កិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំខែមេសា និងខែឧសភា ឆ្នាំ២០១៩

AKP ភ្នំពេញ ថ្ងៃទី​០៩ ខែកក្កដា ឆ្នាំ​២០១៩​ -ប្រភពពីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ បាន​ឱ្យ​ដឹងថា​ កាលពី​ថ្ងៃចន្ទ ៧កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំខែមេសា និងខែឧសភា ឆ្នាំ២០១៩ ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់របស់ក្រសួង សមាជិកសមាជិកាគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងស្ថាប័នពាក់ព័ន្ធផងដែរ។

ប្រភពដដែលបាន​គូសបញ្ជាក់ថា​ កិច្ចប្រជុំនេះបានផ្តោតជាសំខាន់លើការងារលិខិតបទដ្ឋានសំខាន់ៗ ការងារផ្សព្វផ្សាយអប់រំច្បាប់ ការងារឯកទេសជំនាញ ការងារសហប្រតិ បត្តិការជាមួយស្ថាប័នជាតិ និងអន្តរជាតិ លទ្ធផលត្រួតពិនិត្យរឹតបន្តឹងអនុវន៍ត្តច្បាប់ សភាពការណ៍គ្រោះថ្នាក់ចរាចរណ៍ បញ្ហាប្រឈម និងទិសដៅអនុវត្តន៍បន្តរបស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក។

នៅក្នុង​ឱកាសនោះ​ ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីការងារត្រួតពិនិត្យការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ និងថែរក្សាហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ឱ្យប្រើប្រាស់ជាប់បានយូរ និងបានដាក់ចេញនូវវិធានការមួយចំនួន ដើម្បី​សម្រួលដល់វិស័យឯកជន ដូចជា ការផ្តល់សេវាត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តនៅតាមគោលដៅកំពង់ផែ និងការបើកបង្រៀនបើកបរយានយន្តដឹកទំនិញដោយឥតគិតថ្លៃ។

ទន្ទឹមនឹងនេះ​ ឯកឧត្តមបានមាន​ប្រសាសន៍​អំពីការសិក្សាគម្រោងនៃប្រព័ន្ធប្រតិបត្តិការរថភ្លើងស្វ័យប្រវត្តិ (AGT) ការសិក្សាគម្រោង Monorail និងគម្រោងផ្លូវរថភ្លើងក្រោមដី ដើម្បីដាក់ជូនប្រមុខរាជរដ្ឋាភិបាលកម្ពុជាធ្វើការពិនិត្យ និងពិចារណាជ្រើសរើសគម្រោងណាមួយក្នុងការដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ក្នុងរាជធានីភ្នំពេញ។

ជាមួយគ្នានេះដែរ ឯកឧត្តមក៏​បានណែនាំផងដែរ​ដល់មន្ត្រីជំនាញ និងស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវខិតខំប្រឹងប្រែងធ្វើយុទ្ធនាការផ្សព្វផ្សាយពីច្បាប់ចរាចរណ៍ បណ្ដុះបណ្ដាល ពង្រឹងការអនុវត្តច្បាប់ យុទ្ធនាការពាក់មួកសុវត្ថិភាព ការអប់រំតាមសាលារៀន ការបំពាក់ផ្លាកសញ្ញា ភ្លើងសញ្ញា គំនូសសញ្ញាចរាចរណ៍ និងចំណាំងផ្លាត ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និង​បាន​កោតសរសើរ និងអរគុណដល់គ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែង និងសហការយ៉ាងស្អិតល្មួតកន្លងមក ក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរ ណ៍នេះ៕

ដោយ ទេស ច័ន្ទសុធារី

រូបភាព៖ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន