អាជ្ញាធរខេត្តស្ទឹងត្រែងបំផុសឲ្យប្រជាពលរដ្ឋឈប់លួចកាប់ព្រៃរានយកដីហើយនាំគ្នា ដាំដើម ឈើឡើងវិញ

វិទ្យុជាតិកម្ពុជា ៖ដោយ លោក អ៊ាន គឹមហឿន ខេត្តស្ទឹងត្រែង
ភ្នំពេញ៖ អាជ្ញាធរខេត្តស្ទឹងត្រែងបានប្រកាស ឲ្យប្រជាពលរដ្ឋដែលកាប់ព្រៃរានយកដីខុសច្បាប់ត្រូវចាកចេញ ពីតំបន់របស់ខ្លួន ព្រោះអាជ្ញាធរនិងដកហូតយកមកវិញ ហើយមន្ត្រីជំនាញនិងដាំកូនឈើប្រណិត ដើម្បី ធ្វើឲ្យមូលដ្ឋាន មានសោភណ្ឌភាព និងបរិស្ថានល្អ ប្រយោជន៍ទុកឱ្យកូនចៅជំនាន់ ក្រោយ។
ក្នុងឱកាសបុណ្យរុក្ខាទិវា៩កក្កដានៅភូមិសាស្ត្រ ភូមិ ឃុំភ្លុក ស្រុកសេសាននៅខេត្តស្ទឹងត្រែងថ្ងៃទី០៤កក្កដានេះ ឯកឧត្កម ម៉ុម សារឿន អភិបាលខេត្ត មានប្រសាសន៍ថាៈអាជ្ញាធរនិងដកហូតដីដែលប្រជាពលរដ្ឋកាប់ឈើរានយកដីខុសច្បាប់មកទុកជាដីរដ្ឋវិញ ហើយនាំគ្នាមកដាំឈើប្រណិតដើម្បីឱ្យមានភាពបៃតងឡើងវិញ។ ឯកឧត្កមបន្តថា៖ ដើម្បីចូលរួមទាំងអស់គ្នាបងប្អូនប្រជាពលរដ្ឋដែលបានមកចាប់ដីនៅភូមិសាស្ត្រទីតាំងស្ថិតនៅភូមិភ្លុក ឃុំភ្លុក ស្រុកសេសានតាមបណ្តោយផ្លូវចូលទៅទំនប់វ៉ារីអគ្កិសនីសេសានក្រោមពីរនេះត្រូវនាំគ្នាចាកចេញ។
សម្លេង៖សូមឱ្យចាកចេញអ្នកពាក់ព័ន្ធនៅទីនេះសូមឱ្យគាត់ចាកចេញហើយសូមឱ្យយោគយល់ដល់អាជ្ញាធរ មន្ត្រីរដ្ឋបាលព្រៃឈើ ដែលត្រូវដាំបន្តទៀតនៅទីនេះអញ្ចឹងការដាំនេះដើម្បីប្រយោជន៍ជាតិទាំងមូលមិនមែនជាប្រយោជន៍អ្នកណាមួយទេ សូម្បីតែរដ្ឋបាលព្រៃឈើមកដាំ ការពារដីនេះទុកមិនមែនប្រយោជន៍ខ្លួនឯងទេគឺប្រយោជន៍ជាតិអញ្ចឹងប្រជាពលរដ្ឋទាំងអស់ត្រូវចាកចេញ។
លោកអនចាន់សុជាតិនាយខណ្ឌរដ្ឋបាលព្រៃឈើស្ទឹងត្រែងបានបញ្ជាក់ថា៖បានគាំទ្រចំពោះយន្តការនេះហើយផ្នែកជំនាញរដ្ឋបាលព្រៃឈើនិងប្រឹងប្រែងការជំរុញឲ្យមានចលនាដាំដើមកូនប្រណិតបន្ថែម ដើម្បីថែរក្សាកុំឲ្យផុតពូជ ដូចជាឈើ បេង -នាងនួន- ធ្នុង -និងក្រញូងជាដើម។
សម្លេង៖យើងដាំដើមឈើនៅកន្លែងនេះ យើងចងឲ្យអាជ្ញាធរនៅមូលដ្ឋានក៏ដូចជាប្រជាពលរដ្ឋនៅក្បែរឬនៅជិត ជួយធ្វើយ៉ាងណាទប់ស្កាតកុំឲ្យមានរានកាប់បន្តទៀត ហើយធ្វើយ៉ាងណាថែទាំកូនឈើដែលយើងដាំរួចចំនួន៨ពាន់កូនឈើឲ្យរស់រានទៅមុខដើម្បីជាកម្របព្រៃឈើ ។
លោកស្រី អ៊នជីវណ្ណ ប្រជាពលរដ្ឋនៅឃុំភ្លុកស្រុកសេសាន បានបញ្ជាក់ថា៖ប្រភេទឈើប្រណិត មានជនខិលខូចធ្វើការកាប់បំផ្លាញ ជាយូរឆ្នាំមកហើយ ចំណែកប្រមុខរាជរដ្ឋាភិបាលក៏បានដាក់ចេញនូវវិធានការជាច្រើន ចាប់តាំងពីឆ្នាំ១៩៩៩មក ដូចជាបទបញ្ជាលេខ ០១- ០២- ដើម្បីលុបបំបាត់ភាពអនាធិបតេយ្យក្នុងវិស័យព្រៃឈើតែការអនុវត្តមិនទាន់មានប្រសិទ្ធភាពនៅឡើយ ។
សំម្លេង៖ អញ្ចឹង សំណូមពរឲ្យបងប្អូនយុវជនជួយថែរក្សាឲ្យវាលូតលាស់ល្អ ការពារកុំឲ្យគេយកដី កុំឲ្យគេបំផ្លាញដើមឈើទៀត។
សូមបញ្ជាក់ថា៖បុណ្យរុក្ខទិវាឆ្នាំ២០១៩នេះខេត្តស្ទឹត្រែងបានដាំកូនឈើប្រណិតចំនួន៨០០០ដើមនៅលើផ្ទៃដីរិចរិលចំនួន៣ហិកតា ដែលខេត្តដកហូតមកវិញពីជនខិលខូចនិងបានចែកចាយជូនទៅដល់ស្ថាបន័ អង្គភាព សហគមន៍ វត្តអារាម សាលារៀននិងប្រជាពលរដ្ឋដើម្បីជំរុ ញការដាំដុះឈើទាំងនេះឲ្យបានច្រើនទ្វេឡើង៕