ស្ថានទូតជប៉ុន នឹងរៀបចំព្រឹត្តិការណ៍ពិធីបុណ្យផ្កាយឆ្នាំ២០១៩ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៤ ខែកក្កដាខាងមុខ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន

AKP ភ្នំពេញ ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩​ — ស្ថានទូតជប៉ុន រួមសហការជាមួយមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) និង​មជ្ឈមណ្ឌលអាស៊ីនៃមូលនិធិជប៉ុន (JFAC) នឹងរៀបចំនូវព្រឹត្តិការណ៍ពិធីបុណ្យផ្កាយឆ្នាំ២០១៩ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩ នៅCJCC។ នេះបើយោងតាមសេចក្ដី ប្រកាសព័ត៌មានរបស់ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា។

ក្នុងសេចក្ដីប្រកាសបានបញ្ជាក់ថា ពិធីបុណ្យផ្កាយត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ​ចាប់​តាំងពី​ឆ្នាំ២០០៤មក ក្នុងគោលបំណងបន្តជំរុញការផ្លាស់ប្តូរវប្បធម៌រវាងប្រទេសជប៉ុន និង​កម្ពុជាបន្ថែមទៀត។ ឆ្លៀតក្នុងឱកាសនេះ ស្ថានទូតជប៉ុន សូមគោរពអញ្ជើញអ្នកសារព័ត៌មាន​ទាំងអស់ដែលចាប់អារម្មណ៍ ចូលរួមយកព័ត៌មានក្នុងពិធីបើកនៅថ្ងៃសៅរ៍ ទី១៣ ខែកក្កដា ឆ្នាំ២០១៩ ចាប់ពីម៉ោង ១៤:៣០នាទី ដល់ម៉ោង១៦:០០នាទី ព្រមទាំងកម្មវិធីផ្សេងៗ​ក្នុងអំឡុង​ពិធីបុណ្យនេះកុំបីខាន។

ពិធីបុណ្យផ្កាយ គឺជាកម្មវិធីបុណ្យប្រពៃណីជប៉ុន ដែលតែងតែប្រារព្ធឡើងនៅថ្ងៃទី០៧ ខែកក្កដា ជារៀងរាល់ឆ្នាំនៅប្រទេសជប៉ុន​ ដើម្បីរម្លឹកដល់ដំណើររឿងរបស់គូស្នេហ៍​នៅលើ​ឋានសួគ៌មួយគូ គឺនារីតម្បាញ និងបុរសគង្វាលគោ។ តាមតំណាលរឿង គូស្នេហ៍មួយគូនេះ ត្រូវបានបំបែកដោយទន្លេអាមាណុហ្កាវ៉ា ហើយអាចជួបគ្នាបានតែម្តងគត់ក្នុងមួយឆ្នាំ គឺនៅថ្ងៃ​ទី០៧ ខែកក្កដា។ ដូច្នេះនៅក្នុងថ្ងៃនោះ ប្រជាជនជប៉ុននាំគ្នាសរសេរបំណងប្រាថ្នារបស់ខ្លួន ហើយចងព្យួរទៅនឹងមែកឬស្សីដើម្បីបួងសួងឱ្យបានសម្រេចតាមអ្វីដែលខ្លួនប៉ងប្រាថ្នា។

សម្រាប់ឆ្នាំនេះ ក៏នឹងមានកម្មវិធីជាច្រើនផ្សេងទៀត ដូចជាសិក្ខាសាលា និងបទ​បង្ហាញ​ដែលទាក់ទងនឹងអានីមេ ខូសផ្លេ ការប្រកួតភាពយន្តខ្លី កម្មវិធីJENESYS ការបញ្ចាំងខ្សែភាព​យន្តជប៉ុន ថ្នាក់រៀនចម្អិនម្ហូបជប៉ុន សិល្បៈបត់ក្រដាស«អូរីហ្គាមី» សិល្បៈកាត់ក្រដាស​«គីរីហ្គាមី» ការសរសេរអក្សរផ្ចង់«ស្យូដូ» ការសាកល្បងស្លៀកសម្លៀកបំពាក់ប្រពៃណី​«ក្បិនខ្មែរ» និង«យូកាតាជប៉ុន» ការសាកល្បងស្លៀកសម្លៀកបំពាក់ និងអនុវត្តន៍កីឡា «កេនដូ»​ និង«អ៊ីអៃដូ» ថ្នាក់រៀនបាញ់ធ្នូមរតកខ្មែរ ព្រមទាំងការតាំងពិព័រណ៍ផ្សេងៗ នៅក្នុងពិធី​បុណ្យនេះ។ ចំពោះពិធីបុណ្យផ្កាយឆ្នាំនេះ ក៏នឹងផ្តោតជាពិសេសលើការសន្សំសំចៃបរិស្ថាន ហើយចាប់ពីឆ្នាំនេះតទៅ ស្ថាប័ន ដៃគូរៀបចំពិធីបុណ្យនេះ នឹងផ្តោតការយកចិត្តទុកដាក់​ទៅ​លើការរៀបចំ និងការកាត់បន្ថយសំរាមឱ្យបានត្រឹមត្រូវ ជាពិសេសគឺសំណល់ប្លាស្ទិក។

ក្នុងអំឡុងព្រឹត្តិការណ៍ពិធីបុណ្យផ្កាយ ស្ថានទូតជប៉ុន នឹងលើកទឹកចិត្តអ្នកចូលរួម​ទាំងអស់ ត្រូវចោលសំរាមឱ្យបានត្រឹមត្រូវទៅក្នុងធុងសំរាមដែលបានបែងចែករួចជាស្រេច ចៀសវាងការចោល សំរាមទៅលើដី និងការកាត់បន្ថយសំរាមដោយការប្រើប្រាស់សាជាថ្មី។ ទន្ទឹមនេះ ឧទាហរណ៍ជាក់ស្តែងដូចជា ការប្រើប្រាស់ដបទឹក និងថង់បរិស្ថាន ដែលអាច​ប្រើ​ប្រាស់បានម្តងហើយម្តងទៀត។ ការលើកទឹកចិត្តនេះ នឹងត្រូវបានធ្វើឡើងតាមរយៈ ការណែ​នាំ​របស់និសិ្សតស័្មគ្រចិត្ត សិក្ខាសាលាផ្សេងៗ ការសហការពីម្ចាស់ស្តង់លក់ផលិត ផល ដូចជាការលក់បញ្ចុះតម្លៃ ប្រសិនបើប្រើប្រាស់ដបទឹកដែលអាចប្រើប្រាស់​ឡើងវិញយកមក​ដោយខ្លួនឯង ឬការមិនផ្តល់ឱ្យនូវថង់ ឬទុយោប្លាស្ទិក៕

ដោយ អ៊ុន រិទ្ធី