បាលីរងការវាយប្រហារគ្រោះរញ្ជួយដីកម្រិត ៦.១រ៉ិចទ័

វិទ្យុជាតិកម្ពុជា៖ លោក ភួង ឈុនលាង៖


គ្រោះរញ្ជួយដីនៅក្រោមបាតសមុទ្រកម្រិត ៦.១រ៉ិចទ័រ បានវាយប្រហារកោះបាលី នៃភាគខាងត្បូងប្រទេសឥណ្ឌូណេស៊ី នៅថ្ងៃអង្គារនេះ ជាមួយជម្រៅរញ្ជួយរហូតដល់១០០គីឡូម៉ែត្រ ប៉ុន្តែពុំទាន់មាន ការប្រកាសអាសន្នពីរលកយក្សស៊ូណាមិនៅឡើយ។នេះបើ តាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅថ្ងៃអង្គារ ទី១៦ ខែកក្កដា ឆ្នាំ២០១៩។
ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយរបស់ប្រទេសឥណ្ឌូណេស៊ីបាននិយាយថាគ្រោះរញ្ជួយដីនេះមានចំណុចរញ្ជួយស្ថិតនៅចំងាយ១០២គីឡូម៉ែត្រ ពីភាគនិរតីទីក្រុង Denpasar (ដេនប៉ាសា) នៃកោះបាលីវេលាម៉ោង ៧ និង ២០ នាទីព្រឹក។ ប៉ុន្តែភ្លាមៗ មិនទាន់ មាន សេចក្ដីរាយ ការពី ជនរងគ្រោះ ឬការខូចខាតនោះទេខណះ ប្រជាពលរដ្ឋនិងអ្នកទេសចរខ្លះនៅលើកោះទេសចរណ៍មួយនេះត្រូវប្រញាប់ប្រញាល់ចេញពីអាគារ។
សូមបញ្ជាក់ថាគ្រោះរញ្ជួយដីនៅថ្ងៃអង្គារនេះ កើតមានឡើងបន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត៧.៣រ៉ិចទ័រ កាលពីថ្ងៃអាទិត្យដែលបានវាយប្រហារលើកោះ Maluku ភាគខាងកើតប្រទេសឥណ្ឌូណេស៊ី ដោយមានមនុស្ស២នាក់បានស្លាប់និងរាប់រយនាក់ទៀតត្រូវបានជម្លៀសទៅរកកន្លែងមានសុវត្ថិភាព៕
ប្រភព៖ Channel News Asia