អជ្ញាធរខេត្តបាត់ដំបង ពង្រឹងមន្ត្រីក្រោមឱវាទការពារនិងទប់ស្កាត់ជំងឺប៉េស្តជ្រូកអាហ្វ្រិក

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ ធី​ណា​ ឌី​ណេ​៖

ជ្ញាធរខេត្តបាត់ដំបង ពង្រឹងមន្ត្រីក្រោមឱវាទដើម្បីការពារ និងទប់ស្កាត់ ជំងឺប៉េស្តជ្រូកអាហ្វ្រិកខណៈជំងឺនេះកំពុងរីករាលដាល និងផ្ទុះឡើងជាបន្តបន្ទាប់នៅតាមបណ្តាខេត្តមួយចំនួននៅកម្ពុជា។

លោក ឈឹម វជិរ៉ា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ខេត្តបាត់ដំបង បានប្រាប់វិទ្យុជាតិកម្ពុជាឲ្យដឹងថា មន្រ្តីជាប់ពាក់ព័ន្ធទាំងអស់ ត្រូវបានពង្រឹងការត្រួតពិនិត្យនៅតាមមូលដ្ឋានរបស់ខ្លួនរាល់ការដឹកជ្រូកដែលនៅជាប់នឹងព្រំដែន ដើម្បីការពារការរីករាលដាលជំងឺប៉េស្តជ្រូកអាហ្វ្រិក បើទោះបីបច្ចុប្បន្ន ជំងឺនេះ មិនទាន់កើតមាននៅខេត្តបាត់ដំបងក៏ដោយ។ លោកមានប្រសាសន៍ថា មន្ត្រីជំនាញបានសហការជាមួយការិយាល័យបសុព្យាបាលខេត្ត ធ្វើការចុះផ្សព្វផ្សាយពីជំងឺប៉េស្តជ្រូកអាហ្វ្រិក ជូនដល់ប្រជាកសិករ ដែលចិញ្ចឹមជ្រូកជាលក្ខណៈគ្រួសារ និងចុះបាញ់ថ្នាំសម្លាប់មេរោគ តាមទ្រុងចិញ្ចឹមជ្រូករបស់ប្រជាកសិករ និងផ្សព្វផ្សាយអំពី វិធានការការពារ ការចម្លង ព្រមទាំងបានចែកថ្នាំសម្លាប់មេរោគ ឲ្យប្រជាពលរដ្ឋប្រើប្រាស់ពេលក្រោយៗទៀត ដើម្បីការពារនូវជំងឺបេស្តជ្រូកអាហ្វ្រិក ក៏ដូចជាជំងឺផ្សេងៗទៀត ដែលតែងតែកើតមានឡើងនៅលើសត្វជ្រូក។ «ពាក់ព័ន្ធទៅនឹងជំងឺប៉េស្តជ្រូកនេះ សូមឲ្យបងប្អូន កុំឲ្យមានការភ្ញាក់ផ្អើល។ សុំឲ្យបរិភោគជាធម្មតាទៅ ព្រោះវាមិនមានការឆ្លងមកដល់មនុស្សយើងទេ គឺកើតច្រើនពីជ្រូកទៅប្រភេទជ្រូកហ្នឹងឯង ហើយយើងបានធ្វើការផ្សព្វផ្សាយតាមការិយាល័យ ស្រុកក្រុងទាំង ១៤ ហើយឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្ត លោកតែងតែលើកឡើងនៅក្នុងកិច្ចប្រជុំនានា ដើម្បីរួមគ្នាទប់ស្កាត់ ព្រោះខេត្តជាប់ព្រំដែនយើងនេះមិនមានបញ្ហានោះទេ ហើយក៏បានជួបនឹងប្រធានការិយាល័យបសុព្យាបាលខេត្ត ឲ្យពិនិត្យមែនទែន ព្រោះវាអាចឆ្លងមកពីខាងកើតមកវិញ ហើយយើងក៏សង្ឃឹមថា វាមិនមានទេ ព្រោះយើងតាមផ្លូវជាតិយើងមាននៅផ្សារត្រាច នៅព្រំប្រទល់ជាមួយខេត្តកណ្តាល ខេត្តកំពង់ឆ្នាំ និងផ្សព្វផ្សាយដែលពាក់ព័ន្ធ ហើយសម្រាប់មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទនៅពេលដែលយើងទទួលបានសេចក្តីជូនដំណឹង ណែនាំពីបញ្ហានេះ យើងនឹងផ្សព្វផ្សាយបន្ត ដើម្បីឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់»។
លោកបន្តថា មន្ត្រីជំនាញការិយាលយ័បសុព្យាល នឹងបន្តចុះធ្វើជីវសុវត្ថិភាពតាមទីសត្តឃាត ពិនិត្យជ្រូកនាំចូល និងធ្វើអនាម័យតាមទីសត្តឃាត ដើម្បីការពារជំងឺបេស្តជ្រូកផងដែរ។
បើតាមអ្នកជំនាញបានណែនាំអំពីវិធីបង្ការជំងឺប៉េស្តជ្រូកអាហ្វ្រិក ដោយអនុវត្តតាមជីវៈសុវត្ថិភាពរបស់កសិដ្ឋានដូចជា ពេលចេញចូលកសិដ្ឋានត្រូវសម្អាតខ្លួនប្រាណ កក់សក់ ប្តូរសម្លៀកបំពាក់ ស្បែកជើងនិងជ្រលក់ទឹកថ្នាំសម្លាប់មេរោគ ធ្វើការសម្អាតកសិដ្ឋានដោយបាញ់ថ្នាំសម្លាប់មេរោគ បាញ់សម្លាប់មេរោគលើយាន្តជំនិះមុនចេញចូលកសិដ្ឋាន ជៀសវាសក្នុងការនំាផលិតផលសាច់ជ្រូកចូលក្នុងកសិដ្ឋាន និងជៀសវាងការឲ្យចំណីជ្រូកជាកាកសំណល់ផ្ទះបាយ៕