ប្រធានមន្ទីរកសិកម្មខេត្តព្រៃវែងណែនាំឲ្យប្រជាកសិករជ្រើសរើសពូជស្រូវឲ្យបានត្រឹមដើម្បីទទួលបានទិន្នផលខ្ពស់

វិទ្យុជាតិកម្ពុជា ៖ ស៊ឹង សុផារី

ព្រៃវែង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តព្រៃវែងណែនាំឲ្យប្រជាកសិករជ្រើសរើសពូជស្រូវឲ្យបានត្រឹមត្រូវល្អក្នុងរដូវបង្កបង្កើនផល ដើម្បីទទួលបានទិន្នផលល្អ ហើយត្រូវតាម តម្រូវការទីផ្សារ។ 

 លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង បានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាឲ្យដឹងថា  ការជ្រើសរើសពូជស្រូវបានល្អហើយត្រូវនឹងស្ថានភាពដីអាចធ្វើឲ្យដំណាំស្រូវលូតលាស់ ដុះស្មើល្អហើយចំណាយគ្រាប់ពូជតិច កាត់បន្ថយការដុះស្មៅ បង្កើនភាពធន់ទប់ទល់ទៅនឹងសត្វល្អិតបំផ្លាញថែមទៀត។

លោកប្រធានមន្ទីរបានបញ្ជាក់ថា ការអនុវត្តដូច្នេះបានធ្វើឲ្យកើនទិន្នផលស្រូវកើតឡើងពី ៥ ទៅ ២០ ភាគរយ ដែលធ្វើឲ្យជីវភាពរបស់ប្រជាកសិករកាន់តែប្រសើរឡើង ។

    លោកបានបន្តថា មន្ទីរបានចាត់ក្រុមមន្រ្តីជំនាញផ្នែកកសិកម្មនៅចាំជួយផ្តល់ប្រឹក្សាយោបល់ពិនិត្យស្រាវជ្រាវពីការជ្រើសរើសពូជនឹងតាមដានពីការបន្ស៊ាំនៃការប្រែប្រួលអាកាស ធាតុជាបន្តបន្ទាប់  ដើម្បីបង្កើនការយល់ដឹង សម្រាប់ការបង្កបង្កើនផលស្រូវឲ្យបានល្អនៅរដូវបង្កបង្កើនផលនេះ។

សំលេង ៖ ផ្ទៃដីសម្រាប់បង្កបង្កើនផលស្រូវមកដល់ពេលនេះ ប្រជាពលរដ្ឋលោកចាប់ផ្ដើមអនុវត្តយ៉ាងមមាញឹកនៅស្រូវរដូវវស្សាជាប្រភេទស្រូវដែលសមស្របទៅនឹងទីផ្សារ ដូចជាពួកផ្ការំដួលសែនក្រអូប អ៊ីអ៊ែជាដើមនេះ កំពុងសម្រុកយ៉ាងមមាញឹកហើយ ។ជាពិសេស ទិន្នផលជាក់ស្ដែងជាពិសេសនៅក្នុងរដូវវស្សានេះ យើងផលិតបានជាង ១ លាន៤សែនតោន ដែលជាស្រូវអាចលក់បានទៅកាន់ប្រទេសជិតខាង ដែលបានចំណូលពីស្រូវ ។

លោកបានបញ្ជាក់ថា  នៅក្នុងខេត្តព្រៃវែង មានផ្ទៃដីស្រែសរុបប្រមាណជិត ៣ សែនហិកតា ដែលក្នុងនោះផ្ទៃដីស្រូវវស្សាប្រមាណជាងសែន៥ម៉ឺនហិកតា និងផ្ទៃដីស្រូវប្រាំងមានប្រមាណជាង ៧៥០០ ហិកតា ។

មន្ទីកសិកម្មបានអៈអាងថា ក្រុមមន្រ្តីជំនាញកសិកម្មខេត្តមិនត្រឹមតែចុះអប់រំពីការជ្រើស រើសពូជស្រូវប៉ុណ្ណោះទេ គឺបានពង្រឹងសកម្មភាពចុះផ្សព្វផ្សាយ ទាក់ទងទៅនឹងប្រតិទិននៃការដាំដុះការជ្រើសរើសពូជការប្រើប្រាស់ជី សម្រាប់ដំណាំរួមផ្សំផ្សេងៗទៀត ដើម្បីបង្កលក្ខណៈងាយស្រួលជូនប្រជាកសិកនៅគ្រប់មូលដ្ឋានក្នុងការដំាដុះដំណាំឆ្លើយតបទៅនឹងតម្រូវការទីផ្សារ និងការហូបចុករបស់ប្រជាពលរដ្ឋ៕