ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជាបានសព្វព្រះរាជហឫទ័យដាំកូនឈើជាង១ម៉ឺនដើមនៅខេត្តក្រចេះ

វិទ្យុជាតិកម្ពុជា៖ ដោយលោក  ហុក សុខរិន

ក្រចេះ៖   ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាបានសព្វព្រះរាជហឫទ័យដាំកូនឈើជាង១ម៉ឺនដើមនៅឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ  ដើម្បីជាវីរៈគំរូដ៏ល្អសម្រាប់ប្រជាពលរដ្ឋនៅទូទំាង ប្រទេសរួមគ្នាស្រឡាញ់ការពារធនធានព្រៃឈើ ដែលជាឧត្តមប្រយោជន៍ដ៏សំខាន់ក្នុងកិច្ចគាំពារ បរិស្ថានឲ្យកាន់តែល្អប្រសើរ។

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានៅព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩នេះ បានសព្វព្រះរាជហឫទ័យស្តេចយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតក្នុងព្រះរាជពិធីរុក្ខទិវា នៅឃុំក្បាលដំរីស្រុកសំបូរខេត្តក្រចេះ អមដំណើរ ដោយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា សម្តេចអគ្គមហាពញាចក្រីហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមទាំងថ្នាក់ដឹកនាំសំខាន់ៗក្នុងជួររាជរដ្ឋាភិបាលកម្ពុជា និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ក្នុងខេត្តក្រចេះ។

ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ថា ការប្រារព្ធពិធីរុក្ខទិវាមានអត្ថន័យសំខាន់ណាស់ចំពោះប្រទេសជាតិ ដែលរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវគោលនយោបាយជាអាទិភាពក្នុងក្របខណ្ឌកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល លើការថែរក្សាការពារព្រៃឈើ ការដាំដើមឈើឡើងវិញ ការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយនិរន្តរភាព និងការផ្សព្វផ្សាយអប់រំប្រជាពលរដ្ឋឲ្យយល់ដឹងពីពហុប្រយោជន៍នៃព្រៃឈើ ហើយគោលនយោបាយដ៏ប្រពៃនេះ ត្រូវបានព្រះសង្ឃ និងបងប្អូនប្រជាពលរដ្ឋចូលរួមយ៉ាងសកម្ម និងសស្រាក់សស្រាំបំផុត។

ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជំរុញយ៉ាងខ្លាំងក្លាដល់រដ្ឋបាលព្រៃឈើដែលជាសេនាធិការ និងដោយមានការចូលរួមសហការពីស្ថាប័ន អង្គភាពពាក់ព័ន្ធ ព្រមទាំងរដ្ឋបាលរាជធានី-ខេត្តផងនោះ បានរៀបចំប្រារព្ធពិធី”រុក្ខទិវា”នៅលើទីតាំងតាមបណ្តារាជធានី-ខេត្តជារៀងរាល់ឆ្នាំនាពេលកន្លងមក។

ឯកឧត្តមបានបញ្ជាក់ថា ការសម្រេចជ្រើសរើសឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ ជាកន្លែងប្រារព្ធទិវាដំាដើមឈើឆ្នាំនេះ  ដើម្បីស្តារជំរកព្រៃឈើនៅតំបន់នេះឲ្យកាន់តែល្អប្រសើរឡើងដែលជាប្រយោជន៍សម្រាប់មនុស្ស ជាតិ ខណៈដែរតំបន់នេះកំពុងរងការសឹករិចរិលព្រៃឈើយ៉ាងខ្លំាង។

នៅក្នុងឱកាសនោះ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនីមានព្រះរាជឱង្ការថាព្រៃឈើជាប្រភពធនធានធម្មជាតិដ៏ប្រសើរមួយមិនអាចខ្វះបានសម្រាប់ធានាអាយុជីវិតប្រជារាស្ត្រ ហើយចាំបាច់ត្រូវតែរក្សាការពារ និងប្រើប្រាស់ផល និងអនុផលព្រៃឈើឲ្យបានសមស្រប។

ព្រះអង្គបន្តថា ពិធី”បុណ្យរុក្ខទិវា”ជាសកម្មភាពដ៏ឧត្តុង្គឧត្តម ដែលត្រូវរួបរួមគ្នាស្តារ និងថែរក្សាប្រភពធនធានជាតិដ៏សំខាន់ជារតនសម្បត្តិដ៏មានតម្លៃសម្រាប់លើកស្ទួយសង្គមជាតិយើង។ ពិសេសព្រឹត្តិការណ៍ក្នុងថ្ងៃនេះ គឺជាការរំឭក និងចងចាំផងដែរនូវព្រះរាជបូជនីយកិច្ចដឹកនាំដ៏ថ្លៃថ្លាបំផុតរបស់ ព្រះករុណាព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ព្រះបិតាឯករាជ្យជាតិ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គបានដឹកនាំដាំដើមឈើនៅទូទំាង ប្រទេសចាប់តំាងពីសម័យសង្គមរាស្ត្រនិយមដោយមានការចូលរួមយ៉ាងផុសផុលពីប្រជាពលរដ្ឋគ្រប់ស្រទាប់នៅក្នុងសង្គមជាតិកម្ពុជាទាំងមូល។

ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បានមានព្រះរាជបន្ទូលអៈអាងថា ព្រៃឈើជាសម្បត្តិធម្មជាតិដ៏មហាសាលសម្រាប់ជីវិតមនុស្សសត្វរស់នៅលើភពផែនដី ព្រៃឈើបានរក្សានៅលំនឹងធម្មជាតិ និងចូលរួមអភិវឌ្ឍសេដ្ឋកិច្ចសង្គម វប្បធម៌ ទេសចរណ៍ ប្រព័ន្ធការពារដីនៅទីជម្រាល ប្រព័ន្ធការពារជីវៈចំរុះជាដើម ដូច្នេះមិនត្រូវឲ្យបាត់បង់ព្រៃឈើ ឡើយ ព្រោះវាអាចបណ្តាលឲ្យមានគ្រោះទឹកជំនន់ ខ្យល់កន្ត្រាក់ រន្ទះ និងគ្រោះរំាងស្ងួតដែល បានបណ្តាលឲ្យខ្វះប្រភពទឹកប្រើប្រាស់ ឈានទៅរកការបាត់បង់ប្រាក់ចំណូល សត្វព្រៃ ធនធាន         មច្ឆ​​ជាតិគ្រប់ប្រភេទ ហើយអាចបង្កឲ្យមានភាពរហោស្ថាននិងការធ្លាក់ចុះគុណភាពដីផងដែរ។

យោងតាមរបាយការណ៍របស់ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានបង្ហាញឲ្យដឹងថា បុណ្យរុក្ខទិវា៩ កក្កដា ឆ្នាំ២០១៩នេះ ដែលប្រារព្ធធ្វើឡើងនៅក្នុងឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ លើផ្ទៃដីទំហំ១០ហិចតា លើតំបន់ស្តារព្រៃឈើក្បាលដំរីទំហំសរុប៩៨៧ហិកតា ដែលមានកូនឈើរុបជាង១ម៉ឺន៣ពាន់ដើម ដូចជា កូនឈើក្រញូង ធ្នុង កកោះ និង កូនឈើអង្កាញ់ជាដើម៕