អភិបាលខេត្តកំពង់ចាម ជំរុញអោយមន្ត្រីរាជការ ក្នុង ស្រុកកោះសូទិន និងស្រុកស្រីសន្ធរបង្កើនល្បឿនក្នុងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ

វិទ្យុជាតិកម្ពុជា៖ដោយលោក ហ៊ាង ចាន់ថា ៖ ខេត្តកំពង់ចាម
អភិបាលខេត្តកំពង់ចាម បានជំរុញដល់មន្ត្រីរាជការ ស្រុកកោះសូទិននិងស្រុកស្រីសន្ធរ ឲ្យបង្កើនល្បឿនក្នុងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ឲ្យមានប្រសិទ្ធិភាពខ្ពស់ និងរួមសាមគ្គី ដើម្បី អភិវឌ្ឍន៍មូលដ្ឋានឲ្យល្អប្រសើរថែមទៀត។


ក្នុងឳកាស ជួបសំណេះសំណាល ដាច់ដោយឡែកពីគ្នា ជាមួយក្រុមប្រឹក្សាស្រុក ឃុំសង្កាត់ មន្ត្រីរាជការ ក្នុងស្រុកកោះសូទិន និងស្រុក ស្រីសន្ធរ ខេត្តកំពង់ចាម កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែង ថា បច្ចុប្បន្នខេត្តកំពង់ចាមមានការិយាល័យច្រកចេញចូលតែមួយចំនួន៦ ស្រុកក្រុង ហើយសម្រាប់ឆ្នាំ២០២០ អាជ្ញាធរខេត្តកំពង់ចាម នឹងបន្តសាងសង់ច្រកចេញចូលតែមួយចំនួន៤ ស្រុកទៀត នៅពេលដែលស្រុកកោះសូទិន មិនទាន់មានការិយាល័យច្រកចេញចូលតែមួយសម្រាប់បម្រើដល់ប្រជាពលរដ្ឋនៅឡើយ។
តាមរយៈការិយាល័យច្រកចេញចូលតែមួយនេះឯកឧត្ដម អភិបាលខេត្ត នៅតែជំរុញឲ្យមន្ត្រីអាជ្ញាធរ ក្នុង ស្រុកកោះសូទិន និងស្រុកស្រីសន្ធរ បង្កើនល្បឿន នៅក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ ចៀសវាងការរត់ការឯកសារផ្សេងៗ ដែលនាំឲ្យប្រជាពលរដ្ឋ មានការខាតបង់ថវិកា និងខាតបង់ពេលវេលាផងដែរ។
ឯកឧត្តម អ៊ុន ចាន់ដា បញ្ជាក់ថា មានសេវាច្រើនណាស់ ដែលប្រជាពលរដ្ឋត្រូវការឲ្យមន្ត្រីអាជ្ញាធរបម្រើ នូវសេវានេះ ដូច្នេះក្នុងនាម ជាមន្រ្តី ត្រូវតែបំពេញកាតព្វកិច្ចបំរើសេវាជូន ប្រជាពលរដ្ឋឲ្យបានឆាប់រហ័ស និងត្រូវជៀសវាងការប្រព្រឹត្តអំពើពុករលួយផងដែរ៕