រដ្ឋបាលខេត្តបាត់ដំបង ប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន

វិទ្យុជាតិកម្ពុជា៖ដោយលោក សាន់ ឈង ខេត្តបាត់ដំបង

រដ្ឋបាលខេត្តបាត់ដំបង បានរៀបចំ ប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា ២០១៩ ក្រោមប្រធានបទ ” សុខភាពដើម្បីយុត្តិធម៌ យុត្តិធម៌ដើម្បីសុខភាព ” និងអនុវត្តន៍រៀបចំដុតបំផ្លាញវត្ថុតាងគ្រឿងញៀន តាមអំណាចសាលក្រមស្ថាពរ របស់សាលាដំបូងខេត្តបាត់ដំបង ។

ពិធីនេះបានរៀបចំធ្វើនៅព្រឹកថ្ងៃទី ១៥ ខែ កក្កដា ឆ្នាំ ២០១៩ នៅមុខសាលាខេត្តបាត់ដំបង ប្រព្រឹត្តិទៅក្រោមធិបតីភាព ឯកឧត្ដម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន , ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ព្រមទាំងមានការ អញ្ជើញចូលរួមពី មន្រ្តីរាជការ កងកម្លាំងប្រដាប់ លោកគ្រូអ្នកគ្រូ និស្សិតសិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋ ក្នុងក្រុងខេត្តបាត់ដំបងយ៉ាងច្រើនកុះករ ។
តាមរយៈសារលិខិត របស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងឱកាសប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី ២៦ ខែ មិថុនា ឆ្នាំ ២០១៩ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានលើកឡើងថា សម្តេចតេជោ បានសម្តែងនូវឆន្ទៈ ដ៏មោះមុតរបស់រាជរដ្ឋាភិបាល ក្នុងការបន្តសកម្មភាពប្រយុទ្ធប្រឆាំងគ្រឿងញៀន ក៏ដូចជាការបំពេញ កាតព្វកិច្ចទាំងឡាយប្រកបដោយការទទួលខុសត្រូវ នូវរាល់អនុសញ្ញា និងពិធីសារអន្តរជាតិនានាដែលកម្ពុជាជាសមាជិក ។
ឯកឧត្តម បន្តថាសម្តេច តេជោ ហ៊ុន សែន បានជំរុញអោយ អង្គភាពអនុវត្តច្បាប់ទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ពង្រឹងសមត្ថភាព គុណភាព និងក្រមសីលធម៌ឲ្យបានល្អ ដើម្បើបន្តបង្ការទប់ស្កាត់ និងបង្រ្កាបដោយគ្មានការលើកលែងនូវរាល់បទល្មើស ដែលមានការពាក់ព័ន្ធនិងគ្រឿងញៀន ជុំរុញ និងលើកទឹកចិត្ត ក្នុងការអប់រំផ្សព្វផ្សាយ ដល់គ្រប់មជ្ឈដ្ឋាន ផ្សារភ្ជាប់ជាមួយពាក្យស្លោក” ចូលរួមបំបាត់គ្រឿងញៀន ដើម្បីអនាគតកូនចៅរបស់យើង” ។ អប់រំនិងជំរុញអ្នកប្រើប្រាស់គ្រឿងញៀនឲ្យ ស្ម័គ្រចិត្តទៅទទួលយកសេវាព្យាបាល និងស្តារនីតិសម្បទានៅតាមគ្រិះស្ថានសុខាភិបាល ហើយចាំបាច់ ត្រូវសហការជាមួយព្រះរាជអាជ្ញាបញ្ជូនពួកគេឲ្យទៅទទួលការព្យាបាល និងស្តារនីតិសម្បទានៅតាមមណ្ឌលបណ្តោះអាសន្ននានាទាំងរដ្ឋ និងឯកជន ។
សម្តេច តេជោ ហ៊ុន សែន បានបញ្ជាក់នៅក្នុងសារលិខិតថា គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនគ្រប់ថ្នាក់ត្រូវបន្ត និងពង្រីកយន្តការបានដល់ មូលដ្ឋាន ឃុំសង្កាត់ និងម្ចាស់ការដឹកនាំ សម្របសម្រួល និងអនុវត្តប្រកបដោយការទទួលខុសត្រូវ និងឲ្យបានជាប់ជាប្រចាំ នូវបទបញ្ជាលេខ ០១ ស្តីពីការពង្រឹងវិធានការប្រយុទ្ធប្រឆាំងគ្រឿងញៀន គោលនយោបាយ ” ភូមិឃុំ មានសុវត្ថិភាព” ក៏ដូចជាផែនការ និងវិធានការប្រយុទ្ធប្រឆាំងគ្រឿងញៀនផ្សេងៗទៀតដែលដាក់ចេញកន្លងមក ។
សូមបញ្ជាក់ថា វត្ថុតាងគ្រឿងញៀន ដែលត្រូវដុតបំផ្លាញចោលតាមអំណាចសាលក្រមស្ថាពរ របស់សាលាដំបូងខេត្តបាត់ដំបងចាប់ពីឆ្នាំ ២០១៨ ដល់ឆ្នាំ ២០១៩ មាន:
១_ ប្រភេទ មេតំហ្វេតាម៉ីន ICE: ទម្ងន់សរុប ៣៨០.១៣ (បីរយប៉ែតសិបកណ្តក់សញ្ញាដប់បី ) ក្រាម ។
២_ ប្រភេទ មេតំហ្វេតាម៉ីន WY: ចំនួនសរុប ៥១៩.៥ (ប្រាំរយដប់ប្រាំបួនគ្រាប់កន្លះ ) ៕