គម្រោងបង្កើតរោងចក្រផលិតខ្សែរូត និងគ្រឿងបន្សំសម្លៀកបំពាក់ ត្រូវបានអន្តរក្រសួង ពិនិត្យ និង វាយតម្លៃហេតុប៉ះពាល់បរិស្ថាន

AKP ភ្នំពេញ ថ្ងៃទី០៩ ខែកក្កដា ឆ្មាំ២០១៩ -ឯកឧត្តម សូត យា អនុរដ្ឋលេខាធិការ នៃក្រសួងបរិស្ថាន កាលពីថ្ងៃចន្ទ ៧កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៩ បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូង (IESIA) លើគម្រោងបង្កើតរោងចក្រខ្សែរូត និងគ្រឿងបន្សំសម្លៀកបំពាក់ ។

ប្រភពពីក្រសួងបរិស្ថានបានឱ្យដឹងថា គម្រោងបង្កើតរោងចក្រផលិត ខ្សែរូត និងគ្រឿងបន្សំសម្លៀកបំពាក់ លើផ្ទៃដីទំហំ ២០៥.២៥៦ម៉ែត្រក្រឡា ដែលមានទីតាំងស្ថិតនៅភូមិតានៃ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ របស់ក្រុមហ៊ុន ធីអេច ហ្ស៊ីបភើ & មេធល អេកសេសឺរី (ខេមបូឌា) ឯ.ក (ម្ចាស់គម្រោង) ដែលបានសិក្សា និងរៀបចំ​របាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន ដោយក្រុមហ៊ុនទីប្រឹក្សា សាស្ទីណាត៍ ហ្គ្រីន។

ប្រភពខាងលើបានឱ្យដឹងបន្តថា កិច្ចប្រជុំនេះមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងអគ្គនាយកដ្ឋាន និងអគ្គលេខាធិការដ្ឋានពាក់ព័ន្ធនៃក្រសួងបរិស្ថាន តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ ក្រសួងសាធារណការនិងដឹកជញ្ជូន ក្រសួងឧស្សាហកម្មនិងសិប្បកម្ម ក្រសួងធនធានទឹកនិងឧតុនិយម ក្រសួងការងារនិងបណ្តុះ​បណ្តាល​វិជ្ជាជីវៈ ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រដ្ឋបាលខេត្តព្រះសីហនុ​ មន្ទីរបរិស្ថានខេត្តព្រះសីហនុ តំណាងនាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាន តំណាងក្រុមហ៊ុន ធីអេច ហ្ស៊ីបភើ & មេធល អេកសេសឺរី (ខេមបូឌា) ឯ.ក (ម្ចាស់គម្រោង) និងក្រុមហ៊ុនទីប្រឹក្សា សាស្ទីណាត៍ ហ្គ្រីន ផងដែរ។

ជារួមអង្គប្រជុំបានទទួលលទ្ធផលដូចខាងក្រោម ៖ ១. សុំឱ្យក្រុមហ៊ុនពិនិត្យលើលទ្ធភាពក្នុងការប្រើប្រាស់ទឹកក្រោមដី ក្រុមហ៊ុនគួរជីកស្រះបន្ថែម២ ទៅ ៣ទៀត ដើម្បីស្តុកទឹកសម្រាប់ប្រើប្រាស់ឱ្យបានគ្រប់គ្រាន់ ចៀសវាងការទាញទឹកក្រោមមកប្រើប្រាស់។ ២. សូមឱ្យក្រុមហ៊ុនសហការជាមួយក្រសួងបរិស្ថាន ដើម្បីយកសំណាកទឹកក្រោមដីមកធ្វើការវិភាគ ឈ្វេងយល់ពីគុណភាពទឹកក្រោមដី ដែលអាចប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋក្នុងតំបន់ ។ ៣.សុំឱ្យក្រុមហ៊ុនពិនិត្យបញ្ហាគុណភាពខ្យល់ ធូលី និងក្លិន ទៅតាម​បច្ចេកទេសស្របតាមស្តង់ដាររបស់ក្រសួងបរិស្ថាន។ ម៉្យាងទៀត ក្រុមហ៊ុនត្រូវធ្វើការអប់រំកម្មករឱ្យយល់ដឹងពីបញ្ហាសុខភាព និងសុវត្ថិភាព ដូចជា ការលាយថ្នាំ ការប្រើប្រាស់សារធាតុគី មីការពាក់ឧបករណ៍សុវត្ថិភាពជាដើម។ ៤.ក្រុមហ៊ុនត្រូគ្រប់គ្រងសំណល់រឹង – រាវ ឱ្យបានត្រឹមត្រូវទៅតាមលក្ខណៈបច្ចេកទេស ជាពិសេសសំណល់រាវក្រុមហ៊ុនមិនត្រូវបង្ហូរដោយផ្ទាល់ទៅអូរ ដោយមិនទាន់ឆ្លងកាត់អាងប្រព្រឹត្តិកម្មសំណល់រាវជាមុន ។ ៥.ក្រុមហ៊ុនត្រូវជួយជួសជុលផ្លូវក្នុងតំបន់គម្រោងទៅតាមសំណូមពររបស់ប្រជាពលរដ្ឋ និងត្រូវរក្សាលំហបៃតងឱ្យបាន៣០ភាគរយ នៃផ្ទៃដីគម្រោង ឬ ក្នុង១៥០ម៉ែត្រក្រឡាត្រូវដាំដើមឈើ១ដើម។ ៦. ក្រុមហ៊ុនត្រូវបំពាក់ឧបករណ៍សុវត្ថិភាពដល់បុគ្គលិក-កម្មករ និងត្រូវមានអាហារដ្ឋាន គិលានដ្ឋាន និងស្លាកចររាចរណ៍ ព្រមទាំងចុះបញ្ជី ប.ស.ស ដល់បុគ្គលិក-កម្មករទាំងអស់។ ៧. ក្រុមហ៊ុនត្រូវមានកិច្ចសហការល្អជាមួយអាជ្ញាធរភូមិ-ឃុំ ស្រុក ខេត្ត ក្នុងកិច្ចការនេះឱ្យបានល្អប្រសើរ ៕

ដោយ ពេជ្រ ណារិទ្ធ