កម្ពុជាសម្រេចបាននូវសមិទ្ធផលធំៗលើគ្រប់វិស័យក្នុងរយៈពេល២៥ឆ្នាំចុងក្រោយនេះ

វិទ្យុជាតិកម្ពុជា៖ ដោយ អ៊ី កនិកា

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាសម្រេចបាននូវសមិទ្ធផលធំៗទៅលើគ្រប់វិស័យ ដែលបានជួយជំរុញកំណើនសេដ្ឋកិច្ចជាតិក្នុងរង្វង់ជាង៧ភាគរយជារៀងរាល់ឆ្នាំ។

យោងតាមសារលិខិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងឱកាសទិវាប្រជាជនពិភពលោកលើកទី៣០ បានបញ្ជាក់ថា សមិទ្ធផលរយៈពេល២៥ឆ្នាំនេះ បានធ្វើឱ្យកម្ពុជាមានការផ្លាស់ប្តូរយ៉ាងច្រើនទៅលើវិស័យដូចជា កំណើនប្រជាជននិងសុខភាពបន្តពូជ កំណើនសេដ្ឋកិច្ចនិងការកាត់បន្ថយភាពកីក្រ នគរូបនីយកម្មនិងទេសន្តប្រវេសន៍  ប្រជាជននិងការអប់រំ   កិច្ចការពារជនងាយរងគ្រោះ             ប្រជាជនវ័យចាស់និងការផ្តល់សិទ្ធិអំណាចដល់ស្ត្រី។

សារលិខិតបានបន្តថា កម្ពុជាសម្រេចបានការអភិវឌ្ឍសូចនាករសង្គមសំខាន់ៗគួរឱ្យកត់សម្គាល់ រួមទាំងគោលដៅអភិវឌ្ឍន៍សហស្សវត្ស និងបានជាប់ចំណាត់ថ្នាក់ទី ១ នៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក  ជាប្រទេសដែលសម្រេចបានវឌ្ឍនភាពល្អប្រសើរក្នុងការកែលម្អសូចនាករផ្នែកសង្គមកិច្ច។

សូមបញ្ជាក់ថាកំណើនសេដ្ឋកិច្ចកម្ពុជាដ៏រឹងមាំនេះ បានធ្វើឱ្យកម្ពុជារំពឹងថា នឹងឆ្លងកាត់ពីឋានៈប្រទេសដែលមានចំណូលទាប មកជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាបនៅឆ្នាំ ២០១៥ ហើយនឹងឈានទៅរកការសម្រេចបាននូវឋានៈជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០៕