ការិយាល័យអភិវឌ្ឍន៍ជនបទស្រុកសន្ទុកសន្យាបន្តកែលម្អហេដ្ឋារចនាសម្ពន័្ធផ្លូវថ្នល់និងទឹកស្អាតក្នុងតំបន់ដីសម្បទានសង្គមកិច្ចឃុំទីពោ

វិទ្យុជាតិកម្ពុជា ៖ ស៊ឹង សុផារី

កំពង់ធំ៖ការិយាល័យអភិវឌ្ឍន៍ជនបទស្រុកសន្ទុកសន្យាបន្តកែលម្អហេដ្ឋារចនាសម្ពន័្ធផ្លូវថ្នល់និងទឹកស្អាតឲ្យបានជាប់ជាប្រចាំនៅក្នុងតំបន់ដីសម្បទានសង្គមកិច្ចឃុំទីពោ ដើម្បីបង្កលក្ខណៈ ងាយស្រួលដល់ការរស់នៅរបស់ប្រជាពលរដ្ឋ។

លោក ស៊ុន ជួត មន្ត្រីការិយាល័យអភិវឌ្ឍន៍ជនបទស្រុកសន្ទុក បានអះអាងថា តាមរយៈ គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហានទី២នេះ ការិយាល័យអភិវឌ្ឍន៍ ជនបទស្រុកបានលើកផែនការជួសជុលផ្លូវថ្នល់គ្រួសក្រហមនេះឲ្យបានជាប់ជាប្រចាំដោយមិនត្រឹមបង្កលក្ខណៈងាយស្រួលនិងមានសុវត្ថិភាពក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅទីតាំងដីសម្បទានសង្គមប៉ុណ្ណោះទេ ថែមទាំងជាផ្លូវតភ្ជាប់ទៅឃុំផ្សេងៗទៀត ដែលបំរើជាប្រយោជន៍សម្រាប់ប្រជាពលរដ្ឋទូទៅផងដែរ ។ លោកបន្តថា ចំណែកវិស័យទឹកស្អាតវិញក៏ត្រូវតែយកចិត្ត ទុកដាក់ជាប្រចាំផងដែរ ដើម្បីលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋនៅក្នុងគម្រោងនេះ ពិសេសការកាត់បន្ថយការប្រើប្រាស់ទឹកដែលគ្មានសុវត្ថិភាពនិងពុំបានចំអិនឲ្យបានត្រឹមត្រូវ។

សំលេង ៖ «ឥឡូវនេះយើងកំពុងតែជួសជុលផ្លូវ កែលម្អផ្លូវគ្រួសក្រហមខូចខាត មកឲ្យល្អប្រសើរហើយវាមានចំនួនច្រើន។ តែចំពោះគម្រោងទាក់ទងទឹកស្អាតវិញ យើងមានការផ្គត់ផ្គង់អណ្ដូងទឹកស្អាតអោយល្អឲ្យបាត់បង់ជាតិច្រេះ ឥឡូវនេះយើងបានផ្លាស់ប្តូរទុយោដែកដាក់ជាទុយោជ័រខាងក្នុងរួចហើយ ហើយមានការចុះផ្សព្វផ្សាយអំពីទឹកស្អាតដល់ប្រជាពលរដ្ឋ» ។

លោក ឆាយ យូ ប្រធានក្រុមប្រឹក្សាឃុំទីពោ ស្រុកសន្ទុក ខេត្តកំពង់ធំបានឲ្យដឹងថា ការកែលម្អហេដ្ឋារចនាសម្ពន័្ធរូបវ័ន្តដូចជាផ្លូវ និងអណ្តូងទឹកស្អាតនេះ ពិតជាផ្តល់ផលប្រយោជន៍យ៉ាងច្រើនដល់សម្បទានិកងាយស្រួលធ្វើដំណើរពិសេសឈ្មួញចូលទៅទិញកសិផលទិញសត្វផ្សេងៗ ដែលជួយបង្កើនជីវភាព ហើយមានទឹកស្អាតប្រើប្រាស់តាមតំរូវការ ។

សូមបញ្ជាក់ថា គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហានទី២នេះ បានអភិវឌ្ឍ ក្រាលគ្រួសក្រហមចំនួន២៤ខ្សែដែលមានប្រវែង ៥៣២១ម៉ែត្រនៅក្នុងសហគមន៍សម្បទានសង្គមកិច្ចឃុំទីពោ ហើយកសាងអណ្ដូងស្នប់បានចំនួន ៤១អណ្ដូងសម្រាប់ការប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ៕