សិក្ខាសាលាអន្តរជាតិពិភាក្សាអំពីទំនាក់ទំនងការងារនៅក្នុងប្រទេសវៀតណាម

AKP ភ្នំពេញ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩​ — នៅក្នុងសន្និសីទអន្តរជាតិមួយដែលធ្វើឡើងនៅទីក្រុងហូជីមិញបានឱ្យដឹងថា ប្រទេសវៀតណាមគួរតែបំពេញនូវការប្តេជ្ញាចិត្តរបស់ខ្លួន ចំពោះកំណែទម្រង់ច្បាប់ និងស្ថាប័នឱ្យស្របតាមស្តង់ដារអន្ដរជាតិ ដូច្នេះការបង្កើតទំនាក់ទំនងការងារនៅក្នុងអាជីវកម្ម នឹងកាត់បន្ថយវិវាទការងារ នឹងការធ្វើកូដកម្ម។

គណៈប្រតិភូដែលចូលរួមព្រឹត្តិការណ៍ដែលមានរយៈពេលចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែកក្កដា នេះ បានផ្តល់យោបល់ដូច្នេះនៅក្នុងបរិបទដែលវៀតណាមបានចូលរួមក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មជាច្រើន។

ពួកគេបាននិយាយថា ស្តង់ដារអន្តរជាតិទាមទារនូវកំណែទម្រង់ទំនាក់ទំនងការងារនៅក្នុងក្រុមហ៊ុនវៀតណាម ក៏ដូចជាការបង្កើនសមត្ថភាពបុគ្គលិក និងការិយាល័យតំណាង និងនិយោជក។

ពួកគេបាននិយាយបន្ថែមថា ជាការចាំបាច់ដែលត្រូវបង្កើនគុណភាពនៃកិច្ចសន្ទនាសង្គមនៅតាម បណ្តាសហគ្រាស នឹងចាត់វិធានការទប់ស្កាត់ ព្រមទាំងកាត់បន្ថយវិវាទការងារ នឹងពង្រឹងការគ្រប់គ្រងរបស់រដ្ឋនៅក្នុងវិស័យការងារ។

សន្និសីទនេះផ្តោតសំខាន់ទៅលើបញ្ហាមួយចំនួន ដូចជាកំណែទម្រង់ច្បាប់ នឹងការអនុវត្តច្បាប់ សកលភាវូបនីយកម្ម និងទំនាក់ទំនងយេនឌ័រ បញ្ហាប្រឈមការងារ ទំនាក់ទំនងការធ្វើចំណាកស្រុកអន្តរជាតិ និងសិទ្ធិរបស់ពលករចំណាកស្រុក និងកុមារ។

ព្រឹត្តិការណ៍នេះត្រូវបានប្រារព្ធឡើងរួមគ្នាដោយសាកលវិទ្យាល័យច្បាប់ហូជីមីញ វិទ្យាស្ថានសង្គមវិទ្យាសាស្ត្រភាគខាងត្បូង អង្គការពលកម្មអន្តរជាតិ អង្គការ Friedrich Ebert Stiftung របស់អាល្លឺម៉ង់ សាកលវិទ្យាល័យមែលប៊ន និងសាកលវិទ្យាល័យម៉ូណាសនៃប្រទេសអូស្ត្រាលី៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)