ព្រឹទ្ធសភា កំណត់ថ្ងៃទី១១ ខែកក្កដា ដើម្បីឆ្លងច្បាប់ចំនួន៥ដែលស្នើឡើងដោយរាជរដ្ឋាភិបាល

វិទ្យុជាតិកម្ពុជា អត្ថបទ៖ជួន បូណា ០៨ ០៧ ១៩៖

ព្រឹទ្ធសភា កំណត់ថ្ងៃទី១១ ខែកក្កដា អនុម័តច្បាប់ចំនួន៥ ដើម្បីបើកផ្លូវអោយរាជរដ្ឋាភិបាលយកច្បាប់នេះទៅអនុវត្ដឲ្យកាន់តែមានប្រសិទ្ធភាព។
ព្រឹទ្ធសភានាព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៩ ក្រោមការដឹកនាំរបស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា បានបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ ដោយបានសម្រេចយកថ្ងៃ ទី១១ ខែកក្កដា បន្តសម័យប្រជុំលើកទី៣ នីតិកាលទី៤របស់ខ្លួន ដើម្បីឆ្លងយោបល់ និងឯកភាពលើសេចក្តីព្រាងច្បាប់ចំនួន៥ដែលស្នើឡើងដោយរាជរដ្ឋាភិបាល។
សេចក្តីព្រាងច្បាប់ ដែលនឹងត្រូវពិនិត្យឆ្លង ក្រោយរដ្ឋសភាបានអនុម័តរួចរាល់ទាំងនោះមានដូចជា៖ សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន អេសភី អេចភី (ខេមបូឌា), សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ស្នេថេក រីញូវេប៊ល, សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ស្នេថេក ខូ អិលធីឌី , សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមឱ្យព្រះរាជាណា-ចក្រកម្ពុជា ចូលជាសមាជិកនៃកិច្ចព្រមព្រៀងស្តីពី វិធានការរដ្ឋម្ចាស់កំពង់ផែ ដើម្បីបង្ការ ទប់ស្កាត់ និងលុបបំបាត់ការនេសាទខុសច្បាប់ គ្មានរបាយការណ៍ និងគ្មានការអនុញ្ញាត និងសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ២០១៩ -២០២៣ ៕