កម្ពុជាដាក់ដំណើរការមណ្ឌលសិក្សាថ្នាក់មូលដ្ឋានតាមអ៊ីនធឺណេតសម្រាប់យុវជនបោះបង់ការសិក្សាចំនួន២កន្លែងបន្ថែមទៀតនៅខេត្តសៀមរាប

អត្ថបទ យី វិច្ឆិកា ១១ ០៧ ២០១៩
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា ក្រោមកិច្ចសហការគាំទ្រពីអង្គការយូណេស្កូ បានដាក់ដំណើរការមណ្ឌលសិក្សាថ្នាក់មូលដ្ឋានតាមអ៊ីនធឺណេតសម្រាប់យុវជនបោះបង់ការសិក្សាចំនួន២កន្លែងបន្ថែមទៀតនៅខេត្តសៀមរាប ដើម្បីជួយឲ្យពួកមានលទ្ធភាពទៅបន្តរៀនលើជំនាញវិជ្ជាជីវៈផ្សេងៗទៀត។
សេចក្តីប្រកាសព័ត៌មានរួមគ្នារវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងអប់រំ យុវជន និងកីឡា និងការិយាល័យអង្គការយូណេស្កូនៅភ្នំពេញ នៅថ្ងៃទី១១ ខែកក្កដានេះ បានឲ្យដឹងថា មណ្ឌលសិក្សាចំនួន២កន្លែងទៀត នៅខេត្តសៀមរាប ដែលផ្តោតលើកម្មវិធីអប់រំសមមូលកម្រិតមូលដ្ឋានតាមអ៊ីនធឺណេត ហៅកាត់ថា «ប៊ីប» ត្រូវបានដាក់ឲ្យដំណើរការដើម្បីអោយយុវជនដែលបោះបង់ចោលការសិក្សា មានឱកាសចូលសិក្សាបញ្ចប់ថ្នាក់មូលដ្ឋាន ដែលមានតម្លៃស្មើនឹងថ្នាក់ទី៩ ។
សេចក្តីប្រកាសព័ត៌មាន បានបញ្ជាក់ថា ការដាក់អោយប្រើប្រាស់ មណ្ឌលសិក្សានៃកម្មវិធីអប់រំសមមូលកម្រិតមូលដ្ឋានតាមអ៊ីនធឺណេតនេះ គឺជាការផ្តួចផ្តើមរួមគ្នារវាងស្ថាប័នទាំងបីខាងលើ ដើម្បីផ្តល់ការអប់រំដែលមានភាពបត់បែនដល់យុវជនបោះបង់ចោលការសិក្សា ដើម្បីអោយពួកគេបញ្ចប់ការសិក្សាថ្នាក់មូលដ្ឋាន។ ការអប់រំមូលដ្ឋាននេះ នឹងជួយឲ្យពួកគេមានចំណេះដឹង និងជំនាញដើម្បីធ្វើឲ្យប្រសើរឡើងនូវផលិតភាព និងបំណិនជីវិត។ សិស្សដែលបានបញ្ចប់មុខវិជ្ជាទាំងអស់ដោយជោគជ័យ នឹងឆ្លងកាត់ការវាស់ស្ទង់សមត្ថភាព តាមរយៈការប្រឡង និងទទួលបានវិញ្ញាបនបត្រអប់រំមូលដ្ឋាន ហើយមានឱកាសសិក្សាបន្តការសិក្សានៅវិទ្យាល័យវិជ្ជាជីវៈ ឬ នៅតាមគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និង វិជ្ជាជីវៈ ។
ប្រភពដដែលបានបន្ថែមថា វគ្គសិក្សាប៊ីបនឹងត្រូវបានដាក់បញ្ចូលនៅលើបណ្ដាញនៃកម្មវិធីMoodle ជាភាសាខ្មែរ ដែលមានការសហការរវាងប៊ិប និងមជ្ឈមណ្ឌលEdTechនៃអង្គការអប់រំពិភពលោក ក្នុងនោះមានវគ្គសិក្សាអេឡិចត្រូនិកចំនួន១១ មុខសម្រាប់សិស្សជ្រើសរើសសិក្សា។ សិស្សដែលបានចុះឈ្មោះនឹងត្រូវបានផ្ដល់នូវសេវាអ៊ីនធឺណិត ដោយ Smart Axiataដោយឥតគិតថ្លៃសម្រាប់ការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិចស្របតាមតំរូវការរបស់ពួកគេ។
សូមបញ្ជាក់ថា មណ្ឌលសិក្សានៃកម្មវិធីអប់រំសមមូលកម្រិតមូលដ្ឋានតាមអ៊ីនធឺណេតនេះ នឹងត្រូវបានដាក់ដំណើរការសាកល្បងចំនួន១០មណ្ឌលសិក្សា ក្នុងនោះមាននៅរាជធានីភ្នំពេញចំនួន៥កន្លែង និងខេត្តសៀមរាប ៥កន្លែង បន្ទាប់ពីមជ្ឈមណ្ឌលសិក្សាទី ១ នៅភ្នំពេញ ដាក់សម្ពោធអោយប្រើប្រាស់ជាផ្លូវការ កាលពីខែកុម្ភៈកន្លងទៅ ដោយមានសិស្សចំនួន១៥៥៣នាក់ ក្នុងនោះសិស្សស្រី ២៨ភាគរយ៕