ធនាគារកណ្តាលនៃប្រទេសកម្ពុជានិងកូរ៉េសហការក្នុងភាពជាដៃគូលើការងារស្រាវជ្រាវការអភិវឌ្ឍទីផ្សារអន្តរធនាគារនៅកម្ពុជា

វិទ្យុជាតិកម្ពុជា៖ អត្ថបទ៖ វ៉ាង ភក្តី
ភ្នំពេញ៖  ធនាគារកណ្តាលនៃប្រទេសកម្ពុជា និងសាធារណរដ្ឋកូរ៉េ បានសហការគ្នាក្នុងភាពជាដៃគូលើការងារស្រាវជ្រាវការអភិវឌ្ឍទីផ្សារអន្តរធនាគារនៅកម្ពុជា ដើម្បីត្រៀមបង្កាហានិភ័យនៃវិស័យធនាគារនៅកម្ពុជា ក៏ដូចជាឈានទៅអភិវឌ្ឍន៍នៃការចរាចសាច់ប្រាក់ ក្នុងប្រព័ន្ធធនាគារឲ្យកាន់តែមានប្រសិទ្ធភាព។

អ្នកយកព័ត៌មានយើងរាយការណ៍បន្ថែម
ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាងធនាគារជាតិនៃកម្ពុជា និងធនាគារកូរ៉េស្តីពីភាពជាដៃគូផ្តល់ចំណេះដឹង និងការស្រាវជ្រាវរួមគ្នាលើការអភិវឌ្ឍទីផ្សារអន្តរធនាគារនៅកម្ពុជា នៅក្នុងរាជធានីភ្នំពេញ ព្រឹកថ្ងៃទី៩ ខែកក្កដានេះ លោកជំទាវ ជា សិរី អគ្គនាយិកាបច្ចេកទេសនៃធនាគារជាតិនៃកម្ពុជា បានឲ្យដឹងថា តាមរយៈកិច្ចសហការនេះ នឹងអាចវាយតម្លៃពីស្ថានភាពបច្ចុប្បន្ននៃទីផ្សារអន្តរធនាគារនៅកម្ពុជា ខណៈកម្ពុជាបានលើកទឹកចិត្តដល់ចលនានៃការផ្តល់ប្រាក់កម្ចីជាអន្តរធនាគារ។
លោកជំទាវ មានប្រសាសន៍ថា កម្មវិធីស្រាវជ្រាវរួមគ្នានេះ រួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើនសមត្ថភាពបុគ្គលិករបស់ធនាគារជាតិនៃកម្ពុជា ក្នុងការវិភាគម៉ាក្រូសេដ្ឋកិច្ច និងបង្កើតគោលនយោបាយរូបិយវត្ថុដើម្បីសម្រេចបាននូវស្ថិរភាពតម្លៃ និងកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។
សំឡេង៖ ធម្មតា……………………………………………………..………..កុំឲ្យចាំមានបញ្ហាបានដោះស្រាយ
លោក ចាង គីស៊ុន (Jang Keesun) អគ្គនាយករងទទួលបន្ទុកក្រុមការងារចំណេះដឹង និងភាពជាដៃគូនៃធនាគារកូរ៉េ បានឲ្យដឹងថា កិច្ចសហការនៃការស្រាវជ្រាវនេះមានអត្ថប្រយោជន៍ដល់ការបង្កើនសមត្ថភាពស្រាវជ្រាវរបស់បុគ្គលិកធនាគារ ក្នុងការវាយតម្លៃអំពីការយល់ដឹងនៃទីផ្សារអន្តរធនាគារ វិធីសាស្ត្រប្រមូល និងវិភាគទិន្នន័យ ជាដើម។
សូមបញ្ជាក់ថា កិច្ចសហការផ្នែកស្រាវជ្រាវទីផ្សារអន្តរធនាគារនៅកម្ពុជានេះ ក៏មានការចូលរួមពីក្រុមសាស្រ្តាចារ្យជំនាញមកពីសាកលវិទ្យាល័យជាតិសេអ៊ូល សាកលវិទ្យាល័យដុងគុកនិងសកលវិទ្យាល័យជុងអាន នៃសាធារណរដ្ឋកូរ៉េផងដែរ។
មន្ត្រីជាន់ខ្ពស់នៃធនាគារជាតិនៃកម្ពុជា បានបង្ហាញការជឿជាក់ថា លទ្ធផលនៃការស្រាវជ្រាវនឹងជួយដល់ធនាគារជាតិនៃកម្ពុជាឲ្យរីកចម្រើន និងឈានទៅរកការវិភាគជាក់ស្តែងនៃទំនាក់ទំនងរវាងអត្រាប្តូរប្រាក់ និងអតិផរណានៅក្នុងសេដ្ឋកិច្ចកម្ពុជា៕