តំណាងរាស្ត្រខេត្តកណ្តាលនាំគ្រូពេទ្យស្មគ្រចិត្តព្យាបាលជំងឺជូនប្រជាពលរដ្ឋស្រុកកៀនស្វាយ

AKP កណ្តាល ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ -នៅថ្ងៃអាតិត្យ ១៣កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ពស ២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែ  កក្កដា ឆ្នាំ២០១៩ ឯកឧត្តម សុះ​ មុះសិន អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល និង ជាអនុប្រធាន​សហភាពសហព័ន្ធយុវជនកម្ពុជា បានដឹកនាំក្រុមគ្រូពេទ្យឯកឧត្តម ហ៊ុន ម៉ានី ទៅពិនិត្យ និង ព្យបាលជំងឺជូនប្រជាពលរដ្ឋ និង បងប្អូនកម្មករ កម្មការិនី នៅក្នុងបរិវេណរោងចក្រយីដា ស្ថិតក្នុងភូមិឫស្សីស្រុក ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាលចំនួន ៤.២៣៧នាក់ដោយឥតគិតថ្លៃ។

ក្នុងឱកាសនោះ ឯកឧត្តម សុះ​ មុះសិន បានលើកឡើងថា ក្រុមគ្រូពេទ្យនៃសម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ឋយុវជនកម្ពុជាចំនួន ៣២៨នាក់ ដែលសុទ្ធតែជាវេជ្ជបណ្ឌិតជំនាញ ភាគច្រើន បានបញ្ចប់ការសិក្សានៅក្រៅប្រទេស និង មានបទពិសោធន៍ជាច្រើនឆ្នាំនៅតាមមន្ទីរពេទ្យធំៗ ក្នុងរាជធានីភ្នំពេញ រួមជាមួយសម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ឋយុវជនកម្ពុជា (ស.ស.យ.ក) សាខាខេត្តកណ្តាល បានចុះជួយពិនិត្យ ព្យាបាលជូនប្រជាពលរដ្ឋ និងកម្មករ-កម្មការិនី នៅស្រុកកៀនស្វាយ ដោយមិនគិតថ្លៃ ដែលជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា លើបញ្ហាសុខុមាលភាពរបស់ប្រជាពលរដ្ឋ។

កម្មវិធីពិនិត្យនឹងចាប់ផ្តើមនៅម៉ោង៧ព្រឹក និងបញ្ចប់នៅម៉ោង១២ថ្ងៃត្រង់នេះ ហើយ ការពិនិត្យ និងព្យាបាល រួមមាន៖ ជំងឺទូទៅ ជំងឺបេះដូង និង សសៃរឈាម  ជំងឺមនុស្សចាស់ ជំងឺត្រចៀក ច្រមុះ បំពង់ក បំពាក់ឧបករណ៍គ-ថ្លង់ ជំងឺភ្នែក ជំងឺសើរស្បែក និង កាមរោគ ជំងឺផ្លូវចិត្ត ជំងឺកុមារ ជំងឺវះកាត់និងរោគសន្លាក់ ជំងឺមាត់-ធ្មេញ ពិនិត្យអេកូសាស្រ្ត រោគស្រ្តី និងពិ និត្យស្ត្រីមានផ្ទៃពោះ អប់រំសុខភាពសាធារណៈ ជំងឺតម្រងនោម មន្ទីរពិសោធន៍ចល័ត ពិនិត្យបឋម និងសេវាឱសថសាស្រ្ត ៕

ដោយ ណយ នឿន (បករភព រដ្ឋបាលខេត្តកណ្តាល)