ប្រទេសឥណ្ឌូនេស៊ីនឹងបញ្ជូនសំរាមរាប់សិបកុងតឺន័រឱ្យទៅប្រទេសដើមវិញ

វិទ្យុជាតិកម្ពុជា៖ដោយលោក ភួង ឈុនលាង

ប្រទេសឥណ្ឌូណេស៊ីនឹងប្រគល់កាកសំណល់ចំនួន៤៩កុងតឺន័រ ទៅបណ្តាប្រទេសដែលជាម្ចាស់សំរាមទាំងនោះវិញ មានដូច ជាអ៊ឺរ៉ុប សហរដ្ឋអាម៉េរិក អូស្ត្រាលី បារាំង អាល្លឺម៉ង់ និងហុងកុងជាដើម។នេះបើយោងតាមការ ចេញផ្សាយរបស់សារព័ត៌មាន Channel News Asia។
លោក Sumarna អ្នកនាំពាក្យការិយាល័យគយបានឲ្យដឹងថាកុងតឺន័រចំនួន ៤៩ គឺផ្ទុកជាមួយសំរាម កាកសំណល់ប្លាស្ទិក និងវត្ថុធាតុដើមដែលមានគ្រោះថ្នាក់។ ពេល នេះក្រុមការងារកំពុងសម្របសម្រួលជាមួយអ្នកនាំចូលដើម្បីធ្វើការប្រគល់សំរាមត្រឡប់ទៅវិញជាបន្ទាន់។
រដ្ឋាភិបាលក្រុងហ្សាការតាបានប្រគល់កាកសំណល់ចំនួន ៥ កុងតឺន័រទៅឱ្យសហរដ្ឋអាមេរិកវិញម្តងរួចមកហើយ ស្របពេលដែលប្រទេសម៉ាឡេស៊ី បាន បញ្ជូនកាកសំណល់ប្លាស្ទិករាប់រយតោនត្រឡប់ទៅប្រទេសម្ចាស់សំរាមវិញកាលពីខែឧសភាកន្លងទៅ។ ជាហេតុធ្វើឲ្យបណ្តាប្រទេសអភិវឌ្ឍន៍ ខិតខំស្វែងរកទីតាំងផ្សេងដើម្បីបញ្ជូនកាកសំណល់របស់ពួកគេ ដោយសារតែប្រទេសចិនបានហាមឃាត់លែងឲ្យមានការនាំចូលកាកសំណល់ប្លាស្ទិកពីបរទេសដើម្បី កែច្នៃឡើងវិញកាលពីឆ្នាំ២០១៨។
របាយការណ៍អង្គការមូលនិធិធម្មជាតិពិភពលោក(Worldwide Fund for Nature)បានបញ្ជាក់ថាចំនួនប្លាស្ទិកប្រហែល ៣០០ លានតោនត្រូវបានផលិតជារៀងរាល់ឆ្នាំ ដែលភាគច្រើននៃកាកសំណល់ ប្លាស្ទិកបានបញ្ចប់នៅត្រឹមកន្លែងចាក់សំរាម ឬ បំពុលក្នុងទឹកសមុទ្រដែលនេះជាវិបត្តិពិភពលោក។
ភព៖ Channel News Asia