អាជ្ញាធរខេត្តព្រះវិហារ ចេញវិធានការយ៉ាងម៉ឹងម៉ាត់ក្នុងការបង្ក្រាបបទល្មើសព្រៃឈើ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ ទុយ​ សូលីដា​៖

អាជ្ញាធរខេត្តព្រះវិហារ ចេញវិធានការយ៉ាងម៉ឹងម៉ាត់ក្នុងការបង្ក្រាប និងទប់ស្កាត់បទល្មើសព្រៃឈើ ដើម្បីការពារអភិរក្សធនធានធម្មជាតិឲ្យបាននៅគង់វង់ ដែលជួយបង្កើនដល់គម្របធនធានធម្មជាតិ សម្រាប់មនុស្ស សត្វ។
យោងតាមសេចក្ដីណែនាំស្ដីពីការបង្ក្រាប និងទប់ស្កាត់បទស្មើសធនធានធម្មជាតិ ដែលរដ្ឋបាលខេត្តព្រះវិហារ បានចេញផ្សាយនៅថ្ងៃទី១០ ខែកក្កដានេះ បានបញ្ជាក់ថា បើទោះបីជាមានការផ្សព្វផ្សាយអប់រំ ណែនាំ ទប់ស្ដាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិជាប្រចាំថ្ងៃយ៉ាងណាក៏ដោយ ក៏ការលួចបន្លំប្រព្រឹត្តបទល្មើសនៅតែកើតមានឡើងជាបន្ដបន្ទាប់ តាមគ្រប់មធ្យោបាយ និងគ្រប់រូបភាព។
រដ្ឋបាលខេត្តនេះ បានបន្តថា អាជ្ញាធរខេត្តព្រះវិហារបានដាក់ចេញនូវវិធានការយ៉ាងម៉ឹងម៉ាត់ សម្រាប់រដ្ឋបាលក្រុង ស្រុក មន្ទីរ អង្គភាពជំនាញ និងកម្លាំងមានសម្ថកិច្ចពាក់ព័ន្ធ ក្នុងការចូលរួមអនុវត្តឲ្យបានជាដាច់ខាតនូវការទប់ស្ដាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិឲ្យបានតឹងរ៉ឹងតាមវិធានការច្បាប់ចំពោះបុគ្គល ឬក្រុមហ៊ុនដែលពាក់ព័ន្ធការប្រព្រឹត្តល្មើសធនធានធម្មជាតិ និងមធ្យោបាយដែលពាក់ព័ន្ធនឹងបទល្មើសៃព្រឈើ និងត្រូវស្នើសុំទៅអាជ្ញាធរមានសម្ថកិច្ច ដើម្បីបំផ្លាញចោលនៅនឹងកន្លែង៕