វៀតណាម និងសហរដ្ឋអាមេរិកបង្កើនភាពជាដៃគូដ៏ទូលំទូលាយ

AKP ភ្នំពេញ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ ២០១៩​ — លោក Nguyen Xuan Thang លេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សវៀតណាម និងជាប្រធានមជ្ឈមណ្ឌលទ្រឹស្ដីមជ្ឈិម បានជួបពិភាក្សាជាមួយបណ្តាអ្នកតំណាងរបស់សហរដ្ឋអាមេរិក និងអង្គការអន្ដរជាតិ និងវិទ្យាស្ថានមកពីទីក្រុងវ៉ាស៊ីនតោនឌីស៊ី។

លោក Thang ដែលជាប្រធានបណ្ឌិតសភានយោបាយនៃទីក្រុងហូជីមិញ បានជួបជាមួយសមាជិកសភាអាម៉េរិក លោក Ted Yoho អតីតប្រធានអនុគណៈកម្មការអាស៊ី និងប៉ាស៊ីហ្វិក នៃគណៈកម្មាធិការកិច្ចការបរទេសនៅក្នុងសភាតំណាងរាស្ដ្រអាម៉េរិក លោក Michael Kratsios ជាជំនួយការរងរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកសម្រាប់គោលនយោបាយបច្ចេកវិទ្យា និងលោក Walter Douglas ឧបការីរងរដ្ឋមន្រ្តីក្រសួងការបរទេសនៃការិយាល័យកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក នៃក្រសួងការបរទេសសហរដ្ឋអាមេរិក។

ភាគីទាំងពីរបានកត់សម្គាល់ដោយក្តីរីករាយចំពោះកិច្ចសហប្រតិបត្តិការ និងការជឿទុកចិត្តជាយុទ្ធសាស្រ្តរវាងវៀតណាម និងអាម៉េរិក ហើយបានផ្លាស់ប្តូរទស្សនៈរបស់ពួកគេទៅលើទស្សនវិស័យល្អប្រសើរនៃទំនាក់ទំនងទ្វេភាគីនាពេលខាងមុខ។
ពួកគេបានពិភាក្សាគ្នាអំពីបញ្ហាតំបន់ និងអន្តរជាតិ ក៏ដូចជាផលប៉ះពាល់ទៅលើទំនាក់ទំនងរវាង វៀតណាម និងសហរដ្ឋអាមេរិក រួមទាំងស្ថានភាពនៅតំបន់អាស៊ីប៉ាស៊ីហ្វិក ភាពតឹងតែងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន ការកែសម្រួលគោលនយោបាយនៃប្រទេសធំៗ ដូចជាសហរដ្ឋអាមេរិក និងចិន ព្រមទាំងយុទ្ធសាស្រ្តសេរីភាព និងបើកចំហរឥណ្ឌូ-ប៉ាស៊ីហ្វិករបស់សហរដ្ឋអាមេរិកផងដែរ។

លោក Thang ដែលកំពុងដឹកនាំគណៈប្រតិភូវៀតណាមធ្វើទស្សនកិច្ចនៅសហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ១៧ ខែកក្កដា បានអះអាងថា ការអត់ឱន និងការដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងររបស់វៀតណាមប្រឆាំងចំពោះការក្លែងបន្លំពាណិជ្ជកម្ម គឺដើម្បីការពារកិត្យានុភាពរបស់ទំនិញវៀតណាមនៅលើទីផ្សារអន្តរជាតិ និងធានាបាននូវគោលការណ៍ពាណិជ្ជកម្មរួម។
មន្ត្រីរូបនេះបាននិយាយថា កិច្ចអភិវឌ្ឍថ្មីៗក្នុងទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី បានឆ្លុះបញ្ចាំងអំពីកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈររបស់វៀតណាមក្នុងការលើកកម្ពស់គុណភាពផលិតផលរបស់ខ្លួន ការរៀបចំរចនាសម្ព័ន្ធទំនិញឡើងវិញ និងការបង្កើតទីផ្សារថ្មី។

សម្រាប់ភាគីសហរដ្ឋអាមេរិកវិញបានអះអាងថា ខ្លួននឹងចូលរួមប្រកបដោយការទទួលខុសត្រូវដើម្បីចូលរួមរក្សាសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ព្រមទាំងធានាសន្តិសុខដែនសមុទ្រ និងសុវត្ថិភាពលើមូលដ្ឋានច្បាប់អន្តរជាតិនៅតំបន់ឥណ្ឌូ-អាស៊ី-ប៉ាស៊ីហ្វិក។

សហរដ្ឋអាមេរិកនឹងបន្តរក្សាតួនាទីស្នូលរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នៅក្នុងស្ថាបត្យកម្មក្នុងតំបន់ និងសម្រេចបាននូវយុទ្ធសាស្ត្រសេរី និងបើកទូលាយឥណ្ឌូ-ប៉ាស៊ីហ្វិករបស់ខ្លួន៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)