រញ្ជួយដីកម្រិត ៧,៣រ៉ិចទ័រវាយប្រហារប្រទេសឥណ្ឌូណេស៊ីភាគខាងកើត

AKP ភ្នំពេញ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩​ — ទីភ្នាក់ងារស្ទង់ភូមិសាស្រ្តសហរដ្ឋអាមេរិក (USGS) បានរាយការណ៍ថា កាលពីថ្ងៃទី ១៤ ខែកក្កដា មានគ្រោះរញ្ជួយដីមួយដែលមានទំហំ ៧,៣រ៉ិចទ័រ បានវាយប្រហារប្រទេសឥណ្ឌូណេស៊ីភាគខាងកើត។

USGS បាននិយាយថា ការរញ្ជួយដីនេះបានកើតឡើងនៅជម្រៅ ១០គីឡូម៉ែត្រនៅតំបន់មួយដែលមានចម្ងាយ ១៦៨គីឡូម៉ែត្រ នៅភាគខាងត្បូង – ភាគអាគ្នេយ៍នៃតំបន់ Ternate នៅខេត្ត Maluku ភាគខាងជើង។

លោក Iksan Subur មន្ត្រីនៃទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយរបស់ប្រទេសឥណ្ឌូណេស៊ីដែលមានមូលដ្ឋាននៅភាគខាងត្បូងនៃទីក្រុង Halmahera ដែលនៅជិតតំបន់រញ្ជួយដីនោះបាននិយាយថា មិនមានរបាយការណ៍ណាមួយស្តីពីការខូចខាតហេដ្ឋារចនាសម្ព័ន្ធនោះទេ ប៉ុន្ដែមានមនុស្សភ័យស្លន់ស្លោ និងរត់ចេញពីផ្ទះ។ លោកបាននិយាយបន្ថែមថា មនុស្សមួយចំនួនដែលរស់នៅតំបន់ជិតមហាសមុទ្រ កំពុងចាប់ ផ្តើមផ្លាស់ទីលំនៅទៅកាន់ទីទួលខ្ពស់។

កាលពីសប្ដាហ៍មុន មានគ្រោះរញ្ជួយដីមួយកម្រិត ៦,៩រ៉ិចទ័រ បានវាយប្រហារខេត្ត Maluku ភាគខាងកើតប្រទេសឥណ្ឌូណេស៊ី ប៉ុន្តែមិនបណ្តាលឱ្យមានការខូចខាតធ្ងន់ធ្ងរនោះទេ។

ប្រទេសឥណ្ឌូណេស៊ី គឺជាប្រទេសដែលងាយរងគ្រោះបំផុតមួយនៅលើផែនដី ដែលស្ថិតនៅលើតំបន់ «ចិញ្ចៀនភ្លើង» ដែលកាត់មហាសមុទ្រប៉ាស៊ីហ្វិក ដែលជាតំបន់មួយមានការផ្ទុះភ្នំភ្លើង និងរញ្ជួយដីច្រើនជាងគេនៅលើពិភពលោក។

កាលពីខែកញ្ញា ឆ្នាំមុន មានគ្រោះរញ្ជួយដីមួយកម្រិត ៧,៥រ៉ិចចទ័រ និងរលកយក្សស៊ូណាមិមួយកើតឡើងនៅតំបន់ Palu នៅកោះ Sulawesi ដែលបានសម្លាប់មនុស្សជាង ២.២០០នាក់ និងមនុស្សជាងមួយពាន់នាក់ទៀតបានបាត់ខ្លួន។

នៅក្នុងឆ្នាំ ២០០៤ មានគ្រោះរញ្ជួយដីដ៏ធំមួយនៅកោះស៊ូម៉ាត្រា ប្រទេសឥណ្ឌូណេស៊ីភាគខាងជើង ដែលបានបង្កឱ្យមានរលកយក្សស៊ូណាមីឆ្លងកាត់មហាសមុទ្រឥណ្ឌា និងបានសម្លាប់មនុស្សចំនួន ២២០.០០០នាក់ នៅក្នុងប្រទេសចំនួន ១៣ ដែលក្នុងនោះ ប្រទេសឥណ្ឌូណេស៊ីមានអ្នកស្លាប់ជាង ១៦៩.០០០នាក់៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)