ក្រសួងវប្បធម៌ត្រៀមទទួលរតនវត្ថុរបស់ជាតិចំនួន៨៥មុខពីសប្បុរសជនជនជាតិជប៉ុន នៅថ្ងៃស្អែកនេះ

វិទ្យុជាតិិកម្ពុជា៖ ដោយលោក អាត ចន្ធូ

ភ្នំពេញ៖ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈត្រៀមទទួលរតនវត្ថុរបស់ជាតិចំនួន៨៥មុខពីសប្បុរសជនជនជាតិជប៉ុន នៅថ្ងៃទី៥ខែកក្កដានេះ នៅសារៈមន្ទីរជាតិរាជធានីភ្នំពេញ។

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានអៈអាងថា វត្ថុបុរាណទាំង៨៥មុខនេះរួមមានដូចជា បដិមាព្រហ្មញ្ញសាសនា ព្រះពុទ្ធសាសនា គ្រឿងលំអ ត្រាមានលំអរូបសត្វធ្វើពីសំរិទ្ធ បំណែកតុបតែង ខ្សែកធ្វើអំពីមាស កុលាលភាជន៍ និងអកកំបោរធ្វើពីស្ពាន់ ដែលមានអាយុកាល ក្នុងសម័យបុរេប្រវត្តិសាស្រ្ដសម័យមុនអង្គរ សម័យអង្គរ និងសម័យក្រោយអង្គរ។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានឲ្យដឹងថា លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្ដីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានចាត់ទុកការប្រគល់ត្រឡប់មកវិញនូវរតនវត្ថុរបស់ជាតិនាពេលនេះគឺជាការវិលត្រលប់មកវិញនូវព្រលឹងបុព្វបុរសខ្មែរ ដែលជាមង្គលដ៏ឧត្តមរបស់ជាតិ។

សេចក្ដីជូនដំណឹងបញ្ជាក់ថា រតនវត្ថុរបស់កម្ពុជាទំាង៨៥មុខនេះគឺជារបស់ លោកស្រីបណ្ឌិត ហ្វូមីកូ តាកាកុវ៉ា ជនជាតិជប៉ុន ដែលបានស្ម័គ្រចិត្តប្រគល់ជូនមកកម្ពុជាវិញដើម្បីឧទ្ទិសដល់វិញ្ញាណខ័ន្ធស្វាមីរបស់លោកស្រី។

លោកជំទាវរដ្ឋមន្ដ្រីបានបញ្ជាក់ថា ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា សូមសម្ដែងការកោតសសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកស្រីបណ្ឌិត ដែលមានសមាណចិត្តសប្បុរសប្រគល់វត្ថុបុរាណទាំងនេះ ជូនមករាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា និងថ្លែងអំណរគុណចំពោះលោក ម៉ាសាម៉ូតូ ហ្វូស៊ីណូ និងភរិយា ដែលបាសម្របសម្រួល និងដឹកនាំវត្ថុបុរាណនេះមកកម្ពុជា។

លោកជំទាវរដ្ឋមន្ដ្រីបានបន្ដថា ការស្ម័គ្រចិត្តប្រគល់វត្ថុបុរាណមកកាន់ប្រទេសកំណើតវិញ បង្ហាញឲ្យឃើញពីការលើកតម្លៃសម្បត្តិវប្បធម៌នៃមនុស្សជាតិ និងការធ្វើឲ្យប្រសើរឡើងនូវក្រមសីលធម៌នៃអ្នកធ្វើសមុច្ច័យបុរាណ។ លោកជំទាវរដ្ឋមន្ដ្រី លើកទឹកចិត្តដល់បុគ្គលឯកជន សារមន្ទីរ ក្រុមហ៊ុន ក៏ដូចជាស្ថាប័ននានា លើសាកលលោក ដែលកំពុងតាំងបង្ហាញ និងរក្សាទុកវត្ថុបុរាណរបស់កម្ពុជា សូមសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏ដូចជាតាមរយៈស្ថានទូតកម្ពុជា នៅតាមប្រទេសនីមួយៗ ក្នុងការស្ម័គ្រចិត្តប្រគល់វត្ថុបុរាណទាំងនោះមកកម្ពុជាវិញ។

លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្ដីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចាត់ទុកថាទង្វើដ៏ថ្លៃថ្លានេះមិនត្រឹមបង្ហាញពីការចូលរួមលើកតម្លៃដល់វប្បធម៌នៃជាតិសាសន៍នីមួយៗប៉ុណ្ណោះទេ តែបានចូលរួមចំណែកដ៏ឧត្តុង្គឧត្តមក្នុងការផ្សះផ្សា និងព្យាបាលរបួសផ្លូវចិត្តរបស់ប្រជាជនកម្ពុជា ដែលបានឆ្លងកាត់សង្គ្រាមស៊ីវិលរុំារៃ និងរងគ្រោះពីសោកនាដកម្ម និងទារុណកម្មនៃអំពើប្រល័យពូជសាសន៍ ប៉ុល ពត៕