ព្រឹទ្ធសភាគាំទ្ររាជរដ្ឋាភិបាលក្នុងការវិនិយោគលើគម្រោងវារីអគ្គិសនីមួយកន្លែងទៀតនៅខេត្តពោធិ៍សាត់ដើម្បីបំពេញតម្រូវការអគ្គីសនីនៅកម្ពុជា

វិទ្យុជាតិកម្ពុជា៖ដោយលោកចេម ហួត

ភ្នំពេញ៖ ព្រឹទ្ធសភាគាំទ្ររាជរដ្ឋាភិបាលក្នុងការវិនិយោគលើវារីអគ្គិសនីមួយកន្លែងទៀតនៅខេត្តពោធិ៍សាត់ដើម្បីឆ្លើយតបទៅនឹងតម្រូវការថាមពលអគ្គិសនីដែលមានកំណើនជាប្រចាំថ្ងៃ។

 

សមាជិកព្រឹទ្ធសភាចំនួន៤៨រូបដឹកនាំដោយសម្តេចវិបុលសេនាភក្តីសាយឈុំ ប្រធានព្រឹទ្ធសភា នាព្រឹក ថ្ងៃទី១១ ខែកក្កដានេះ  បានអនុម័តគាំទ្រជាឯកច្ឆ័នលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រឲ្យក្រុមហ៊ុន អេស ភីអេច ភី(ខេមបូឌា) ឯ.ក ដើម្បីជាកិច្ចបើកផ្លូវចំពោះគម្រោងវិនិយោគលើការសាងសង់ទំនប់វារីអគ្គិសនីនៅ ខេត្តពោធិ៍សាត់មួយកន្លែងទៀត ដែលមានប្រភពថាមពល៨០មេហ្កាវ៉ាត់ ក្រោយពីដាក់ឲ្យដំណើរការនៅឆ្នាំ២០២៣។

 

ឯកឧត្តម ម៉ម ប៊ុននាង សមាជិកអចិន្ត្រៃយ៍ និងជាអ្នកនាំពាក្យព្រឹទ្ធសភាបានប្រាប់អ្នកសារព័ត៌មានក្រោយពីបញ្ចប់កិច្ចប្រជុំនោះថា ការអនុម័តនូវសេចក្តីព្រាងច្បាប់នេះ ដើម្បីឲ្យរាជរដ្ឋាភិបាលកម្ពុជាផ្តល់ទំនុកចិត្ត ដល់ក្រុមហ៊ុនវិនិយោគលើការអភិវឌ្ឍវិស័យ​ថាមពល សំដៅធានាដល់ការផ្គត់ផ្គង់អគ្គិសនី បានគ្រប់គ្រាន់ មាននិរន្តភាព ស្ថិរភាព ប្រសិទ្ធភាព និងមានតម្លៃសមរម្យ។ 

 

ឯកឧត្ដម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលតំណាងរាជរដ្ឋាភិបាលដែលបានឡើងការពារសេចក្តីព្រាងច្បាប់នេះមានប្រសាសន៍ថា គម្រោងវិនិយោគវារីអគ្គិសនីនេះ គឺកាត់ស្ទឹងពោធិ៍សាត់១ ស្ថិតនៅក្នុងសាស្ត្រ ឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ការវិនិយោគនេះ ចំណាយដើមទុនសរុបជាង២៣០លានដុល្លារអាម៉េរិក ក្នុងរយៈពេលសម្បទាន៣៩ឆ្នាំ  ដោយរយៈពេលប្រតិបត្តិការអាជីវកម្មផ្ទេរសិទ្ធិ (BOT)មានរយៈពេល៣៥ឆ្នាំ ខណៈ គម្រោងវិនិយោគនេះ ត្រូវបានរាជរដ្ឋាភិបាល លើកលែងពន្ធដល់ក្រុមហ៊ុនរយៈពេល៩ឆ្នាំ។ ឯកឧត្ដមបន្តថា ថាមពលអគ្គិសនីដែលក្រុមហ៊ុនផលិតបាន គឺត្រូវលក់មកឲ្យ អគ្គិសនីកម្ពុជាទាំងអស់នៅរដូវប្រាំង និងចំនួន៣០ភាគរយនៅរដូវវស្សា ក្នុងតម្លៃព្រមព្រៀងតាមកិច្ចសន្យា។

 

សូមបញ្ជាក់ថា នៅកិច្ចប្រជុំពេញអង្គព្រឹទ្ធសភានេះដែរ អង្គប្រជុំក៏បានអនុម័តគាំទ្រ លើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ស្នេថេក រីញូវេប៊ល, សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាល កម្ពុជា ឱ្យក្រុមហ៊ុន ស្នេថេក ខូ អិលធីឌី , សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមឱ្យព្រះរាជាណា-ចក្រកម្ពុជា ចូលជាសមាជិកនៃកិច្ចព្រមព្រៀងស្តីពី វិធានការរដ្ឋម្ចាស់កំពង់ផែ ដើម្បីបង្ការ ទប់ស្កាត់ និងលុបបំបាត់ការនេសាទខុសច្បាប់ គ្មានរបាយការណ៍ និងគ្មានការអនុញ្ញាត  និងចុងក្រោយសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ២០១៩ -២០២៣ផងដែរ ៕