កូនឈើចម្រុះចំនួន ២.២០០ដើម ត្រូវបានដាំដុះលើផ្ទៃដី ២ហិកតា  នៅវត្តអូរត្រេះ ក្រុងព្រះសីហនុ

AKP ព្រះសីហនុ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ — ឯកឧត្តម គួច  ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹក នាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ ចូលរួមបុណ្យរុក្ខទិវាជាតិ ដាំកូនឈើចម្រុះគ្រប់ប្រភេទចំនួន២.២០០ដើម លើផ្ទៃដី២ហិកតា មានកូនឈើគគីរ គ្រញូង និងកូនដើមឈើទាល ដាំក្នុងបរិវេណវត្តអូរត្រេះ ស្ថិតក្នុងភូមិ៦ សង្កាត់លេខ៤ ក្រុង ខេត្តព្រះសីហនុ  នាព្រឹកថ្ងៃចន្ទ ១៤កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ ដែលរៀបចំដោយមន្ទីរកសិកម្ម និងរដ្ឋបាលព្រៃឈើខេត្តព្រះសីហនុ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុមានប្រសាសន៍ក្នុងពិធី បុណ្យរុក្ខទិ វាជាតិ ៩កក្កដាថា សកម្មភាពដាំដុះកូនឈើឡើងវិញ និងការចូលរួមថែរក្សាការពារព្រៃឈើ គឺសំដៅប្រែក្លាយឱ្យមានភាពស្រស់បំព្រង និងអភិវឌ្ឍន៍ធនធានព្រៃឈើឱ្យកាន់តែសម្បូរ ឡើងវិញ ជាការឆ្លើយតបសម្រាប់ធ្វើជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ចជាតិរួមចំ ណែកលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងកិច្ចការពារបរិស្ថានសំដៅទប់ស្កាត់ ការកើនឡើងកំដៅ នៃភពផែនដី និងភាពរាំងស្ងួត ក៏ដូចជាគ្រោះទឹកជំនន់ជាដើម។

ឯកឧត្តមអភិបាលខេត្ត ក៏បានជំរុញ ឱ្យបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាវិស័យឯកជន មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធចូលរួមទាំងអស់គ្នា ដើម្បីប្រែក្លាយទៅជាកម្លាំងចលនា មួយចូលរួមដាំដើមឈើតាមគ្រប់រូបភាពឱ្យបានច្រើនជាអតិបរមា និងបណ្ដុះនូវផ្នត់គំនិ តស្រឡាញ់ព្រៃឈើថែរក្សាការពារព្រៃឈើ ដើម្បីជាប្រយោជន៍របស់ជាតិ និងជារបស់យើង ទាំងអស់គ្នា។

លោក នេន ចំរើន ប្រធានមន្ទីរកសិ កម្មរុក្ខាប្រមាញ់ និងនេសាទខេត្តព្រះ សីហនុ បានឱ្យដឹងថា ការប្រារព្ធពិធីបុណ្យរុក្ខទិវានៅក្នុងខេត្តព្រះសីហនុ មន្ទីរកសិកម្ម ដែលមានរដ្ឋបាលព្រៃឈើជាសេនាធិការ ក្នុងការរៀបចំដាំកូនឈើចម្រុះគ្រប់ប្រភេទចំនួន ២.២០០ដើម ក្នុងនោះមាន កូនគគីរ កូនគ្រញូង និងកូនឈើទាល ដាំដុះលើផ្ទៃដី ២ហិកតា ក្នុងបរិវេណវត្តអូរត្រេះ ស្ថិតក្នុងភូមិ៦ សង្កាត់លេខ៤ ក្រុង ខេត្តព្រះសីហនុ។

លោកប្រធានមន្ទីរកសិកម្មបានឱ្យដឹងបន្ថែមថា យោងតាមស្ថិតិព្រៃឈើ កម្ពុជា ឆ្នាំ២០១០ ដែលទើបបញ្ចូលផ្ទៃដីស្រុកកំពង់សិលាទាំងមូលមួយផ្នែក នៃផ្ទៃដី ឃុំបឹងព្រាវ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុងមកខេត្តព្រះសីហនុ មាន ផ្ទៃដីសរុប ចំនួន២៨៦,៤៩២ហិកតា ក្នុងនោះដីព្រៃឈើមានចំនួន ១៦៦,០៥៥ហិកតា និងដីមិនមែន ព្រៃឈើ គឺមានចំនួន ១២០,៤៣៧ហិកតា។ ផ្ទៃដីព្រៃឈើ បាន និងកំពុងបាត់ បង់ជាបណ្ដើរៗ។ តាមកម្មវិធីព្រៃឈើជាតិត្រូវរក្សាឱ្យបាននូវគម្របព្រៃឈើ ៦០ភាគរយ នៃផ្ទៃដីទាំងមូលសម្រាប់រយៈពេលត្រឹមឆ្នាំ២០១៥ ដើម្បីលើកកម្ពស់ស្មារតីជំរុញ និងអនុវត្តន៍ ការងារដាំដើមឈើឡើងវិញនៅលើដីទំនេរ ដីព្រៃលិចទឹក និងដីព្រៃរេចរឹល ព្រមទាំងចលនា ដល់វិស័យឯកជន និងប្រជាពលរដ្ឋ ដាំដើមឈើនៅគ្រប់ទីកន្លែង ហើយសម្រាប់ឆ្នាំនេះ មន្ទីរបានបណ្ដុះកូនឈើចម្រុះគ្រប់ប្រភេទបានចំនួន ៥២,៧៣៦ដើម ក្នុងនោះមានឈើហូបផ្លែ និងដើមឈើរយៈពេលវែង សម្រាប់ធ្វើការចែកចាយជូនបងប្អូនប្រជាពលរដ្ឋ ព្រះសង្ឃ ស្ថាប័ន អង្គភាពផ្សេងៗទៀតយកទៅដាំតាមលំនៅឋានរៀងៗខ្លួន៕

ដោយ ងូ សុមុនី