញ្ចប់ថវិកាបន្ថែម និងកំណែទម្រង់ការបោះឆ្នោត៕

(ប្រភព Yonhap: បកប្រែដោយលោក មាស សំអុល)