ប្រជាពលរដ្ឋរស់នៅស្រុកកោះសូទិន បង្ហាញអារម្មណ៍រីករាយ ចំពោះការស្ថាបនាផ្លូវមួយខ្សែប្រវែង៣២០០ម៉ែត្រពីផ្លូវដីទៅ ជាផ្លូវក្រាលកៅស៊ូDBST

វិទ្យុជាតិកម្ពុជា៖ដោយលោក ហ៊ាង ចាន់ថា

​   ខេត្តកំពង់ចាម៖ ប្រជាពលរដ្ឋ រស់នៅស្រុកកោះសូទិនខេត្តកំពង់ចាម បានបង្ហាញអារម្មណ៍រីករាយដោយមិននឹកស្មានថា ការស្ថាបនា ផ្លូវមួយខ្សែ ដែលមានប្រវែង៣២០០ម៉ែត្រ និងទទឹង៨ម៉ែត្រ តភ្ជាប់ពីឃុំមហាខ្ញូង ឃុំព្រែកតានង់ ស្រុកកោះសូទិន ឆ្ពោះទៅស្រីសន្ធរ ខេត្តកំពង់ចាម មានភាពលឿនដូច្នេះ ឡើយ ព្រោះកន្លងមកឲ្យតែដល់រដូវវស្សាគឺពិបាកធ្វើដំណើរឆ្លងកាត់ណាស់ ពោលគឺតែងតែ រអិល ជាប់ផុង និងខែប្រាំង ដីហ៊ុយ ដែលបង្កឲ្យមានបញ្ហាសុខភាពផងដែរ។


ការបង្ហាញអារម្មណ៍សប្បាយរីករាយរបស់ប្រជាពលរដ្ឋ កាលពីថ្ងៃទី១៥ ខែកក្តដា ឆ្នាំ២០១៩នៅចំពោះមុខ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក្នុងឳកាស ឯកឧត្ដម ចុះពិនិត្យមើលស្ថានភាពផ្លូវដី ដែលក្រុមការងារ កំពុង ស្ថាបនាទៅជាផ្លូវក្រាលកៅស៊ូDBST មួយខ្សែប្រវែង៣២០០ម៉ែត្រ ដែលរហូតដល់ពេលនេះស្ថាបនា សម្រេចបាន៦០%។ ប្រជាពលរដ្ឋបានសំណូមពរដល់អ្នធ្វើដំណើរឆ្លងកាត់សូមបន្ថយល្បឿននិងគោរពច្បាប់ចរាចរណ៍ដើម្បីសុខសុវត្ថិភាពទាំងអស់គ្នា។
បើតាមក្រុមជាង បានឲ្យដឹងថា ផ្លូវក្រាលកៅស៊ូនេះ បានកសាងជាង៦០% ប៉ុន្តែប្រសិនបើមិនមានការរាំងស្ទះដោយកត្តាអាកាសធាតុទេនោះ ក្រុមការងារនឹងបញ្ចប់ការសាង់សង់នៅក្នុងខែសីហា ឆ្នាំ២០១៩នេះ។
ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម សង្ឃឹមថាបន្ទាប់ពីសមិទ្ធផលនេះចេញជារូបរាង ជីវភាពបងប្អូនប្រជាពលរដ្ឋនឹងមានភាពប្រសើរទ្បើងថែម១កម្រឹតទៀត ស្របពេល រាជរដ្ឋាភិបាលខិតខំយកចិត្តទុកដាក់លើជីវភាពបងប្អូនប្រជាពលរដ្ឋខ្លាំងណាស់ ជាពិសេសប្រពន្ធ័ហេដ្ឋារចនាសម្ពន្ធ័ ផ្លូវ ភ្លើង ទឹកជាដើម ហើយគម្រោងរបស់ថ្នាក់ខេត្តគឺនឹងប្រឹងប្រែងកសាងផ្លូវឲ្យកាន់ល្អប្រសើរ តាមលទ្ធភាពថវិកាដែលមានក្នុងមួយឆ្នាំៗ៕