អ៊ីតាលី , ចិន ប្តេជ្ញាការពារពាណិជ្ជកម្មសេរី និងលទ្ធិពហុភាគីនិយម

AKP ភ្នំពេញ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ — រដ្ឋមន្ត្រីសេដ្ឋកិច្ចនិងហិរញ្ញវត្ថុអ៊ីតាលីលោក Giovanni Tria និងរដ្ឋមន្ត្រីហិរញ្ញវត្ថិចិនលោក Liu Kun បាននិយាយដដែលៗ នៅទីក្រុងមីឡង់កាលពីថ្ងៃពុធថា ប្រទេសទាំងពីរ នឹងរួមដៃគ្នាដើម្បីការពារពាណិជ្ជកម្មសេរីនិងលទ្ធិពហុភាគីនិយម ។

ការសន្ទនាហិរញ្ញវត្ថុអ៊ីតាលី – ចិនលើកដំបូងដែលធ្វើជាប្រធានដោយលោក Liu និងលោក Tria នោះបានធ្វើឡើងនៅមីឡង់ នៅប៉ុន្មានខែបន្ទាប់ពីការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាមួយ រវាងអ៊ីតាលី និងចិន ស្តីពីការផ្តួចផ្តើមគំនិតខ្សែក្រវ៉ាត់និងផ្លូវ ( BRI ) កាលពីដើមឆ្នាំនោះនៅទីក្រុងរ៉ូម។

ពួកមេដឹកនាំហិរញ្ញវត្ថុ និងពាណិជ្ជកម្មកំពូលៗ មកពីប្រទេសទាំងពីរក្នុងចំណោមពួកគេគឺអនុរដ្ឋមន្ត្រី ហិរញ្ញវត្ថុចិន លោក Zou Jiayi បានធ្វើការពិភាក្សាគ្នាពីស្ថានការណ៍មីក្រូសេដ្ឋកិច្ចនៅក្នុងពិភពលោកនិងអភិបាលកិច្ចសេដ្ឋកិច្ចជាសកល ,កិច្ចសហប្រតិបត្តិការ យុទ្ធសាស្ត្រចិន – អ៊ីតាលី , កិច្ចសហការហិរញ្ញវត្ថុនឹងការត្រួតពិនិត្យមើល , ការផ្លាស់ប្តូរ និង កិច្ចសហការនយោបាយហិរញ្ញវត្ថុ ។

ភាគីទាំងពីរបានព្រមព្រៀងគ្នាធ្វើឱ្យប្រសើរអភិបាលកិច្ចសេដ្ឋកិច្ចជាសកល ព្រមទាំងបង្កើនកិច្ចសហការគ្នាលើទីផ្សារហិរញ្ញវត្ថុ នឹងការត្រួតពិនិត្យមើលហិរញ្ញវត្ថុ,លើកទឹកចិត្តដល់ស្ថាប័នហិរញ្ញវត្ថុ ដើម្បីធ្វើឱ្យមានការរីកចម្រើននៅក្នុងទីផ្សាររបស់គ្នាទៅវិញទៅមក ។

ក្នុងអំឡុងការសន្ទនាគ្នានេះ ភាគីទាំងពីរបានប្តេជ្ញាអនុវត្តន៍ នូវអនុស្សរណៈនេះ , គាំទ្រ BRI ព្រមទាំងគម្រោងទីផ្សារភាគីទីបីតាមរយៈការសហការគ្នាខាងហិរញ្ញវត្ថុ ។

រដ្ឋមន្ត្រីទាំងពីរក៏បានចូលរួមផងដែរ ក្នុងវេទិកាហិរញ្ញវត្ថុចិន – អ៊ីតាលី លើកដំបូង ដែលបានធ្វើកាលពីព្រឹកថ្ងៃពុធ នឹងបានថ្លែងទៅកាន់ពួកអ្នកយកព័ត៌មានរួមគ្នា ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិនមឿន )