ក្រសួងសុខាភិបាលថាជំងឺគ្រុនឈាមស្ថិតក្នុងស្ថានភាពអាចគ្រប់គ្រងបាន

វិទ្យុជាតិកម្ពុជា៖ ដោយ កញ្ញា អ៊ី កនិកា ១០.កក្កដា.២០១៩

ក្រសួងសុខាភិបាល បានអះអាងថា ជំងឺគ្រុនឈាមស្ថិតក្នុងស្ថានភាពអាចគ្រប់គ្រងបាន បើទោះជាក្នុងរយៈពេលចុងក្រោយនេះ មានករណីផ្ទុះនូវជំងឺនេះនៅគ្រប់រាជធានី-ខេត្ត។

ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានបញ្ជាក់ថា គ្រុនឈាមស្ថិតក្នុងស្ថានភាពអាចគ្រប់គ្រងបាន ដោយក្នុងនោះជំងឺនេះបានថយចុះក្នុងខេត្តចំនួន១១ដូចជា ខេត្តពោធិ៍សាត់ ខេត្តតាកែវ ខេត្តស្ទឹងត្រែង ខេត្តស្វាយរៀង ខេត្តរតនគិរី ខេត្តប៉ៃលិន ខេត្តកោះកុងខេត្តកំពង់ធំ ខេត្តបាត់ដំបង ខេត្តព្រះសីហនុ ខេត្តមណ្ឌលគិរី ហើយខេត្តផ្សេងទៀតដូចជាខេត្តក្រចេះ ខេត្តកំពត ខេត្តព្រៃវែង និងខេត្តកែប មិនមានការកើនឡើងករណីជំងឺនេះឡើយ។

ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា ជំងឺគ្រុនឈាមនៅប្រទេសកម្ពុជាបានចាប់ផ្ដើមកើនឡើងពីដើមខែឧសភា រហូតដល់បច្ចុប្បន្នដោយរាយប៉ាយដុំៗតាមភូមិសាស្រ្តនៃរាជធានីខេត្តនីមួយៗ ដែលមានចំនួនករណីសរុប១.៥០០០នាក់ និងស្លាប់២៥ នាក់ បើគិតមកដល់ដើមខែកក្កដាឆ្នាំ២០១៩នេះ។

ទោះជាយ៉ាងនេះក្តី ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំឲ្យអនុគណៈកម្មការគ្លីនិក មន្ទីរសុខាភិបាលរាជធានីខេត្ត ដៃគូពាក់ព័ន្ធ និង អាជ្ញាធរមូលដ្ឋាន អនុវត្តកិច្ចអន្តរាគមន៍ជាបន្ទាន់ជាពិសេសការដាក់ថ្នាំសម្លាប់ដង្កូវទឹកក្នុងអាង ឬពាងទឹកក្នុងតំបន់ដែលប្រឈមខ្ពស់នឹងជំងឺគ្រុនឈាម ខណៈបានអនុវត្តកិច្ចអន្តរាគមន៍ជាបន្ទាន់ ចាប់តាំងពីសប្តាហ៍ទី២ នៃខែឧសភា ហើយកំពុងបន្តការងារជាបន្តបន្ទាប់រហូតមកដល់ពេលបច្ចុប្បន្នយ៉ាងហ្មត់ចត់៕