ប្រមុខរាជរដ្ឋាភិបាលកម្ពុជា អនុញ្ញាតឱ្យតំណាងក្រុមហ៊ុនវិនិយោគអន្តរជាតិចំនួន៦ ចូលជួបឈ្វេងយល់ពីការវិនិយោគនៅកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៩ —

ក្នុង​ខ​ណៈ​ដែល​​ដឹកនាំគណៈ​ប្រតិភូទៅចូលរួម​កិ​ច្ច​​ប្រជុំ «ត្រួត​ពិ​និ​ត្យ​ឡើង​វិញជា​ស​កល​លើជំ​នួ​​យសម្រា​ប់​ពា​​ណិជ្ជកម្ម ឆ្នាំ២០១៩»នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស នាព្រឹកថ្ងៃទី៤ ខែ​កក្ក​ដា ឆ្នាំ២០១៩ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃព្រះរា​ជា​ណា​ចក្រ​កម្ពុជា បានអនុញ្ញាតឱ្យតំណាងក្រុមហ៊ុនវិនិយោគអន្តរជាតិចំនួន៦ ចូលជួបឈ្វេងយល់ពី​កា​រវិនិយោគនៅកម្ពុជា។

ឯកឧត្ដម កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានឱ្យដឹងក្រោយជំនួបនោះថា នៅក្នុងជំនួបនេះ ក្រុមហ៊ុនវិនិយោគអន្តរជាតិទាំង៦ បានថ្លែងអរគុណចំពោះ​សម្ដេចតេជោ​នា​យ​ក​រដ្ឋ​ម​ន្ត្រី ដែលបានអនុញ្ញាតឲ្យក្រុមហ៊ុនរបស់លោកទាំងអស់បាន​ចូលជួបសំដែងកា​រគួ​រស​ម​ ​និងពិភាក្សាការងារ។ តំណាងក្រុមហ៊ុនអន្តរជាតិក៏បានលើកឡើងពីការរីក​ចម្រើននៅក្នុង​ប្រ​ទេ​សកម្ពុជាពិសេសកំណើនសេដ្ឋកិច្ច ក្រោមការដឹកនាំរបស់សម្ដេចតេជោ ជានាយករដ្ឋមន្ត្រី ដែលធ្វើឱ្យក្រុមហ៊ុនរបស់លោក មានការចាប់អារម្មណ៍ចង់មកធ្វើការវិនិយោគទៅលើវិស័យ​សុ​ខា​ភិ​​​បាល ជាពិសេសមានបំណងចង់កសាងមន្ទីរពេទ្យថ្មី និងមជ្ឈមណ្ឌលថែទាំសុខភាព​នៅក្នុ​ង​​ប្រទេសកម្ពុជា។ ជាពិសេសទៅទៀតពួកគាត់ក៏មានការចាប់អារម្មណ៍ទៅលើវិស័យថាមពល វិស័យបច្ចេកវិទ្យាផងដែរ។ តំណាងក្រុមហ៊ុនបានគូសបញ្ជាក់ថា ​ក្រុមហ៊ុន​បានរៀបចំគម្រោង​រួច​ហើ​យ ទាក់​ទងនឹងវិស័យសុខាភិបាលដែលក្រុមហ៊ុនបានរៀបចំនូវ​គម្រោងវិ​និយោគ​លើ​ទឹក​​ប្រាក់ប្រមាណជា ៤០លានដុល្លារអាម៉េរិក។ លើសពីនេះទៅទៀតក្រុមហ៊ុនក៏​មានបំ​ណ​ង​​ចង់ចូលរួមក្នុងការបណ្ដុះបណ្ដាល ​និងកសាងសមត្ថភាពលើវិស័យសុខាភិបាល​នេះ​​ផងដែរ​។

ជាការឆ្លើយតប សម្ដេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍គាំទ្ររាល់ការវិនិ​យោ​​គក្នុ​ងប្រទេសកម្ពុជា ជាពិសេសការកសាងនូវហេដ្ឋារចនាសម្ព័ន្ធថ្មី ដូចជាមន្ទីរពេទ្យជា​ដើ​ម​ និ​ង​​​ការបណ្ដុះបណ្ដាលធនធានមនុស្ស និងរួមទាំងវិស័យថាមពលផងដែរ។ សម្ដេចតេជោនា​យ​ក​​មន្ត្រី ក៏បានអរគុណចំពោះក្រុមហ៊ុនដែលបានចាប់អារម្មណ៍ចង់​ទៅបណ្ដាក់ទុននៅក្នុង​ប្រទេ​ស​កម្ពុជាលើវិស័យផ្សេងៗ ជាពិសេសលើវិស័យសុខាភិបាល ដែលកន្លងទៅនេះ ប្រជាជន​កម្ពុ​ជា​តែងតែចេញទៅព្យាបាលនៅឯក្រៅប្រទេសដូចជា ប្រទេសវៀតណាម ប្រទេសថៃ និង​ប្រ​ទេ​​ស​សិង្ហបុរីជាដើម។ សម្តេចតេជោបានបញ្ជាក់បន្ថែមថា ប្រសិនបើមានអ្នកវិនិយោគទៅដាក់​ទុន​លើវិស័យសុខាភិបាលនៅឯប្រទេសកម្ពុជានោះ វាជារឿងល្អដោយសារអាចផ្ដល់សេវា​ផ្នែ​កសុ​ខាភិបាលនេះ ដល់ប្រជាពលរដ្ឋខ្មែរ និងអាចមានជំនឿទុកចិត្តពីប្រជាពលរដ្ឋខ្មែរផងដែរ។ សម្តេចតេជោក៏បានគូសបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះដោយសារតែកម្ពុជាមានកំណើនភ្ញៀវទេសចរច្រើន ដូច្នេះវិស័យសុខាភិបាលដែលបង្កើតនៅប្រទេសកម្ពុជានោះ មិនត្រឹមតែសម្រាប់ព្យា​បាល​​ដល់ប្រជាពលរដ្ឋកម្ពុជាប៉ុណ្ណោះទេ ក៏ប៉ុន្តែ ក៏អាចបំរើសេវាកម្មផ្នែកសុខាភិបាលទៅ​ដ​ល់​​ភ្ញៀ​​វទេសចរដែលមកទស្សនាប្រទេសកម្ពុជាថែមទៀត។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បា​ន​មា​ន​​ប្រសាសន៍ ស្នើឲ្យក្រុមហ៊ុនអ្នកវិនិយោគទាំងអស់ទៅសិក្សា ក៏ដូចជាទៅទស្សនកិច្ច​នៅក្នុង​ប្រ​ទេ​សកម្ពុជា ដើម្បីធ្វើការពិភាក្សាការងារជាក់ស្ដែង ដើម្បីអាចធ្វើការវិនិយោគក្នុងប្រទេស​កម្ពុជា​លើវិស័យណាដែលមានបំណងចង់វិនិយោគនោះ។ ជាពិសេសលើផ្នែកបណ្ដុះបណ្ដា​ល​​​ធន​​ធានមនុស្ស សម្ដេចបានមានប្រសាសន៍ថា ប្រសិនបើអាចចាប់ជាដៃគូជាមួយសាលារៀន ដែលមានស្រាប់នៅប្រទេសកម្ពុជាទាំងសាលារដ្ឋ និងសាលាឯកជនគឺកាន់តែប្រសើរ៕

ដោយ ជឹម ណារី