ស្ថានទូតជប៉ុននៅកម្ពុជា នឹងរៀបចំពិធីបុណ្យផ្កាយឆ្នាំ២០១៩ នៅចុងសប្តាហ៍នេះ ដើម្បីជំរុញការផ្លាស់ប្តូរវប្បធម៌ជាមួយកម្ពុជា

វិទ្យុជាតិកម្ពុជា ៖ វ៉ាង ភក្តី
ភ្នំពេញ៖ ស្ថានទូតជប៉ុននៅកម្ពុជា រួមសហការជាមួយមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) និងមជ្ឈមណ្ឌលអាស៊ីនៃមូលនិធិជប៉ុន (JFAC) នឹងរៀបចំនូវព្រឹត្តិការណ៍ពិធីបុណ្យផ្កាយឆ្នាំ២០១៩ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩ នៅCJCC។
ពិធីបុណ្យផ្កាយត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ២០០៤មក ក្នុងគោលបំណងបន្តជំរុញការផ្លាស់ប្តូរវប្បធម៌រវាងប្រទេសជប៉ុន និងកម្ពុជាបន្ថែមទៀត។ នេះបើតាសេចក្តីជូនដំណឹងដែលវិទ្យុជាតិកម្ពុជាទទួលបាននៅថ្ងៃទី៩ ខែកក្កដានេះ។
ស្ថានទូតជប៉ុន បានបញ្ជាក់ថា ពិធីបើកធ្វើឡើងនៅថ្ងៃ ទី១៣ ខែកក្កដា ចាប់ពីម៉ោង ១៤:៣០នាទី ដល់ម៉ោង១៦:០០នាទី ដោយមានការថ្លែង
សុន្ទរកថារបស់ឯកអគ្គរាជទូតជប៉ុន និងតំណាងរាជរដ្ឋាភិបាលកម្ពុជា ការសម្តែងសិល្បៈវប្បធម៌កម្ពុជា និងជប៉ុន។
ក្នុងអំឡុងពិធីបុណ្យនេះ ក៏មានការប្រឡងចម្រៀងណូដូជីម៉ាន់ ការប្រគំតន្រី្តមេឡូឌីខ្មែរ ជាដើម។
ស្ថានទូតជប៉ុន បានបន្តថា សម្រាប់ឆ្នាំនេះ ក៏នឹងរួមមានកម្មវិធីជាច្រើនផ្សេងទៀត ដូចជាសិក្ខាសាលា និងបទបង្ហាញដែលទាក់ ទងនឹង អានីមេ ខូសផ្លេ ការប្រកួតភាពយន្តខ្លី កម្មវិធីJENESYS ការបញ្ចាំងខ្សែភាពយន្តជប៉ុន ថ្នាក់រៀនចម្អិនម្ហូបជប៉ុន សិល្បៈបត់ក្រដាស«អូរីហ្គាមី» សិល្បៈកាត់ក្រដាស«គីរីហ្គាមី» ការសរសេរអក្សរផ្ចង់«ស្យូដូ» ការសាកល្បងស្លៀកសំលៀកបំពាក់ប្រពៃណី«ក្បិនខ្មែរ» និង«យូកាតាជប៉ុន» ការសាកល្បងស្លៀកសំលៀកបំពាក់ និង អនុវត្តន៍កីឡា «កេនដូ» និង«អ៊ីអៃដូ» ថ្នាក់រៀនបាញ់ធ្នូមរតកខ្មែរ ព្រមទាំងការតាំងពិព័រណ៍ផ្សេងៗ នៅក្នុងពិធីបុណ្យនេះ។ មានភ្ជាប់ជូនខិតប័ណ្ណដែលមានកម្មវិធីលម្អិត។
ពិធីបុណ្យផ្កាយឆ្នាំនេះ ក៏នឹងផ្តោតជាពិសេសលើការសន្សំសំចៃបរិស្ថាន។ ចាប់ពីឆ្នាំនេះតទៅ ស្ថាប័ន ដៃគូរៀបចំពិធីបុណ្យនេះ នឹងផ្តោតការយកចិត្តទុកដាក់ទៅលើការរៀបចំ និងការកាត់បន្ថយសំរាមឲ្យបានត្រឹមត្រូវ ជាពិសេសគឺសំណល់ប្លាស្ទិក។ កំឡុងព្រឹត្តិការណ៍ពិធីបុណ្យផ្កាយ យើងនឹងលើកទឹកចិត្តអ្នកចូលរួម ទាំងអស់ ត្រូវចោលសម្រាមឲ្យបានត្រឹមត្រូវទៅក្នុងធុងសំរាមដែលបានបែងចែករួចជាស្រេច ជៀសវាងការចោល សំរាមទៅលើដី និងការកាត់បន្ថយសំរាមដោយការប្រើប្រាស់សាជាថ្មី។ ឧទាហរណ៍ជាក់ស្តែងដូចជា ការប្រើ ប្រាស់ដបទឹក និងថង់បរិស្ថាន ដែលអាចប្រើប្រាស់បានម្តងហើយម្តងទៀត។ ការលើកទឹកចិត្តនេះ នឹងត្រូវបាន ធ្វើឡើងតាមរយៈ ការណែនាំរបស់និសិ្សតស័្មគ្រចិត្ត សិក្ខាសាលាផ្សេងៗ ការសហការពីម្ចាស់ស្តង់លក់ផលិត ផល ដូចជាការលក់បញ្ចុះតំលៃ ប្រសិនបើប្រើប្រាស់ដបទឹកដែលអាចប្រើប្រាស់ឡើងវិញយកមកដោយខ្លួនឯង ឬការមិនផ្តល់ឲ្យនូវថង់ ឬទុយោប្លាស្ទិក។
ពិធីបុណ្យផ្កាយ គឺជាកម្មវិធីបុណ្យប្រពៃណីជប៉ុន ដែលតែងតែប្រារព្ធឡើងនៅថ្ងៃទី៧ ខែកក្កដា ជារៀងរាល់ឆ្នាំនៅប្រទេសជប៉ុន ដើម្បីរំលឹកដល់ដំណើររឿងរបស់គូស្នេហ៍នៅលើឋានសួគ៌មួយគូ គឺនារីតម្បាញ និងបុរសគង្វាលគោ។
តាមតំណាលរឿង គូស្នេហ៍មួយគូនេះ ត្រូវបានបំបែកដោយទន្លេអាមាណុហ្កាវ៉ា ហើយអាចជួបគ្នាបានតែម្តងគត់ក្នុងមួយឆ្នាំ គឺនៅថ្ងៃទី៧ ខែកក្កដា៕