ក្រុមអ្នកវិនិយោគខ្មែរចាប់ផ្តើមរួមគ្នាវិនិយោគគម្រោងស្ថាបនា រីស៊ត និងសណ្ឋាគារ ទំនើបៗនៅក្នុងខេត្តកំពត

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ហុក​ សុខរិន​៖

ក្រុមអ្នកវិនិយោគខ្មែរចាប់ផ្តើមរួមគ្នាវិនិយោគគម្រោងស្ថាបនា រីស៊ត និងសណ្ឋាគារ ទំនើបៗនៅក្នុងខេត្តកំពត ដើម្បីបំរើឲ្យការជួយលើកកម្ពស់វិស័យទេសចរណ៍ ខណៈដែរខេត្ត ជាប់ឆ្នេរសមុទ្រដ៏សំខាន់នេះកំពុងមានសក្តានុពលខ្លាំងក្នុងការស្រូបទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិទៅសំរាកលេងលំហែកាយ។
ក្រុមហ៊ុនកំពតឋានសួគ៌សម្រេចចំណាយថវិកាជាង៤លានដុល្លាសម្រាប់វិនិយោគ គម្រោង សាងសង់រីស៊តផ្កាឈូករ័ត្ន និងសណ្ឋាគារ លំដាប់ផ្កាយរហូតដល់ ២០កន្លែងជាប់ៗគ្នា ដើម្បី ឆ្លើយតបទៅនឹងតម្រូវការរបស់ភ្ញៀវទេសចរសម្រាកស្នាក់នៅក្នុងខេត្តកំពត ខណៈដែលខេត្ត នេះកំពុងមានលំហូរភ្ញៀវទេសចរជាតិអន្តរជាតិចូលមកកាន់តែច្រើនតែខ្វះបន្ទប់ស្នាក់នៅ ក្បែរតំបន់ឆ្នេរ សមុទ្រទៅតាមសេចក្តីត្រូវការ។
ថ្លែងក្នុងកម្មវិធីបើកដំណើរការគម្រោងស្ថាបនា ស៊តផ្កាឈូករ័ត្ន និងសណ្ឋាគារស្ថិតនៅភូមិអង្គ ឃុំត្រពាំងព្រឹង ស្រុកទឹកឈូ ខេត្តកំពតកាលពីពេលថ្មីៗនេះ លោក នួន អក អគ្គនាយក រីស៊តផ្កាឈូករ័ត្ន បានឱ្យដឹងថា មូលហេតុដែលក្រុមហ៊ុនកំពតឋានសួគ៍ បានសម្រេចចិត្តចំណាយទឹកប្រាក់រហូតដល់ ៤លានដុល្លារ ដើម្បីសាងសង់ រីស៊ត ផ្កាឈូករត្ន័ ដោយឃើញថា វាជាតំបន់ធម្មជាតិ ដែលមានដៃសមុទ្រជាច្រើនហូរខ្វាតខ្វែងពីតំបន់ភ្នំបានចូលមកដល់សមុទ្រ ដែលជាទី ទាក់ទាញដល់ភ្ញៀវទេសចរ។ លោក បានបន្ថែមទៀតថា នៅតំបន់នេះដែរ ក្រៅពីការសាងសង់រីស៊ត ក៏នឹងបង្កើតឱ្យមានផ្សារក្តាមលក់គ្រឿងសមុទ្រធម្មជាតិ ដោយសារតែក្រុមហ៊ុន បានទម្លាក់ថវិកាប្រមាណ៥លានដុល្លារ ដើម្បីជួយដល់នេសាទមានទូកចេញទៅនេសាទគ្រប់គ្រាន់ដោយពុំចាំបាច់ជួលពីក្រុមហ៊ុនឡើយ។ជាមួយគ្នានេះតំបន់នេះក៏បានបង្កើតផ្សារលក់ធុរេនធម្មជាតិនឹងមានការបង្កើតជាសួនផ្កាចំរុះ ពណ៌ដែលជាទីទាក់ទាញភ្ញៀវទេសចរស្រឡាញ់ធម្មជាតិ។
លោក ស៊ឹម សុខជា អនុប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មនិងសំណង់ខេត្តកំពត បានឱ្យដឹងថា បច្ចុប្បន្នខេត្តកំពតគឺមានក្រុមហ៊ុនសាងសង់ជាច្រើន បានមកចូលរួមក្នុងការអភិវឌ្ឍ គម្រោងវិនិយោគសំណង់អគារនិងសណ្ឋាគារជាច្រើន ហើយរំពឹងថាគម្រោងរីស៊តផ្កាឈូករ័ត្ននេះ នឹងជួយចូលរួមធ្វើឲ្យខេត្តកំពតកាន់តែក្លាយជាខេត្តសក្តានុពលសម្រាប់បំរើវិស័យទេសចរណ៍ និងការវិនិយោគ។ សម្លេង
សូមបញ្ជាក់ថា គម្រោងស្ថាបនារីស៊តផ្កាឈូករ័ត្ននេះដែរ គឺមានលិខិតអនុញ្ញាតសម្រាប់សាងសង់ត្រឹមត្រូវ ដែលបានអនុញ្ញាតពី រដ្ឋបាលក្រុងកំពត និងអាជ្ញាធរដែនដីពាក់ព័ន្ធ៕