រាជរដ្ឋាភិបាលលើកទឹកចិត្តឲ្យប្រជាពលរដ្ឋរួមគ្នាដាំកូនឈើឲ្យបានច្រើនដើម្បីបង្កើតគម្របបៃតងនិងធ្វើឲ្យបរិស្ថានកាន់តែមានសោភ័ណភាពស្រស់ស្អាត

វិទ្យុជាតិកម្ពុជា៖ ដោយ អ៊ី កនិកា
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាបានលើកទឹកចិត្តឲ្យប្រជាពលរដ្ឋរួមគ្នាដាំកូនឈើឡើងវិញឲ្យបានច្រើនដើម្បីបង្កើតគម្របបៃតងនិងធ្វើឲ្យបរិស្ថានកាន់តែមានសោភ័ណភាពស្រស់ស្អាត។
មន្រ្តីរដ្ឋបាលព្រៃឈើបានបំផុសឲ្យប្រជាពលរដ្ឋគ្រប់រូបចូលរួមដាំកូនឈើឲ្យបានគ្រប់ ទីកន្លែង ដូចជា នៅតំបន់ទីសាធារណៈ វត្តអារ៉ាម សួនអាពាហ៍ពិពាហ៍ សាលារៀន និងនៅតាមផ្ទះរៀងៗខ្លួន ដែលវានឹងផ្តល់អត្ថប្រយោជន៍សម្រាប់ជនរួមជាតិ ដោយហេតុថា ធនធានព្រៃឈើវាជាសម្បត្តិមហាសាលមួយសម្រាប់មនុស្សនិងសត្វដែលរស់នៅលើភពផែនដី។
លោក ឡុង រតនៈកុមារ អនុប្រធាននាយកដ្ឋានព្រៃឈើ និងសហគមន៍ព្រៃឈើ រដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ មានប្រសាសន៍នៅក្នុងកម្មវិធីជីវិតយើងសង្គមយើង របស់វិទ្យុជាតិកម្ពុជាថា រាជរដ្ឋាភិបាលកម្ពុជាបានលើកទឹកចិត្តឲ្យសហគមន៍និងប្រជាជនបានចូលរួម ថែរក្សា ការពារដើមឈើឲ្យបានពេញលេញ ក្នុងសហគមន៍ព្រៃឈើរបស់ពួកគេ។
សំឡេង៖ « សម្រាប់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ក្នុងខេត្តនីមួយៗនេះបានចូលរួមទាំងអស់ និងសង្គមស៊ីវិលអង្គការជាដៃគូរក៏បានចូលរួមផងដែរ យើងមានការទទួលបានជោគជ័យពីមួយឆ្នាំទៅមួយឆ្នាំមានការបង្កើតតាំងពីឆ្នាំ ១៩៩៤ រហូតដល់ឆ្នាំ ២០១៩នេះ។ ក្រៅពីនេះក៏មានចលនាលើកទឹកចិត្តឲ្យវិស័យឯកជនក្នុងការដាំដុះដើមឈើឡើងវិញនិងដើមឈើផ្សេងៗដើមដំណាំកសិកម្មផ្សេងៗ។តាមរយៈទីសាលារៀននេះគ្រូអាចនៅពេលម៉ោងសិក្សា ជួយបងញ្ច្រៀប ចំណេះដឹងអត្ថប្រយោជន៍ពីព្រៃឈើក៏ មានដើមឈើជាច្រើនសម្រាប់ទីជម្រកកូនសិស្សរត់លេង ក៏បង្ហាញមួយពីការចូលរួម ក្នុងស្តារធនធានព្រៃឈើរបស់យើង »។
សូមបញ្ជាក់ថា ក្នុងរយៈពេល ២៥ ឆ្នាំមកនេះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានបង្កើត សហគមន៍ព្រៃឈើបានចំនួន ៦៣០សហគមន៍ លើផ្ទៃដី ជាងកន្លះលានហិកតាស្ថិតក្នុងខេត្ត២១ ដែល មានប្រជាជនចូលរួមការថែរក្សាការដាំដុះព្រៃឈើរហូតដល់ជាង១សែនគ្រួសារ សម្រាប់សហគមន៍មូលដ្ឋានពឹងអាស្រ័យទៅលើធនធានព្រៃឈើ៕