ខេត្តក្រចេះ ពន្លឿនការសាងសង់សំណង់ច្រាំងទន្លេបញ្ចៀសទឹកជំនន់ចូលក្រុងក្នុងរដូវវស្សា

AKP ក្រចេះ ថ្ងៃទី០៨ ខែកក្កដា ​​ឆ្នាំ២០១៩ -លោក ហេង រត្នម៉ូនីដា ប្រធានមន្ទីរធនធានទឹកនិងឧតុនិយម បានឱ្យដឹងថា ឆ្នាំនេះមន្ទីរធនធានទឹក និងឧតុនិយម សហការការជាមួយរដ្ឋបាលខេត្តក្រចេះ បានសាងសង់សំណង់ច្រាំងទន្លេបញ្ចៀសពីការបាក់ស្រុតដីបានប្រវែង ២៣០ម៉ែត្របន្ថែមទៀត ដែលជាថវិការបស់សាលាខេត្តក្រចេះ ។

តាមការបញ្ជាក់ពីលោកប្រធានមន្ទីរធនធានទឹកនិងឧត្តុនិយមខេត្តបានឱ្យដឹងទៀតថា គិតចាប់ពីឆ្នាំ២០០៦ រហូតដល់ឆ្នាំ២០១៩នេះ ខេត្តក្រចេះសម្រេចសាងសង់សំណង់ច្រាំងទន្លេបានប្រវែង ២.៤៧៦ម៉ែត្រ និងត្រូវសាងសង់បន្តប្រវែង ២.៩០០ម៉ែត្រទៀតទើបបញ្ចប់ដែលលទ្ធភាពថវិកាខេត្តអាចធ្វើបានក្នុងមួយឆ្នាំប្រមាណពី ២០០ម៉ែត្រទៅ ២៥០ម៉ែត្រប៉ុណ្ណោះ ។

លោកបញ្ជាក់ថា តាមផែនការរបស់រដ្ឋបាលខេត្ត គឺត្រូវសាងសង់សំណង់ច្រាំងទន្លេឱ្យរួចរាល់ចាប់ពីចំណុចស្ពានអណ្តែងដូន ក្នុងសង្កាត់ក្រគរ រហូតដល់ចំណុចស្ពានពាមទេ ក្នុងសង្កាត់រកាកណ្តាល ក្រុងក្រចេះ ដែលមានប្រវែងសរុប ៥.៣៧៦ម៉ែត្រ ។

លោក ហេង រត្នម៉ូនីដា បានឱ្យដឹងផងដែរថា ទន្ទឹមនឹងការពន្លឿនការសាងសង់សំណង់ច្រាំងទន្លេនេះដែរ ឆ្នាំនេះខេត្តក្រចេះបានដំឡើងរួចរាល់ជាស្ថាពរនូវស្ថានីយបូមទឹក ហ៊ុន សែន ទី៥១ក្រុងក្រចេះ សម្រាប់បូមទឹកចេញពីក្រុង កម្លាំង ១៨០សេះ ដែលមានលទ្ធភាពបូមទឹកបាន ៩០០ម៉ែត្រគូប ក្នុងរយៈពេលមួយម៉ោង ៕

ដោយ ជួន សុជាតិ