ឯកឧត្តម កែ គឹមយ៉ាន នាំទេយ្យទាន និងទៀនព្រះវស្សាប្រគេនព្រះសង្ឃ នៅវត្តចំនួន២១ ទូទាំងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ

វិទ្យុជាតិកម្ពុជា៖ដោយ លោក លឹម តុងហួត

បន្ទាយមានជ័យ៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បាននាំយកទេយ្យទាន គ្រឿង ឧបភោគបរិភោគ និងទៀនព្រះវស្សាប្រគេនព្រះសង្ឃ នៅវត្តចំនួន២១ ទូទាំងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
កម្មវិធីដង្ហែទៀនព្រះវស្សានេះបានរៀបចំឡើងនៅព្រឹកថ្ងៃទី១៥ ខែកក្កដា ដែល មានការអមដំណើរដោយថ្នាក់ដឹកនាំក្រុមការងារថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ អាជ្ញាធរមូលដ្ឋាន ពុទ្ធបរិស័ទនិងព្រះសង្ឃជាច្រើនអង្គ នាក់ ខណៈដែលបុណ្យចូលព្រះវស្សាគឺជាបុណ្យដ៏សំខាន់ក្នុងព្រះពុទ្ធសាសនា។
ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ានបានមានប្រសាសសន៍ឲ្យដឹងថា ប្រទេសជាតិបានរីកចំរើនលើគ្រប់វិស័យ នាំមកនូវក្តីសុខសាន្តជូនប្រជាពលរដ្ឋ មានជីវភាពធូរធារមានឱកាសមកអង្គុយជួបជុំគ្នាធ្វើបុណ្យទានយ៉ាងសប្បាយរីករាយ ដោយមិនមានការបារម្ភភ័យខ្លាចទាំងបញ្ហាជីវភាព និងសន្តិសុខឡើង។ ឯកឧត្តមបានបញ្ជាក់ ថា ការធានាឲ្យប្រទេសជាតិមានសុខសន្តិភាពនេះ គឺបានមកពីការខិតខំប្រែងប្រែងរបស់ សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលតម្កល់ផលប្រយោជន៍ ជាតិជាធំ ដូច្នេះប្រជាពលរដ្ឋ ពុទ្ធបរិស័ទ និងព្រះសង្ឃគ្រប់ព្រះអង្គរួមគ្នាថែរក្សសុខសន្តិភាព នេះឲ្យបានគង់វង្ស ដើម្បីធានាឲ្យកម្ពុជាមានការអភិវឌ្ឍតទៅមុខទៀត។
ឯកឧត្តមបានបន្ថែមថា ទេយ្យទាននិងទៀនព្រះវស្សាដែលបានប្រគេនដល់ព្រះសង្ឃ ដល់វត្តទាំង២១វត្តនេះ ក្នុង១វត្តៗទទួលបាន : ទៀនវស្សា១គូ សាដក់១ ទឹកត្រី ៥យួរ ទឹកស៊ីអ៊ីវ៥យូរ មី ៥កេស អង្ករ ៥០គីឡូក្រាម ទឹកផ្លែឈើ ២កេស ទឹកសុទ្ធ៥កេស និងថវិកា១លានរៀល។ប្រគេនព្រះសង្ឃក្នុងមួយៗអង្គចំនួន៥ម៉ឺនរៀល និងតាជី យាយជី ប្រជាពលរដ្ឋ ចូលរួម២០០នាក់ ក្នុង១ម្នាក់ៗ សារុង១ ថវិកា១ម៉ឺនរៀលផងដែរ។
សូមបញ្ជាក់ថា ពិធីចូលកាន់ព្រះវស្សា គឺជាបុណ្យមួយដែលមានសារ:សំខាន់ក្នុងព្រះពុទ្ធសាសនា ជាពេលវាលាដ៏សំខាន់សម្រាប់ភិក្ខុសង្ឃ និងសាមណេបានរៀនធម៌និងវិន័យអោយបានខ្ជាប់ខ្ជួនតាមពុទ្ធឱវាទក្នុងរយ:ពេល០៣ខែ ចាប់ផ្តើមពីថ្ងៃ ០១រោច ខែអាសាឍ ដល់ថ្ងៃ១៥កើត ខែអស្សុជ៕