រដ្ឋបាលខេត្តតាកែវនឹងផ្តល់ប័ណ្ណកម្មសិទ្ធកាន់កាប់ដីធ្លីដល់ពលរដ្ឋនៅភូមិព្រៃវែង ចាប់ពីថ្ងៃទី១៨ដល់ថ្ងៃទី១៩ ខែកក្កដានេះ

វិទ្យុជាតិកម្ពុជា: ហាន់ ស្រីណា ១៥.០៧.២០១៩៖


រដ្ឋបាលខេត្តតាកែវបានប្រកាសផ្តល់ប័ណ្ណកម្មសិទ្ធកាន់កាប់ដីធ្លីដល់ពលរដ្ឋរស់នៅភូមិព្រៃវែង ឃុំធ្លក ស្រុកទ្រាំង ខេត្តតាកែវចាប់ពីថ្ងៃទី១៨ដល់ថ្ងៃទី១៩ខែកក្កដាឆ្នាំ២០១៩នេះ ដើម្បីឲ្យប្រជាពលរដ្ឋមានសិទ្ធិគ្រប់គ្រាន់ក្នុងការប្រើប្រាស់អាស្រ័យផលលើដីរបស់ខ្លួនស្របច្បាប់ និងកាត់បន្ថយវិវាទដីធ្លី។
យោងតាមសេចក្តីប្រកាសរបស់រដ្ឋបាលខេត្តតាកែវកាលពីពេលថ្មីៗនេះហើយ វិទ្យុជាតិកម្ពុជាទើបទទួលបាននៅថ្ងៃទី១៥ខែកក្កដានេះបានអោយដឹងថា មន្ទីរៀបចំដែនដីនគរូបនីយកម្មសំណង់និងសូរិយោដី ខេត្តតាកែវនឹងធ្វើការចែកវិញ្ញាបនបត្រសម្គាល់អចលនវត្ថុជូនដល់ម្ចាស់ក្បាលដីនេះ ដើម្បីកាត់បន្ថយហានិភ័យជម្លោះដីធ្លី និងការពារម្ចាស់ដីពីការបាត់បង់អចលនវត្ថុរបស់ខ្លួន។
សេចក្តីប្រកាសដដែលបានអោយដឹងទៀតថា ចំពោះប័ណ្ណសម្គាល់សិទ្ធកាន់កាប់អចលនវត្ថុដែលចេញដោយរដ្ឋបាលសុរិយោដីកន្លងមកក្នុងតំបន់នេះនឹងត្រូវអស់សុពលភាពតាមច្បាប់ចាប់ពីថ្ងៃចែកវិញ្ញាបនបត្រនេះតទៅ។មន្ទីរៀបចំដែនដីនគរូបនីយកម្មសំណង់
និងសូរិយោដី ខេត្តតាកែវបញ្ជាក់ថា ដើម្បីទទួលបានវិញ្ញាបនប័ត្រថ្មីនេះ គឺប្រជាពលរដ្ឋជាម្ចាស់ដីត្រូវយកប័ណ្ណកម្មសិទ្ធិចាស់មកប្រគល់ឲ្យមន្ត្រីរដ្ឋបាលសូរិយោដីជាកំហិត ៕