ជំនួបពិភាក្សាការងារ​ជាមួយ​ក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន

AKP ភ្នំពេញ ថ្ងៃទី​០៩ ខែ​កក្កដា ឆ្នាំ​២០១៩​ -ប្រភពពីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ បាន​ឱ្យ​ដឹងថា​ កាល​ពី​ថ្ងៃចន្ទ ៧កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៩ នៅទីស្ដីការក្រសួង ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានអនុញ្ញាត​ឱ្យ​គណៈប្រតិភូមកពីក្រុមប្រឹក្សាធុរកិច្ចអាម៉េរិក-អាស៊ាន ចូល​ជួប​ពិភាក្សាការងារ​។

ប្រភពដដែលបាន​គូសបញ្ជាក់ថា​ គណៈប្រតិភូ​នេះ​​ដឹកនាំដោយលោក Alexander Feldman ជាប្រធាននៃក្រុមប្រឹក្សាធុរកិច្ច អមដោយគណៈប្រតិភូមកពីក្រុមហ៊ុន អាម៉េរិកជាច្រើនរូបទៀតដូចជា ក្រុមហ៊ុន General Electric (GE) ក្រុមហ៊ុន Chevron ក្រុមហ៊ុន Cisco ក្រុមហ៊ុន Coca-Cola ក្រុមហ៊ុន ConocoPhillips ក្រុមហ៊ុន Facebook ក្រុមហ៊ុន Ford ក្រុមហ៊ុន Visa ក្រុមហ៊ុន Oracle និង ក្រុមហ៊ុន RMA Group។​

នៅក្នុង​ឱកាសនោះ​ ឯកឧត្តមទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់​អំពីគម្រោងសិក្សាផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ការសិក្សាគម្រោង Monorail ផ្លូវរថភ្លើងក្រោមដី គម្រោង AGT ជាដើម និង​គម្រោងកំពុងបន្តក្នុងកិច្ចការងារពង្រឹងសុវត្ថិភាពចរាចរណ៍ ការសិក្សាដើម្បីរៀបចំបទដ្ឋានសម្រាប់កំណត់អាយុកាលនៃការប្រើប្រាស់យានយន្តឱ្យស្របតាមបទដ្ឋានបច្ចេកទេសសម្រាប់យានយន្តដែលត្រូវប្រើប្រាស់នៅកម្ពុជា និងជំរុញឱ្យប្រើប្រាស់យានយន្តប្រើថាមពលអគ្គិសនី និងការគាំពារបរិស្ថាន ក្រោមកិច្ចសហការពី UNDP។

ជាមួយគ្នានេះដែរ ឯកឧត្តមបានគូសបញ្ជាក់បន្ថែមទៀត ​អំពីការរៀបចំនីតិវិធី និងប្រព័ន្ធចុះបញ្ជីលក់លេខពិសេសផ្ទាល់ខ្លួន ដែលមាន៨ខ្ទង់ និងការដេញថ្លៃជាសាធារណៈ ដោយប្រើប្រាស់បច្ចេកវិទ្យានាយុគ្គសម័យបដិវត្តន៍ឧស្សាហកម្មជំនាន់ 4.0 ជាមួយការបង់ប្រាក់តាមប្រព័ន្ធឌីជីថល ជាមួយគ្រឹះស្ថានជាដៃគូផងដែរ ក្នុងគោលបំណងបង្ខិតសេវាឱ្យទៅជិតប្រជាពលរដ្ឋ កាត់បន្ថយនីតិវិធីស្មុគស្មាញ កាត់បន្ថយពេលវេលា លុបបំបាត់ចំណាយក្រៅផ្លូវការ។

ដោយឡែក លោក Alexander Feldman បានមានប្រសាសន៍​ថា ដំណើរទស្សនកិច្ចមកកាន់ប្រទេសកម្ពុជានៅពេលនេះ មានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការទំនាក់ទំនងរវាងកម្ពុជា (ដៃគូអាស៊ាន) និងសហរដ្ឋអាមេរិក ដើម្បីជំរុញការវិនិយោគអាម៉េរិកបន្ថែមទៀតមកកម្ពុជា។

ទន្ទឹមនឹងនេះ​ សមាជិកគណៈប្រតិភូ បានធ្វើបទបង្ហាញពីការចូលរួម និងផែនការសកម្មភាពរបស់ខ្លួនក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន សុវត្ថិភាពចរាចរណ៍ និងបច្ចេកវិទ្យាព័ត៌មាន ដែលមានការពាក់ព័ន្ធនឹងវិស័យសាធារណការ និងដឹកជញ្ជូន ព្រមទាំងបានបង្ហាញពីការស្ម័គ្រចិត្តក្នុងការចូលរួមសកម្មភាព ទំនួលខុសត្រូវសង្គម ដែលអាចកើតចេញពីការធ្វើវិនិយោគ (CSR) ផងដែរ។

​​ ឯកឧត្តមទេសរដ្ឋមន្រ្តី និងក្រុមគណៈប្រតិភូបានឯកភាពគ្នាបន្តកិច្ចសហប្រតិបត្តិការល្អ ក្នុងការដោះស្រាយបញ្ហារួមគ្នា ជំរុញការវិនិយោគ និងពាណិជ្ជកម្មរបស់អាម៉េរិកនៅកម្ពុជា ដើម្បីចូលរួមអភិវឌ្ឍន៍កម្ពុជាឱ្យកាន់តែមានការរីកចម្រើនមួយកម្រិតទៀត។

សូមបញ្ជាក់ថា ក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន គឺជាអង្គការតស៊ូមតិមួយសម្រាប់សាជីវកម្មអាម៉េរិក ដែលធ្វើកិច្ចសហប្រតិបត្តិការនៅក្នុងសមាគមប្រជាជាតិអាស៊ី អាគ្នេយ៍(អាស៊ាន)។ ក្រុមប្រឹក្សានេះគឺជាសំឡេងមួយនៃវិស័យឯកជនរបស់សហរដ្ឋអាមេរិក ក្នុងការលើកកម្ពស់ទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគទៅវិញទៅមករវាងសហរដ្ឋអាមេរិក-អាស៊ាន និងអាស៊ីអាគ្នេយ៍៕

ដោយ ទេស ច័ន្ទសុធារី

រូបភាព៖ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន