​​ខេត្តបន្ទាយមានជ័យចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធបានជាង ​១៣៣.០០០ប័ណ្ណ

AKP បន្ទាយមានជ័យ ថ្ងៃទី០៩ ខែកក្កដា ​ឆ្នាំ២០១៩ -ប្រធានមន្ទីររៀបចំដែនដីនគរូនីយកម្ម​សំណង់ និងសុរិយោដី​​ ខេត្តបន្ទាយមានជ័យ​លោក ប្រាក់ ប៉ូលី បានឱ្យដឹងថា មកដល់បច្ចុប្បន្ននេះ នៅខេត្តបន្ទាយមានជ័យការចុះដីធ្លី​មាន លក្ខណៈជាប្រព័ន្ធអនុវត្តន៍បានជាង ១៣៣.០០០ប័ណ្ណ ជូនដល់ប្រជាពលរដ្ឋ។

លោក ប្រាក់ ប៉ូលី បានបង្ហាញឱ្យដឹងយ៉ាងដូច្នេះ កាលពីថ្ងៃចន្ទ ៧កើត ខែអាសាឍ ឆ្នាំ កុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៩ ក្នុងពិធីផ្សព្វផ្សាយសេចក្តី ប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យសម្រាប់ចុះបញ្ជីដីធ្លី ដែលមានលក្ខណៈជាប្រព័ន្ធជូនប្រជា ពលរដ្ឋ​​ក្នុង​ភូមិ​រោង​គោ​ដើម ​​និង​ភូមិ​រោង​គោ​កណ្តាល ស្ថិតក្នុង​ឃុំ​ចំណោម ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ ដែលមានការចូលរួមស្តាប់ពី​ប្រជាពលរដ្ឋយ៉ាងច្រើននោះ។

លោក​ប្រធានមន្ទីរ​រៀបចំដែនដី នគរូបនីយកម្ម​​សំណង់និងសុរិយោដី​ខេត្តបន្ទាយមាន ជ័យបានឱ្យដឹង​ថា ក្រុមការងារជំនាញបាន និងកំពុងប្រឹងប្រែង​​ព​ន្លឿ​ន​ក្នុងការ​ចុះបញ្ជី​ដីធ្លី​មាន​លក្ខ​ណៈ​ជា​ប្រព័ន្ធនេះ​​នៅតាមតំបន់គោលដៅជូន​ដល់​ប្រជាពលរដ្ឋ ​ដើម្បី​បញ្ចប់​​បញ្ហាប្រឈម​ទំនាស់ដីធ្លី​ដែលបានធ្លាប់កើតមានជាបន្តបន្ទាប់នោះ។

លោក ប្រាក់ ប៉ូលី បានឱ្យដឹងទៀតថា នីតិវិធីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ នេះធ្វើតាមដំណាក់ គឺការកំណត់តំបន់ធ្វើការវិនិច្ឆ័យ ការបង្កើតគណៈកម្មការរដ្ឋបាល ការជូន ដំណឹងដំណើរការផ្សព្វផ្សាយ ការចុះកំណត់ព្រំវាស់វែង និងវិនិច្ឆ័យ ដើម្បីកសាងប្លង់សុរិយោដី និងបញ្ជីឈ្មោះម្ចាស់ដី។ ការបិទផ្សាយជាសាធារណៈនូវឯកសារ នៃការវិនិច្ឆ័យរយៈពេល ១៥ ថ្ងៃ ដើម្បីទុកលទ្ធភាពឱ្យម្ចាស់ដី និងអ្នកពាក់ព័ន្ធ ធ្វើការផ្ទៀងផ្ទាត់ឈ្មោះ ស្ថានភាពគ្រួសារ និងក្បាលដីរបស់ខ្លួន ព្រមទាំងធ្វើការតវ៉ាក្នុងករណីខុសឆ្គង។ ការផ្តល់សិទ្ធិចំពោះក្បាលដី ណាដែលមិន​​មាន​ទំនាស់ចុះបញ្ជីចេញប័ណ្ណ និងចែកប័ណ្ណកម្មសិទ្ធិជូន​ម្ចាស់ដី។

​មានប្រសាសន៍នៅក្នុងពិធីផ្សព្វផ្សាយនេះលោក គឹង វណ្ណៈ អភិបាលរងខេត្តបន្ទាយ មានជ័យ គូសបញ្ជាក់ថា អាជ្ញាធររដ្ឋបាលដីធ្លីបានប្រឹងប្រែងក្នុងការចុះបញ្ជីដីធ្លី ដែលមាន លក្ខណៈជាប្រព័ន្ធ ជូនដល់ប្រជាពលរដ្ឋ ព្រោះមានសារៈសំខាន់ណាស់ដល់ប្រជាពលរដ្ឋ ម្ចាស់ដី ដោយ​មិនចំណាយប្រាក់ច្រើនក្នុងការធ្វើ​ប្លង់រឹងលើដី​​ធ្លី ​ដើម្បី​ធានា​នូវ​សិទ្ធិ​​ធ្វើជា​ម្ចាស់​​កាន់កាប់​​ ជា​ឯកសារ​សំ​អាង​រឹងមាំ បើ​មាន​ជម្លោះ​ដី ធ្វើ​ឱ្យ​ប្រសើរឡើងនូវ​ការផ្ទេរ​អចលន​ទ្រព្យ ​ពិសេសទៀត​នោះបានធ្វើឱ្យបញ្ហាទំនាស់ដីធ្លី​ត្រូវបានកាត់បន្ថយយ៉ាងច្រើន។

អភិបាលរងខេត្តបន្ទាយមានជ័យលោក គឹង វណ្ណៈ បាន​បន្តទៀតថា តាងនាមឱ្យអាជ្ញា ធរខេត្ត ប្រជាពលរដ្ឋទាំងអស់ទូទាំងខេត្តបន្ទាយមានជ័យ សូមថ្លែងអំណរគុណដល់រាជរដ្ឋាភិ បាលកម្ពុជា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលបានបង្កើតឱ្យមានការចុះ បញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនេះឡើង។ជាមួយនោះក៏បានក្រើនរម្លឹកដល់ប្រជាពលរដ្ឋម្ចាស់ដីទាំងអស់ ត្រូវចូលរួមជាមួយក្រុមការងារជំនាញ ដែលបាននិងកំពុងចុះធ្វើសកម្មភាពដំណើរ ការចុះបញ្ជីដីធ្លីជូនដល់​បងប្អូន ក្នុងមូលដ្ឋានរបស់ខ្លួននេះ សំដៅជំរុញការងារវាស់វែងដីធ្លីនេះ​កាន់លឿននោះ ៕

ដោយ ឈុន សារ៉ាត

 

​​