កម្ពុជាទទួលអំណោយវត្ថុបុរាណខ្មែរចំនួន៨៥មុខ/បំណែក ពីជនជាតិជប៉ុន

វិទ្យុជាតិកម្ពុជា៖ អត្ថបទ៖ វ៉ាង ភក្តី ០៥ ០៧ ២០១៩

ភ្នំពេញ៖   កម្ពុជាទទួលអំណោយវត្ថុបុរាណខ្មែរចំនួន៨៥មុខ/បំណែក ពីក្រុមគ្រួសារអតីតពាណិជ្ជករជនជាតិជប៉ុន ដែលបានប្រមូលទិញនៅក្នុងប្រទេសជប៉ុន ក្នុងអំឡុងពេលឈ្មួញនាំយកទៅលក់នៅទីនោះកាលពីជាង២០ឆ្នាំមុន។

អំណោយវត្ថុបុរាណខ្មែរ ដែលត្រូវបានធ្វើពិធីប្រគល់ និងទទួលដល់សារមន្ទីរជាតិ ព្រឹកថ្ងៃទី៥ ខែកក្កដានេះ គឺជាបដិមាព្រហ្មញ្ញសាសនា ព្រះពុទ្ធសាសនា គ្រឿងលំអ ត្រាមានលំអរូបសត្វ ធ្វើពីសំរិទ្ធ បំណែកតុបតែង ខ្សែកធ្វើពីមាស កុលាលភាជន៍ និងអកកំបោរធ្វើពីស្ពាន់ ដែលមានអាយុកាលក្នុងសម័យបុរេប្រវត្តិសាស្រ្ត សម័យមុនអង្គរ សម័យអង្គរ និងសម័យក្រោយអង្គរ។

ឯកឧត្តម ប្រាក់ សុវណ្ណារ៉ា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានប្រសាសន៍ថា ការស្ម័គ្រចិត្តប្រគល់នូវវត្ថុបុរាណមកកាន់ប្រទេសកំណើត វិញបង្ហាញឲ្យឃើញពីការលើកតម្លៃសម្បត្តិវប្បធម៌នៃមនុស្សជាតិ និងការប្រសើរឡើងនូវក្រមសីលធម៌នៃអ្នកធ្វើសមុច្ច័យវត្ថុបុរាណរបស់កម្ពុជា។  ឯកឧត្តមបន្តថា រាល់ការស្ម័គ្រចិត្តប្រគល់វត្ថុបុរាណមកកាន់ប្រទេសកំណើតវិញ គឺជាការបង្ហាញឲ្យឃើញពីការលើកតម្លៃសម្បត្តិវប្បធម៌កម្ពុជា និងធ្វើឲ្យក្រមសីលធម៌នៃអ្នកធ្វើសមុច្ច័យសម័យបុរាណមានតម្លៃបន្ថែមទៀត ខណៈរាជរដ្ឋាភិបាលតែងតែលើកទឹកចិត្ត និងអំពាវនាវដល់បុគ្គលឯកជន សារមន្ទីរ ក្រុមហ៊ុន ក៏ដូចស្ថាប័ននានាលើសកលលោក ដែលកំពុងតាំងបង្ហាញ និងរក្សាទុកវត្ថុបុរាណរបស់កម្ពុជា ស្ម័គ្រចិត្តប្រគល់វត្ថុបុរាណទាំងនោះមកកម្ពុជាវិញ។

លោកស្រីបណ្ឌិត មីកូ តាកាកុវ៉ា(Fumiko Takakuwa) ជនជាតិជប៉ុន ដែលបានស្ម័គ្រចិត្តប្រគល់ជូនមករាជរដ្ឋាភិបាលកម្ពុជាវិញ បានឲ្យដឹងថា ការប្រគល់វត្ថុបុរាណមកឲ្យកម្ពុជាវិញនេះ គឺតបតាមបណ្តាំស្វាមីរបស់លោកស្រី ដែលកាលពីនៅរស់លោកបានផ្តាំឲ្យប្រគល់ត្រឡប់មកវិញនូវរតនវត្ថុទាំងនេះមកឲ្យកម្ពុជាវិញ។ ពោលគឺ ដើម្បីឧទ្ទិសដល់វិញ្ញាណខ័ន្ធស្វាមីរបស់លោកស្រី គឺលោកបណ្ឌិតសាស្ត្រាចារ្យ ម៉ូរីហ្វមី តាកាកុវ៉ា។

បើតាមការឲ្យដឹងពីលោក គង់ វីរៈ ប្រធាននាយកដ្ឋានសារមន្ទីរជាតិ បានបញ្ជាក់ថា គិតត្រឹម ឆមាសទី១ ឆ្នាំ២០១៩នេះ មានប្រទេសចំនួន២ហើយ គឺសហរដ្ឋអាមេរិក និងជប៉ុន ដែលបានស្ម័គ្រចិត្តប្រគល់វត្ថុបុរាណ មកកាន់ប្រទេសកម្ពុជាវិញ៕