លោក មូន សូមអភ័យទោសចំពោះការមិនគោរព តាមការសន្យាយុទ្ធនាការ លើប្រាក់ឈ្នួលអប្បបរមា

AKP ភ្នំពេញ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩  — លោកប្រធានាធិបតីលោក មូន ចេ-អ៊ិន(Moon Jae-in) បានផ្តល់ការសុំអភ័យទោស​ជាសាធារណៈកាលពីថ្ងៃអាទិត្យ ចំពោះការបរាជ័យជាក់ស្តែងក្នុងការរក្សាការសន្យារបស់​លោក​ក្នុងការដំឡើងប្រាក់កម្រៃអប្បបរមារបស់កូរ៉េខាងត្បូងឱ្យដល់១០,000វ៉ុន (៨,៤៨ដុល្លារ​​អាម៉េរិក) ក្នុងមួយម៉ោងនៅឆ្នាំ ២០២០ខាងមុខនេះ ។

លោក មូន បានបញ្ជូនសារនេះតាមរយៈប្រធានបុគ្គលិកទទួលបន្ទុកគោលនយោបាយ របស់លោក​ លោក គីម សាន-ជូ (Kim Sang-jo) ។

លោក មូន ត្រូវបានគេដកស្រង់សម្តីដោយនិយាយថា ក្នុងនាមជាប្រធានាធិបតីវា​ពិត​ជាគួរឱ្យសោកស្តាយណាស់ ហើយខ្ញុំសុំទោសចំពោះការបរាជ័យក្នុងការរក្សាការសន្យា​ជាមួយប្រជាជន។

កាលពីសប្ដាហ៍មុន អ្នកតំណាងផ្នែកការងារ និងអ្នកជំនួញ ព្រមទាំងអ្នកជំនាញបាន​បោះឆ្នោតដើម្បីដំឡើងប្រាក់កម្រៃ២,៩ភាគរយដល់ ៨,៥៩០វ៉ុន សម្រាប់ឆ្នាំក្រោយ។ សម្រាប់​ឆ្នាំ២០១៩ ប្រាក់ឈ្នួលបានកើនឡើង ១០,៩ភាគរយ ធៀបនឹងឆ្នាំមុន។

អត្រាកំណើន​ដែល​ទាបបំផុត​ក្នុងទសវត្សរ៍នេះ មានន័យថា វាមិនអាចទៅរួចទេ សម្រាប់​​លោក មូន​ ដើម្បីធ្វើឱ្យសម្រេចបាននូវគោលដៅគោលនយោបាយរបស់លោក​ក្នុងការ​ដំឡើងប្រាក់ឈ្នួលអប្បបរមាដល់ ១០,000 វ៉ុន នៅឆ្នាំគោលដៅ។

នៅក្នុងសន្និសីទសារព័ត៌មានមួយ លោក គីម បានលើកឡើងថា លោក Moon បាន​និយាយថា វាមិនអាចក្លាយជាគោលដៅដែលមិនអាចទៅរួចនោះទេ ដើម្បីសម្រេចបានគោល​ដៅ​គឺ « នៅក្នុងរយៈពេលបីឆ្នាំ» ។

អ្នកនាំពាក្យលោក Cheong Wa Dae លោក Ko Min-jung បានប្រាប់អ្នកយកព័ត៌មាន​ដាច់ដោយឡែកនៅពេលក្រោយនេះថា លោក មូន បានសំដៅដល់រយៈពេល ៣ឆ្នាំ ចាប់តាំង​ពី​គាត់​ឡើងកាន់តំណែងកាលពីខែឧសភា ឆ្នាំ ២០១៧មក មិនមែនជាឆ្នាំខាងមុខទេ រហូតដល់​ពេលបញ្ចប់។

នៅក្នុងជំនួបជាមួយអ្នកជំនួយការការិយាល័យ Cheong Wa Daeរបស់លោក លោក មូន បាននិយាយថា គណៈកម្មការប្រាក់ឈ្នួលអប្បបរមាបានធ្វើការសម្រេច​ចិត្តដ៏លំបាក​ដោយ​​ពិចារណាលើ «លក្ខខណ្ឌសេដ្ឋកិច្ច ស្ថានភាពការងារ និងការទទួលយកទីផ្សារ»។

មុននេះលោក Moon បានបង្ហាញពីភាពបត់បែនមួយចំនួន នៅក្នុងវិធីសាស្រ្តរបស់​លោក​ឆ្ពោះទៅរកបញ្ហារសើបនេះ ដោយបញ្ជាក់ថា រដ្ឋាភិបាលមិនចាំបាច់ប្រកាន់ភ្ជាប់ការ​សន្យា​យុទ្ធនាការរបស់គាត់ចំពេលដែលបញ្ហាសេដ្ឋកិច្ចមិនជាប់គាំង៕

(ប្រភព Yonhap: បកប្រែដោយលោក មាស សំអុល)