ក្រសួងវប្បធម៌ គ្រោងពង្រីកសារមន្ទីរជាតិឲ្យកាន់តែមានភាពធំទូលាយបន្ថែមទៀត

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ អាត​ ចន្ធូ​៖

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ គ្រោងពង្រីកសារមន្ទីរជាតិ ឲ្យកាន់តែមានភាពធំទូលាយបន្ថែមទៀត ដើម្បីបង្កភាពងាយស្រួលក្នុងការដាក់តាំងបង្ហាញនូវវត្ថុបុរាណ សម្រាប់ភ្ញៀវទេសចរជាតិ និង អន្ដរជាតិចូលទស្សនា និងសិក្សាស្វែងយល់។
លោក គង់ វីរៈ ប្រធាននាយកដ្ឋានសារមន្ទីរជាតិនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រាប់វិទ្យុជាតិកម្ពុជាថា សារមន្ទីរជាតិនឹងធ្វើការពង្រីកបន្ថែមទៅកាន់ទីតាំងសាកលវិទ្យាល័យ ភូមិន្ទវិចិត្រសិល្បៈ ក្រោយពេលក្រសួងរៀបចំរួចរាល់នូវទីតាំងថ្មីនៃសាកលវិទ្យាល័យ ភូមិន្ទវិចិត្រសិល្បៈ។
លោកមានប្រសាសន៍ថា ការពង្រីងទីតាំងឲ្យកាន់តែមានភាពធំទូលាយបន្ថែមនេះ គឺដើម្បីដាក់តាំងនូវវត្ថុបុរាណខ្មែរជាច្រើន សម្រាប់បង្ហាញភ្ញៀវទេសចរជាតិ និងអន្ដរជាតិចូលមកទស្សនាឈ្វេងយល់ពីប្រវត្តិសាស្ដ្ររបស់ប្រទេសកម្ពុជា ជាពិសេសសម្រាប់សិស្ស និសិ្សតសិក្សារៀនសូត្រពីវប្បធម៌ អរិយធម៌ ទំនៀមទំលាប់ ប្រពៃណីរបស់ខ្មែរផងដែរ​។
លោក គង់ វីរៈ បានឲ្យដឹងទៀតថា សារមន្ទីរជាតិនៅទីក្រុងភ្នំពេញជាសារមន្ទីរធំជាងគេនៅប្រទេសកម្ពុជា ដែលជាទីតាំងប្រមូលផ្ដុំសម្បត្តិវប្បធម៌ និងប្រវត្តិសាស្ត្រដ៏សំខាន់។ សារមន្ទីរជាតិនេះ មានរក្សាទុករូបសំណាក និងភស្ដុតាងប្រវត្តិសាស្ត្រកម្ពុជា ចំនួនជាង១ម៉ឺន៤ពាន់ តាំងពីសម័យបុរេប្រវត្តិ សម័យអង្គរ និង សម័យក្រោយៗមកទៀត។
សូមបញ្ជាក់ថា សារមនី្ទរជាតិ ត្រូវបានកសាងឡើងនៅក្នុងឆ្នាំ១៩១៧ នាសម័យអាណានិគមបារាំងមកលើប្រទេសកម្ពុជា ដោយមានបណ្ដោយ៥៤ម៉ែត្រ និងជម្រៅ៦៦ម៉ែត្រ ហើយសង់លើខឿនដែលមានកម្ពស់២,៥០ម៉ែត្រ៕