ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា មានព្រះរាជបន្ទូលថា ព្រៃឈើជាសម្បត្តិដ៏ មហាសាលសំរាប់ជីវិតមនុស្ស និងសត្វ

ព្រះករុណាព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានមានព្រះរាជបន្ទូលថា ព្រៃឈើជាសម្បត្តិដ៏ មហាសាលសំរាប់ជីវិតមនុស្ស និងសត្វ ដែលរស់នៅលើភពផែនដីយើងនេះ មិនតែប៉ុណ្ណោះព្រៃឈើ បានរួមចំណែក រក្សាលំហ្នឹងធម្មជាតិ និងចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម វប្បធម៌ ទេសចរណ៍ ការសិក្សាស្រាវ ជ្រាវ ប្រពន្ធ័ការពារដីនៅទីជម្រាល ប្រពន្ធ័ការពារជីវចម្រុះជាដើម។

ក្នុងឱកាសយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងព្រះរាជាពិធីបុណ្យ«រុក្ខទិវា»ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៩ នៅក្នុងភូមិ ស្រែត្រែង ឃុំក្បាលដំរី ស្រុកសំបូរណ៍ ខេត្តក្រចេះ នេះ ព្រះមហាក្សត្រ បានមានព្រះរាជ បន្ធូលបន្តថា ដូច្នេះយើងត្រូវរួមគ្នាការពារព្រៃឈើ ព្រោះការបាត់បង់ព្រៃឈើគ្រប់ប្រភេទ អាចបណ្តាលឲ្យមានទឹកជំនន់ ខ្យល់កន្ត្រាក់ រន្ទះ ការរាំងស្ងួត ដែលបានធ្វើឲ្យទីតម្កល់ទឹកធានាសំរាប់តំរូវការរបស់មនុស្ស ត្រូវរីងស្ងួត ដែលឈានទៅរកការបាត់បង់ប្រាក់ចំណូល។ ជាមួយគ្នានេះ សត្វព្រៃ ធនធានមច្ឆជាតិគ្រប់ប្រភេទ នឹងឈានទៅរកការបាត់បង់ និងអាច បង្កឲ្យមានភាពរហោដ្ឋាន និងការធ្លាក់ចុះគុណភាពដីផងដែរ។ក្នុងឱកាសនោះ ព្រះមហាក្សត្រ ក៏បានមានព្រះរាជបន្ទូល ថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា គ្រប់ក្រសួង-ស្ថាប័ន អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ប្រទេសជាមិត្ត អង្គការជាតិ-អន្តរជាតិ ដែលបានកំពុងយកចិត្តទុកចូលរួមជួយដល់ការងារដាំដើមឈើនៅកម្ពុជា។