រដ្ឋមន្រ្តីក្រសួងដែនដីតម្រូវឲ្យគ្រប់ក្រុមហ៊ុនសំណង់អនុវត្តតាមច្បាប់របស់កម្ពុជា

វិទ្យុជាតិកម្ពុជា៖ ដោយលោក អត្ថបទៈ វ៉ែន សុវុទ្ឋី

ភ្នំពេញ៖រដ្ឋមន្រ្តីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ជំរុញឲ្យគ្រប់ក្រុមហ៊ុនសំណង់ទំាងអស់នៅទូទាំងប្រទេសអនុវត្តតាម ច្បាប់ដែលក្រសួងបានកំណត់ ដើម្បីធានាឲ្យរាល់សំណង់ទំាង អស់នៅទូទំាងប្រទេសអនុវត្តឲ្យបានខ្ចាប់ខ្ចួនតាមនិយាមសុវត្ថិភាព។

ថ្លែងក្នុងកិច្ចប្រជុំស្តីពីការងារសិក្សាគម្រោងប្លង់ និងសាងសង់នៅព្រឹកថ្ងៃទី៤ខែកក្កដានេះនៅសណ្ឋាគាសុខាភ្នំពេញ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់បានណែនាំឲ្យគ្រប់ក្រុមហ៊ុនប្រកបអាជីវកម្មសាងសង់ និងជាងសំណង់ទាំងអស់ត្រូវមានអញ្ញាប័ណ្ណប្រកបអាជីកម្មសាងសង់ដែលអនុញ្ញាតដោយក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ឬមន្ទីររៀបចំដែនដីនគរូបនីយកម្មនិងសំណង់រាជធានី ខេត្តឲ្យបានត្រឹមត្រូវ។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបានបន្ថែមថា រាល់ការសាងសង់សំណង់គ្រប់ប្រភេទ ត្រូវតែរត់ច្បាប់សាងសង់ជាមុនសិនទៅតាមបទដ្ឋានដែលក្រសួងបានកំណត់ ដើម្បីតំរូវឲ្យការងារសាងសង់ត្រូវតាមច្បាប់ធានាបានសុវត្ថិភាពនិងគុណភាពសំណង់ ។
ការជំរុញឲ្យក្រុមហ៊ុនសំណង់ទំាងអស់គោរពទៅតាមច្បាប់នៃការសាងសង់សំណង់នៅកម្ពុជានេះបានធ្វើឡើងបន្ទាប់កាលពីពេលថ្មីៗនេះមានសំណង់មួយកន្លែងនៅខេត្តព្រះសីហនុបានបាក់រលំ បណ្តាលឲ្យមនុស្សស្លាប់និងរបួសជាច្រើននាក់ ដោយសារតែសំណង់ ទំាងនោះសាងសង់ឡើងដោយគ្មានច្បាប់និងខុសបទដ្ឋានបច្ចេកទេស។
សំឡេង៖«ក្រុមហ៊ុនប្រកបអាជីវកម្មសិក្សាគម្រោងប្លង់និងរូបវ័ន្តបុគ្គលគម្រោងប្លង់ត្រូវគោរពកាតព្វកិច្ចជាចំបងដូចខាងក្រោមមានអាជ្ញាប័ណ្ណប្រកបអាជីវកម្មសិក្សាគម្រោងប្លង់ដែលអនុញ្ញាតដោយក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ត្រូវមានការយល់ដឹងពីច្បាប់បទដ្ឋានគតិយុត្តិពាក់ព័ន្ឋនិងនគរូបនីយកម្មស្ថាបត្យកម្មនិងសំណង់និងបទដ្ឋានគតិយុត្តិនានានិងលក្ខខណ្ឌផ្សេងទៀតដែលបានកំណត់ដោយអាជ្ញាធរមានសម្ថតិកិច្ចដើម្បីធានាសុវត្ថិភាពសណ្តាបធ្នាប់ សាធារណៈ»។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា ដើម្បីគ្រប់គ្រងសំណង់នៅទូទំាងប្រទេសឲ្យ គោរពទៅតាមបទដ្ឋានបច្ចេកទេសនិងច្បាប់របស់កម្ពុជា ក្រសួងបានបញ្ជូនមន្រ្តីបច្ចេកទេសទៅពិនិត្យមើលនៅរាល់ដ្ឋានសំណង់នានាដែលកំពុងសាងសង់នាពេលបច្ចុប្បន្ននេះ។ បន្ថែមពីនេះទៀត បើមន្រ្តីរកឃើញសំណង់ទាំងឡាយណាដែលមិនអនុវត្តតាមច្បាប់ នឹងត្រូវមានវិធានការជាបន្ទាន់តាមរយៈការបញ្ឈប់ការសាងសង់ ការឃាត់ខ្លួនម្ចាស់សំណង់ឬផាកពិន័យតាមច្បាប់ដែល បានកំណត់។
សូមបញ្ជាក់ថា ចាប់ពីឆ្នាំ២០០០ដល់ឆ្នាំ២០១៩គិតត្រឹមខែឧសភានេះកម្ពុជាទទួលបានគម្រោងសាងសង់ប្រមាណជាង៤ម៉ឺន៥ពាន់គម្រោង ដែលមានទឹកប្រាក់សរុបជាង៤៤៥៧៦លានដុល្លារអាមេរិច ៕