ក្រសួងសាធារណការបង្កើនការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវគមនាគមន៍ឲ្យបានគ្រប់ច្រកល្ហក់នៅទូទំាងប្រទេស

វិទ្យុជាតិដោយ ៖ លោក អ៊ឹម ភិរក្សនារីរនៈ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ ៖

ក្រសួងសាធារណការ និងដឹកជញ្ជូន បង្កើនការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវគមនាគមន៍ឲ្យបានគ្រប់ច្រកល្ហក់នៅទូទំាងប្រទេស ដើម្បីបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋក្នុង ការធ្វើដំណើរនិងដឹកជញ្ជូនទំនិញបាន ឆាប់រហ័សនិងមានសុវត្ថិភាពខ្ពស់។
រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូនបានអៈអាងថា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវគមនាគមន៍ឲ្យបានកាន់តែច្រើនសម្រាប់ការដឹកជញ្ជូនគឺជាសរសៃឈាមដ៏សំខាន់សម្រាប់ទ្រទ្រង់សេដ្ឋកិច្ចជាតិ ដែលរួមចំណែកអភិវឌ្ឍន៍ គ្រប់វិស័យរួមមានវិស័យឧស្សាហកម្ម ពាណិជ្ជកម្ម និង ទេសចរណ៍ ។
ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយមន្ត្រីរាជការនៃមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះសីហនុ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូនបានមានប្រសាសន៍ថា ក្រសួងសាធរណការ និងដឹកជញ្ជូនកំពុងសិក្សានិងកែលម្អ ផ្លូវជាតិ សំខាន់ៗមួយចំនួនដូចជា ផ្លូវជាតិលេខ២ ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៨ ស្ពាន និងកំពង់ផែដោយលើកកម្ពស់គុណភាព និងពង្រីកបន្ថែមឱ្យសមស្របតាមការរីកចម្រើនលើវិស័យដឹកជញ្ជូនរបស់ប្រទេសជាតិ។
ឯកឧត្តមបានបញ្ជាក់ថា តាមអនុសាសន៍១១ ចំណុច របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺត្រូវធ្វើយ៉ាងណាប្រកាន់ឱ្យបានខ្ជាប់ខ្ជួន រួមសហការគ្នាថែមទៀត ដើម្បីបម្រើប្រជារាស្ត្រឱ្យបានកាន់តែប្រសើរបន្ថែមទៀត ។
សូមបញ្ជាក់ថា បច្ចុប្បន្ននេះវិស័យដឹកជញ្ជូននៅកម្ពុជាកំពុងតែមានការវិឌ្ឍរីកចំរើនយ៉ាងឆាប់រហ័សហើយបានតភា្ជប់ទៅកាន់ច្រកសេដ្ឋកិច្ចសំខាន់ៗនៅទូទំាងប្រទេស ដើម្បីលើក កម្ពស់វិស័យភស្តុភាកម្មសម្រាប់ជំរុញកំណើនសេដ្ឋកិច្ច៕