អភិបាលខេត្តរតនគិរី លែងកូនត្រីចម្រុះចំនួន ២ម៉ឺនក្បាលចូលបឹងទំនប់វារីអគ្គិសនីអូរជុំទី១

AKP រតនគិរី ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ -នៅ​ថ្ងៃចន្ទ ១៤កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែ      កក្កដា ឆ្នាំ២០១៩ ឯកឧត្តម ថង សាវុន អភិបាល ខេត្តរតនគិរី បានអញ្ជើញជាអធិបតី ក្នុងពិធីលែងកូនត្រីចម្រុះចំនួន ២ម៉ឺនក្បាល ដើម្បីអបអរសាទរទិវាមច្ឆជាតិ ០១ កក្កដា ចូលបឹងទំនប់វារីអគ្គិសនីអូរជុំទី១ ស្ថិតនៅភូមិអូរជុំ ឃុំអូរជុំ ស្រុកអូរជុំ និងក្រុងបានលុង ខេត្តរតនគិរី ដែល រៀបចំឡើងដោយខណ្ឌរដ្ឋបាលជលផលខេត្ត។

ឯកឧត្តម​ ថង​ សាវុន មានប្រសាសន៍នៅក្នុងឱកាសទិវាមច្ឆជាតិថា គោលបំណងនៃការលែងកូនត្រីនេះ គឺចង់បំផុស និងលើកទឹកចិត្តឱ្យប្រ​ជា​ពលរដ្ឋ យល់ដឹងពីសារៈសំខាន់នៃធន ធានជលផល ចូលរួមថែរក្សាអភិរក្សពូជត្រីសំខាន់ៗ ដែលជិតផុ​ត​ពូ​ជ​ និងជីវៈចម្រុះ​គ្រប់ប្រភេទឱ្យបានគង់វង្ស បង្កើនធនធានជលផល នៅតាមបឹង ស្ទឹង ទន្លេ ព្រែក ស្រះសហគមន៍ ត្រពាំង ដើម្បីធានានិរន្តរភាពនៃ​កា​​រនេសាទ បែបធម្មជាតិ ការនេសាទជាលក្ខណៈគ្រួសារ សម្រាប់ផ្គត់ផ្គង់ជីវភាព ធានាសន្តិសុខស្បៀង និងបង្កើនកម្រិតជីវភាពប្រជានេសាទ ឱ្យកាន់ តែប្រសើរឡើង។

ឯកឧត្តមបានបន្តថា ការគោរពច្បាប់ជលផល គឺជាការចូលរួមស្រឡាញ់ធនធានមច្ឆជាតិរបស់យើងទាំងអស់គ្នា ដូចនេះ អ្នកនេសាទទាំងអស់ ត្រូវឈប់នេសាទដោយប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ លួចលាក់បន្តទៀត។ ការថែរក្សានិងអភិរក្សពូជត្រីសំខាន់ ៗនៅតាមទន្លេ ឬបឹងធម្មជាតិនានានៃខេត្តរតនគិរីយើងនេះ មន្ទីរកសិកម្ម និងផ្នែកជលផលត្រូវបង្កើតឱ្យមានវារីវប្បកម្ម នៅតាមសហគមន៍ និងនៅក្នុងមូលដ្ឋានឱ្យបានច្រើន ដើម្បីជាប្រយោជន៍ជួយដល់ប្រជាពលរដ្ឋ នៅជុំវិញតំបន់រស់នៅផង និងជួយកាត់បន្ថយពីការពឹងផ្អែកទៅលើត្រីធម្មជាតិបានទៀតផង​៕

ដោយ ណយ នឿន (ប្រភព មន្ទីរព័ត៌មានខេត្តរតនគិរី)