គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយអំពាវនាវឲ្យពលរដ្ឋឲ្យបង្កើនការបុ្រងប្រយ័ត្នបាតុភូតធម្មជាតិ

វិទ្យុជាតិកម្ពុជា៖អត្ថបទៈ ធីណាឌីណេ

ភ្នំពេញ៖ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អំពាវនាវឲ្យប្រជាពលរដ្ឋឲ្យបង្កើនការបុ្រងប្រយ័ត្នចំពោះបាតុភូតធម្មជាតិ ខណៈរយៈពេល៦ខែឆ្នាំ២០១៩នេះ កំណើនអ្នកស្លាប់ដោយសាររន្ទះបាញ់កើនដល់៦២នាក់។

ឯកឧត្តម កែវ វី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ មានប្រសាសន៍ថា ការប្រុងប្រយ័ត្នខ្ពស់នឹងអាចបញ្ចៀសបានពីគ្រោះថ្នាក់ដោយសាររន្ទះបាញ់។ ឯកឧត្តមថា ប្រជាពលរដ្ឋគួរតែព្យាយាមតាមដានស្ដាប់ព័ត៌មាន ពីការជូនដំណឹងរបស់ក្រសួងធនធានទឹក ដែលទាក់ទងទៅនឹងអាកាសធាតុ ដើម្បីការពារផ្គររន្ទះ រឺខ្យល់ព្យុះ។

ថ្លែងប្រាប់វិទ្យុជាតិកម្ពុជា ឯកឧត្តម កែវ វី បានបញ្ជាក់ថា អាជ្ញាធរ និងសមត្ថិកិច្ច គ្រប់លំដាប់ថ្នាក់ បានយកចិត្តទុកដាក់ និងត្រៀមបង្កាអំពីបញ្ហានេះ ជាពិសេសខេត្តដែលឧស្សាហ៍កើតមានបាតុភូតរន្ទះ និងមុខសញ្ញារងគ្រោះដោយសារខ្យល់ព្យុះ ខ្យល់កន្ទ្រាក់ ទឹកជំនន់ និងភាពរាំងស្ងួត តាមរយៈត្រៀមកម្លាំង និងមធ្យោបាយ សម្រាប់ជួយប្រជាពលរដ្ឋ ក្នុងពេលមានហេតុកាណ៍គ្រោះមហន្តរាយកើតឡើង។

 

បើតាមការបញ្ជាក់របស់ឯកឧត្តម កែវ វី បានឲ្យដឹងថា រយៈពេល៦ខែ ឆ្នាំ២០១៩នេះ បាតុភូតរន្ទះបាញ់ បានសម្លាប់ប្រជាពលរដ្ឋកម្ពុជាចំនួន៦២នាក់ ក្នុងនោះស្រី១៧នាក់ កុមារ១៤នាក់ និងសម្លាប់សត្វគោក្របីចំនួន៨០ក្បាល។ ជាមួយគ្នានេះ ក៏បានបង្កររបួសដល់មនុស្សចំនួន៦០នាក់  និងខូចខាចផ្ទះប្រជាពលរដ្ឋ៩ខ្នង។

ឯកឧត្តម បន្តថា រយៈពេល៦ខែនេះ ក៏មានករណីខ្យល់ព្យុះ និងខ្យល់កន្ទ្រាក់កើតឡើងមានចំនួន២៣៣លើក ដោយបានធ្វើឲ្យខូចខាតផ្ទះប្រជាពលរដ្ឋធ្ងន់ធ្ងរចំនួន១.១៩៣ខ្នង និង ខូចខាតមធ្យមចំនួន៩.៨១៩ខ្នង ព្រមទាំងធ្វើឲ្យរបើកដំបូលសាលារៀនចំនួន៦២អគារ និងអគារផ្សេងៗទៀតមានដូចជា៖ អគាររដ្ឋបាល មណ្ឌលសុខភាព រោងម៉ាស៊ីនគិនស្រូវ  ឃ្លាំងស្តុកកសិកផល សាលាឆាន់និងសាលាឆទាន សរុបចំនួន៣៥អគារ។

ខេត្តបានជួបនឹងខ្យល់ព្យុះ និងខ្យល់កន្ទ្រាក់មានច្រើនជាងគេមាន៖ ខេត្តបាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ ព្រះវិហារ ស្វាយរៀង និងខេត្តព្រៃវែង៕