រដ្ឋសភាជំរុញឲ្យរាជរដ្ឋាភិបាល បន្តអភិវឌ្ឍន៍ និងគ្រប់គ្រងធនធានមនុស្សឲ្យកាន់តែប្រសើរ

វិទ្យុជាតិកម្ពុជា៖ វ៉ាង ភក្តី
ភ្នំពេញ៖ រដ្ឋសភាជំរុញឲ្យរាជរដ្ឋាភិបាល បន្តអភិវឌ្ឍន៍ និងគ្រប់គ្រងធនធានមនុស្ស ក្នុងវិស័យសាធារណៈឲ្យកាន់តែប្រសើរ ដើម្បីឆ្លើយតបទៅនឹងបរិការណ៍នៃចរន្តវិវត្តន៍សេដ្ឋកិច្ចតំបន់ និងសកលលោក ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា មានប្រសាសន៍ថា ការយកចិត្តទុកដាក់ក្នុងការបន្ត និងលើកកម្ពស់កិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍ផ្នែកទាំងនេះ នឹងធានាបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ រឹងមាំ និងមាននិរន្តភាព និងអាចដោះស្រាយបញ្ហាប្រឈមនានា។

ថ្លែងក្នុង ពិធីបើកសិក្ខាសាលាស្វែងយល់ពីការកសាងក្របខ័ណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចនិងគោលនយោបាយហិរញ្ញវត្ថុសាធារណៈ សម្រាប់រៀបចំសេចក្តីព្រាងច្បាប់ ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០ នៅព្រឹកថ្ងៃទី១៥ ខែកក្កដានេះ សម្តេចពញាចក្រី ហេង សំរិន បានលើកទឹកចិត្តដល់រាជរដ្ឋាភិបាលពន្លឿនកម្មវិធីកែទម្រង់ស៊ីជម្រៅ ដើម្បីធានាបានប្រព័ន្ធរដ្ឋបាលស្អាតស្អំ ឆ្លាតវៃ លើកកម្ពស់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។ ជាមួយគ្នានេះ ក៏បានជំរុញការអភិវឌ្ឍវិស័យកសិកម្ម ដោយផ្តោតលើការបង្កើនផលិតភាព ពិពិធកម្ម ការកែច្នៃកសិផល និងពាណិជ្ជូបនីយកម្ម។

សម្តេចពញាចក្រី មានប្រសាសន៍ថា «ខ្ញុំសូមលើកទឹកចិត្តដល់រាជរដ្ឋាភិបាលបន្តកិច្ចខិតខំពន្លឿនការអនុវត្តកម្មវិធី និងអាទិភាពគោលនយោបាយ សំខាន់ៗ ដូចជាបន្តអភិវឌ្ឍធនធានមនុស្ស លើកកម្ពស់វិស័យកសិកម្ម ឧស្សាហកម្ម ការងារវិមជ្ឈការ និងវិសហមជ្ឈ ដើម្បីឲ្យកម្ពុជាមានប្រព័ន្ធរដ្ឋបាលសាធារណៈមួយ កាន់តែស្អាតស្អំ ឆ្លាតវៃ និងមានសមត្ថភាពអាចដោះស្រាយបញ្ហាសង្គម និងសេដ្ឋកិច្ច ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងដែលអាចឲ្យកម្ពុជាសម្រេចបាននូវវឌ្ឍនភាព និងវិបុលភាព តាមការរំពឹងទុក សំដៅធានាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងប្រក្រតីភាពនៃជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ប្រកបដោយសមធម៌ និងនិរន្តភាព»។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី រ្យ អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឲ្យដឹងថា រាជរដ្ឋាភិបាលបានដាក់ចេញ និងជំរុញអនុវត្តវិធានការមុតស្រួចជាកញ្ចប់ សំដៅពន្លឿនការកែទម្រង់ជាច្រើន ដូចជាការបញ្ចុះថ្លៃអគ្គិសនី ការលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្ម និងការកាត់បន្ថយចំណាយផ្លូវការ និងផ្លូវការក្នុងការធ្វើធុរកិច្ចជាដើម ក្នុងគោលដៅលើកកម្ពស់បរិយាកាស អំណោយផលដល់ការធ្វើធុរកិច្ច ដើម្បីបង្កើនទំនុកចិត្ត និងទាក់ទាញវិនិយោគិន ទំាងក្នុង និងក្រៅប្រទេស ដើម្បីឲ្យកម្ពុជាសម្រេចបាននូវឋានៈជា ប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០។

ជាមួយគ្នានេះ ក៏បន្តអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យកសិកម្ម ឧស្សាហកម្ម២០១៥-២០២៥ ឲ្យកាន់តែមានប្រសិទ្ធិភាព សំដៅបង្កើនសង្វាក់ផលិតកម្មដែលមានតម្លៃបន្ថែមខ្ពស់ ដើម្បីធានាបាននូវភាពសុខដុម និងវិបុលភាពជូនប្រជាពលរដ្ឋ។
នៅឆ្នាំ២០១៩នេះ កំណើនសេដ្ឋកិច្ចកម្ពុជា ត្រូវព្យាករថា នឹងធ្លាក់មកនៅត្រឹម៧,១ភាគរយ បន្ទាប់ពី នៅក្នុងឆ្នាំ២០១៨ អត្រាកំណើនសេដ្ឋកិច្ចរបស់កម្ពុជាសម្រេចបាន៧,៥ភាគរយ ដែលជាកំណើនមួយខ្ពស់បំផុត នៅក្នុងរយៈពេល១០ឆ្នាំចុងក្រោយ៕