អង់គ្លេស ប្រាប់អាមេរិកថា កុំបន្ទោសឯកអគ្គរាជទូតដែលរិះគន់លោកត្រាំ គួរតែបន្ទោសអ្នកដែលធ្វើឲ្យបែកធ្លាយព័ត៌មានវិញ

ដោយ លោក ភួង ឈុនលាង

អ្នកនាំពាក្យនាយករដ្ឋមន្ត្រីអង់គ្លេសបាននិយាយថា លោកស្រីTheresa May(ធារេសា ម៉េ)នាយករដ្ឋមន្រ្តីប្រទេសអង់គ្លេស មានការពេញចិត្តទៅលើការងាររបស់លោក គីម ដារ៉ូច (Kim Darroch) ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំនៅសហរដ្ឋអាមេរិក។ លោកស្រី ថា ការងារ លោក គីម ដារ៉ូចរិះគន់លោក ដូណាល់ត្រាំ ប្រធានាធិបតីអាមេរិក ថា អសមត្ថភាព និងគ្មានភាពប្រាកដប្រជានេះគឺ ជាការងាររបស់ឯកអគ្គរាជទូតតែប៉ុណ្ណោះ ដើម្បីផ្តល់នូវមតិយោបល់ស្មោះត្រង់និងមិនលំអៀង ។នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានCNN ថ្ងៃទី០៩ ខែកក្កដានេះ។តែទៅជាយ៉ាងណា អ្នកនាំពាក្យនាយករដ្ឋមន្ត្រីអង់គ្លេស បានបញ្ជាក់ថា ក្រុងឡុងដ៍បានទាក់ទងវ៉ាស៊ីនតោនដោយនិយាយថា ការលេចធ្លាយព័ត៌មាននេះគឺ មិនអាចទទួលយកបាននិងជារឿងគួរឱ្យសោកស្តាយ ហើយរដ្ឋាភិបាលបានចាប់ផ្តើមស៊ើបអង្កេតករណីនេះ។ សូមបញ្ជាក់ថា លោក គីម ដារ៉ូច បានក្លាយជាឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំនៅសហរដ្ឋអាមេរិក នៅខែមករាឆ្នាំ ២០១៦ មុនពេលដែលលោកដូណាល់ត្រាំបានក្លាយជាប្រធានាធិបតី។
ប្រភព៖ CNN